ពាក់ព័ន្ធនឹងឈ្មោះ វត្តភ្នំ និង ភ្នំពេញ វិញគឺមានរឿងព្រេងមួយតំណាលថា ជាយូរមកហើយ (គ.ស.១៣៧២) មានដូនចាស់ម្នាក់ឈ្មោះ «ពេញ» ជាអ្នកមានទ្រព្យស្តុកស្តម្ភ និងមានចិត្តជ្រះថ្លានឹងពុទ្ធសាសនាយ៉ាងមុតមាំ មានស្រុកកំណើតនៅស្រុកកោះឫស្សីកែវ (ភ្នំពេញសព្វថ្ងៃ) ដែលផ្ទះរបស់គាត់សង់នៅលើដីទួលខាងកើតភ្នំតូចមួយនៅក្បែរច្រាំងទន្លេច្រាបឈាម (ទន្លេបួនមុខ-ចតុមុខសព្វថ្ងៃ)ត្រើយខាងលិច។
នាសម័យថ្ងៃមួយក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវ (ឡាវ) យ៉ាងធំបណ្តាលឲ្យបាក់ច្រាំងទន្លេរលំដើមគគីរជាច្រើន ហើយអណ្តែតតាមទន្លេមេគង្គរហូតដល់ទន្លេច្រាបឈាម។ ក្នុងចំណោមនោះមានដើមគគីរធំមួយអណ្តែតមកទើរនៅត្រង់មាត់កំពង់របស់ដូនពេញ។គាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូកទៅចងដើមគគីរនោះហើយអូសរំកិលបន្តិចម្តងៗទាល់តែមកដល់មាត់ច្រាំង។[/vc_column_text][/vc_column_inner][vc_column_inner width=”1/3″][vc_single_image image=”226″ img_size=”medium”][/vc_column_inner][/vc_row_inner][vc_column_text]
កាលបើអ្នកទាំងនោះរើមើលនៅក្នុងប្រហោងគល់គគីរ ស្រាប់តែឃើញមានព្រះពុទ្ធរូប ៤អង្គ តូចៗធ្វើអំពីសំរឹទ្ធ និងទេវរូបមួយអង្គទៀតធ្វើអំពីថ្មមានលក្ខណៈជាព្រាហ្មណ៍។ ទេវរូបនោះ ទ្រង់ឈរព្រះហស្ថម្ខាងទ្រង់ដំបង ព្រះហស្ថម្ខាងទៀតទ្រង់ស័ង្ខ (ខ្យងសមុទ្រ១បែប) ព្រះកេសាបួង។ ដូនពេញ និងអ្នកជិតខាងមានសេចក្តីត្រេកអរណាស់ ក៏បាននាំគ្នាដង្ហែព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការសង់ខ្ទមមួយតូចតម្កល់ជាបណ្ដោះអាសន្ន។
ថ្ងៃក្រោយមកដូនពេញអំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនភ្នំ ដែលនៅខាងលិចផ្ទះរបស់គាត់ឲ្យទៅជាភ្នំមែនទែន។ បន្ទាប់មក គាត់ឲ្យគេអារឈើគគីរនោះ ធ្វើជាសសរវិហារដែលគាត់បំរុងសង់លើភ្នំនោះ។ ក្នុងព.ស.១៩១៦, គ.ស.១៣៧២ ដូនពេញ និងអ្នកស្រុកជាច្រើននាក់ ស្រុះស្រួលបបួលគ្នាសាងសង់ព្រះវិហារមួយខ្នងប្រក់ស្បូវភ្លាំងនៅលើកំពូលភ្នំសិប្បនិមិត្ត ហើយគាត់នាំគ្នាដង្ហែព្រះពុទ្ធរូប សំរឹទ្ធទាំង៤អង្គទៅតម្កល់ទុកក្នុងវិហារនោះ។ រួចហើយ យាយពេញបាននិមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនេះ នៅទិសខាងលិចទើបមានឈ្មោះថា «វត្តភ្នំដូនពេញ» ដែលក្រោយមកហៅថា «វត្តភ្នំ»។[/vc_column_text][vc_row_inner content_placement=”middle”][vc_column_inner width=”1/2″][vc_single_image image=”656″ img_size=”full” alignment=”right”][/vc_column_inner][vc_column_inner width=”1/2″][vc_single_image image=”655″ img_size=”full”][/vc_column_inner][/vc_row_inner][vc_row_inner][vc_column_inner][vc_column_text]ចំណែកបដិមាថ្មវិញ ដូនពេញ ក៏បានឲ្យគេសង់ខ្ទមមួយនៅទិសឦសាននៃព្រះវិហារ រួចយកទៅតម្កល់ទុកនៅទីនោះ ហើយបានសន្មតថា «អ្នកតាព្រះចៅ» ដែលតរៀងរហូតមកដល់សព្វថ្ងៃនេះ គេហៅថា លោកតាព្រះចៅ។
