កសិករ ខឹម សារិទ្ធ រស់នៅក្នុងភូមិហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានសហការជាមួយអង្គការអភិវឌ្ឍស្ត្រី។ គាត់មានបទពិសោធន៍ ក្នុងការចិញ្ចឹមអន្ទង់ក្នុងអាងបានយ៉ាងល្អ ដែលបទពិសោធន៍នេះ គាត់ចេះតាមរយៈសិក្សាស្រាវជ្រាវឯកសារផ្សេងៗ ស្តាប់វិទ្យុ អានទស្សនាវដ្តីកសិករ និងទៅធ្វើទស្សនកិច្ចតាមបណ្តាខេត្តនានា។ ឆ្លងតាមរយៈជោគជ័យទាំងនេះ គាត់បានធ្វើការផ្សព្វផ្សាយបន្តដល់កសិករក្នុងភូមិបានមួយចំនួនផងដែរ ក្នុងនោះកសិករដែលបានយកទៅអនុវត្តមានជាច្រើនគ្រួសារ ហើយពួកគាត់បានយកទៅអនុវត្តតាមទទួលបានជោគជ័យដែរ។ ចំពោះបទពិសោធន៍ និងបច្ចេកទេសចិញ្ចឹមអន្ទង់មានបង្ហាញជូនដូចខាងក្រោម។
១-ការជ្រើសរើសទីតាំងចិញ្ចឹម
ទីតាំង ឬកន្លែង ដែលត្រូវរៀបចំអាងចិញ្ចឹម ត្រូវមានម្លប់ពី ៣០-៤០ភាគរយ ហើយសង់នៅក្បែផ្ទះ ជិតប្រភពទឹក និងនៅលើដីទួលខ្ពស់។
២-ការរៀបចំអាង (ប្លាស្ទិក) ការរៀបចំអាងមាន ៣ ប្រភេទ៖
១. ការសាងសង់ដោយធ្វើពីថ្ម
២. ការសាងសង់ដោយធ្វើពីក្តារ
៣. ការសាងសង់ដោយធ្វើពីឈើ ឬព្រួល។
ចំពោះកសិកររូបនេះ ការ សាងសង់អាង គាត់បានជ្រើសរើសប្រភេទ ទី៣។ អាងដែលបានរៀបចំមាន ទំហំទទឹង ១,៥ម៉ែត្រ, បណ្តោយ ៥ម៉ែត្រ, កំពស់ ៧តឹក សំរាប់ដាក់អន្ទង់ចិញ្ចឹមក្នុងបរិមាណ ៥០ ទៅ ៧០គីឡូក្រាម។ ឧបករណ៍ ដែលគាត់ប្រើសំរាប់ធ្វើអាងមាន៖ ឈើបង្គោល ស្បៃអ៊ុយ សំពត់ភ្លៀង ខ្សែចងលួស ដែកគោល បំពង់ទុយោ (ប្រវែង ៣តឹក)។
ក្រោយពីបានរៀបចំអាងរួចរាល់ហើយ គាត់បានបញ្ចូលទឹកកំពស់ ២-៧តឹក បន្ទាប់មកដាក់វល្ល៍តាអើក និងដាក់សម្រាស់ រួចរក្សាទុករយៈពេលមួយសប្តាហ៍ទើបដាក់អន្ទង់ចិញ្ចឹម។
គាត់បានដាក់កូនអន្ទង់ចិញ្ចឹមបានពី ៥-៧ថ្ងៃ ទើបផ្តល់ចំណីមួយថ្ងៃម្តង។ របៀបនៃការដាក់ចំណីគឺ ត្រូវ យកកញ្ច្រែងដាក់ចំណីផុតពីផ្ទៃទឹក។ ប្រភេទចំណីដែលត្រូវផ្តល់ឲ្យអន្ទង់ស៊ីមានដូចជា ត្រីស្ងោរ (ត្រីគ្រប់ប្រភេទ) ខ្យង ឬគ្រុំ (គ្រប់ប្រភេទ) ក្តាម កន្ទក់ជាដើមទៅតាមលទ្ធភាព។
ក្នុងរយៈពេលចិញ្ចឹម ១ខែ ត្រូវផ្លាស់ប្តូរទឹកឲ្យបាន ៣ដង ព្រោះការផ្លាស់ប្តូរទឹកនេះ ធ្វើឲ្យអន្ទង់អាច ជៀសផុតពីជំងឺបាន។ ប្រភេទជំងឺដែលកើតនៅលើអន្ទង់មានដូចជាដំបៅ។ ករណីបើមើលឃើញថា អន្ទង់មាន កើតដំបៅ គឺត្រូវចាប់អន្ទង់ចេញពីអាងយកទៅធ្វើការព្យាបាលភ្លាម ព្រោះវាអាចងាយរាលដាលជំងឺទៅដល់អន្ទង់ផ្សេងៗទៀត ឬត្រូវអន្ទង់គ្នាវាចឹកស៊ី។ វិធីព្យាបាលត្រូវយកលំពង់ត្រោះស្រស់ (ដើមរាំង ឬមែករាំង) កាប់ជាកំណាត់ៗដាក់ចូលក្នុងធុង ឬអាងផ្សេងដែលត្រូវព្យាបាល។ ឥទ្ធិពលរបស់វាគឺ ជ័រដែលនៅដើមត្រោះ ឬរាំងចេញមកក្នុងទឹកអាចផ្សះដំបៅអន្ទង់ និងការពារមិនឲ្យកើតដំបៅទៀតបាន។
៤-ការប្រមូលផលអន្ទង់
គាត់អាចប្រមូលផលអន្ទង់បានចាប់ពីអាយុ ៨ខែឡើង ក្រោយពីដាក់ចិញ្ចឹម។ នៅមុនពេលប្រមូលផល អន្ទង់លក់ត្រូវធ្វើការផ្លាស់ប្តូរទឹកឲ្យបាន ៥ដង ក្នុង រយៈពេល១ខែ ធ្វើដូចនេះដើម្បីឲ្យអន្ទង់មានពណ៌ក្រហម និងគ្មានក្លិនស្អុយ។ វិធីសាស្ត្រប្រមូលផលមុនពេលចាប់លក់ត្រូវបង្ហូរទឹកចោលឲ្យអស់ពីអាង រួចបញ្ចូលទឹកវិញ ដោយបញ្ចូលទឹកត្រឹមតែកំពស់ ២តឹក ទុករយៈពេល ៣០នាទី ទើបបង្ហូរទឹកចោល អាចចាប់លក់បាន។
កំណត់សំគាល់បន្ថែម
ទំហំអាង ៥ម៉ែត្រ X ១៥ម៉ែត្រ X ៧តឹក អាចដាក់កូនអន្ទង់ចិញ្ចឹមបានពី ៥០-៧៥គីឡូក្រាម។ ចំពោះការទិញពូជនេះ ត្រូវទំនាក់ទំនងជាមួយអ្នករកដោយផ្ទាល់ ឬកន្លែងមានប្រភពច្បាស់លាស់ ពីព្រោះការដឹងពីប្រភពច្បាស់លាស់ អាចធ្វើឲ្យការចិញ្ចឹមអន្ទង់ឆាប់ធំ និងជៀសវាងការយកកូនអន្ទង់ ឆក់មកចិញ្ចឹម៕
អ្នកស្រី ថោង ថាវរិន្ទ
សហគមន៍សម្បូរសប្បាយ