ការសាងសង់ និងរៀបចំទុកដាក់បដិមាបានរួចរាល់ពិធីបុណ្យក៏ត្រូវបានប្រារព្ធឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈយ៉ាងអធិកអធម។ ហើយភ្នំដែលអ្នកស្រុកពួន និងសង់ព្រះវិហារពីលើនោះ ក៏មានឈ្មោះថា «ភ្នំដូនពេញ» រួចក្រោយមកហៅត្រឹម «ភ្នំពេញ» ដូចសព្វថ្ងៃនេះ។[/vc_column_text][vc_column_text]ដោយមានទឹកជំនន់លិចលង់រាជធានីទួលបាសានជារៀងរាល់ឆ្នាំនៅរដូវវស្សា គឺនៅឆ្នាំ១៤៣៤ ព្រះបាទពញាយ៉ាត (ព្រះបាទស្រីសុរិយោព័រ) បានប្តូរទីតាំងរាជធានីមកនៅតំបន់ភ្នំដូនពេញនេះ រួចបានកសាងព្រះរាជវាំងដំបូងនៅត្រង់ទន្លេចតុមុខ គឺព្រះបរមរាជវាំង បច្ចុប្បន្ន។ ក្រោយពីព្រះអង្គបានដឹងឮអំពីចិត្តជ្រះថ្លារបស់ដូនពេញ ទ្រង់ក៏បានបញ្ជាឲ្យចៅហ្វាយខេត្តសំរោងទង (សព្វថ្ងៃជាស្រុកសំរោងទងក្នុងខេត្តកំពង់ស្ពឺ) ឲ្យកេណ្ឌប្រជានុរាស្ត្រ មកចាក់ដីបំពួនលើដីទួលព្រះវិហារចាស់ឲ្យកាន់តែខ្ពស់ជាងមុនស័ក្តិសមជាកូនភ្នំតូចច្រឡឹង ទើបព្រះអង្គ កសាងព្រះវិហារសាជាថ្មីដោយដាក់ឈ្មោះថាព្រះវិហារភ្នំដូនពេញដដែល។ លើសពីនេះ ព្រះអង្គឲ្យគេទៅយកតោថ្មពីក្រុងអង្គរមកតាំងលម្អនៅខាងមុខព្រះវិហារថ្មីនេះទៀតផង ពិសេសព្រះអង្គបានកសាងចេតិយដ៏ធំនៅខាងក្រោយព្រះវិហារ ដែលគេហៅថា ចេតិយព្រះបាទពញាយ៉ាតដល់សព្វថ្ងៃ។ លើសពីនេះទៀត ព្រះអង្គបានដាក់ឈ្មោះ ស្រុកកោះឫស្សីកែវ ទៅជាស្រុកដូនពេញវិញ ដើម្បីរំលឹកដល់ដូន ចាស់។ ជំនាន់បារាំងគឺជាស្រុកភ្នំពេញ ក្នុងខេត្តកណ្តាល។
ប៉ុន្តែនៅឆ្នាំ១៤៩៧ រាជធានីនេះ ត្រូវបានប្តូរទៅទីក្រុងអង្គរវិញ។ រាជធានីខ្មែរ ត្រូវប្តូរទីតាំងច្រើនលើក និងច្រើនកន្លែងបត់បែនតាមប្រវត្តិសាស្ត្ររហូតមកដល់រជ្ជកាល នៃព្រះបាទនរោត្តម ក្នុងឆ្នាំ១៨៦៥ រាជធានី បានប្តូរមកចតុមុខវិញ ហើយព្រះរាជវាំងថ្មី ត្រូវបានសាងសង់ឡើងនៅលើដីចាស់រួចភូមិអ្នកនេសាទភ្នំពេញនេះ ក៏បានក្លាយទៅជា «រាជធានីភ្នំពេញ» ជាប់ដរាបមក។ ចំពោះចេតិយ និងព្រះវិហារនៅវត្តភ្នំ បានកសាងជាច្រើនដង គឺនៅឆ្នាំ១៤៣៤, ១៨០៦, ១៨៩៤, ១៩២៦ និងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០០៨ អាជ្ញាធររាជធានីភ្នំពេញ បានសម្ពោធដាក់ឲ្យប្រើប្រាស់បូជនីយដ្ឋានដូនពេញ ដែលពីម្តងទៅម្តងកាន់តែធ្វើឲ្យមានសម្រស់ប្រសើរឡើងៗ រីឯការជួសជុលកែលម្អក៏ត្រូវបានធ្វើជាច្រើនលើកផងដែរ។
ព្រះវិហារនិងចេតិយធំលើកំពូលភ្នំដូនពេញ ជានិមិត្តសញ្ញានៃរាជធានីភ្នំពេញ ដូច្នេះហើយបានជា ត្រា និងទ្រព្យសម្បត្តិមួយចំនួនរបស់រាជធានីភ្នំពេញ គឺគេតែងតែដាក់រូបសញ្ញាវត្តភ្នំ៕