Home / កសិកម្ម / ការធានាឲ្យបានសំណាបថ្លោសល្អសំរាប់យកទៅស្ទូង

ការធានាឲ្យបានសំណាបថ្លោសល្អសំរាប់យកទៅស្ទូង

ដើម្បីឲ្យស្រូវរបស់លោកអ្នក លូតលាស់បានល្អ នាំមកនូវ ផលខ្ពស់ សំណាបថ្លោសល្អ ជាកត្តា​សំខាន់​មួយ​។ ដើម្បីឲ្យទទួល​បានសំណាបថ្លោសល្អ យើងខ្ញុំសូមណែនាំឲ្យលោកអ្នក​សាកល្បង​អនុវត្តតាម​បច្ចេកទេស​ទាំង ៩ ដូចខាងក្រោមនេះ។

១-រើសយកតែ គ្រាប់ពេញសុទ្ធល្អ ទៅសាបដោយរើសចេញនូវ​គ្រាប់ដែលមាន ពណ៌ និងរាងខុសធម្មតាចោល។ លោក​អ្នក​អាច​​ត្រូវ​​ចំណាយពេលបន្តិចមែន តែការប្រើ ពូជសុទ្ធល្អ នាំឲ្យលោក​អ្នក​ទទួលបានផលច្រើន ហើយ​លក់ស្រូវបានតម្លៃថ្លៃទៀត ផង។

២-យកគ្រាប់ ដែលរើសហើយទៅ ត្រាំជាមួយទឹកមានជាតិស្តៅ (ទឹកដែលត្រាំជាមួយគ្រាប់ សំបក ឬស្លឹកស្តៅ) ដើម្បីជួយការពារគ្រាប់ពីការបំផ្លាញពីសត្វល្អិតផ្សេងៗ។

៣-រៀបចំ ថ្នាលសំណាបគោក ដូចរងស្ពៃ ដើម្បីជៀសវាងកុំឲ្យសំណាបលិចទឹក ដែលនាំឲ្យវាលូតលាស់វែង (លូតតែកំពស់ តែមិនសូវរីកទទឹង)។

៤-ប្រើជីកំប៉ុស្ត ឬដីមមោកព្រៃ (ដីស្រទាប់លើនៅក្នុងព្រៃ) ឬគុម្ពោតព្រៃឲ្យបានច្រើន។ ជីកំប៉ុស្តនាំឲ្យដីផុស ហើយសើមបានល្អ ដែលអំណោយផលដល់ការលូតលាស់របស់សំណាប។

៥-សាបស្ដើងជាងធម្មតា ដើម្បីឲ្យដើមសំណាបនីមួយៗដុះរីកមាឌទទឹងបានល្អ (សំណាបថ្លោស)។

៦-ក្រោយពេលសាបហើយ គ្របដីដោយប្រើស្លឹកឈើ (ប្រើទាំងស្លឹកទាំងមែក) ហើយដកស្លឹកឈើចេញពេលសំណាបចាប់ផ្តើមដុះ។

៧-ដកសំណាបនៅកន្លែងដែលចង្អៀតពេកចេញខ្លះ។

៨-ស្រោចទឹកបន្ថែម ប្រៀបដូចស្រោចកូនស្ពៃ ក្នុងករណីអត់មានភ្លៀង។ គេគួរលាយទឹកជាមួយទឹកនោមគោ ក្នុងបរិមាណ ១:១០ (ទឹកនោមដែលទុកឲ្យកាច់បានជាង ៧ថ្ងៃ) ដើម្បីជំរុញការលូតលាស់បន្ថែម។

៩-នៅពេលដកសំណាបទៅស្ទូង ដកតែដើមសំណាបថ្លោសជាងគេ ទៅស្ទូងបានហើយ។

ក្នុងចំណោមបច្ចេកទេសទាំង ៩ខាងលើនេះ លោកអ្នកអាចជ្រើសរើសមួយណាអនុវត្តក៏បានដែរ តែការផ្គុំចូលគ្នាបានច្រើនចំណុចនាំមកនូវផលល្អជាងការអនុវត្តបានតិចចំណុច។ ក្នុងករណីយ៉ាងណាក៏ដោយ ក៏លោកអ្នកគួរអនុវត្តឲ្យបាននូវចំណុចទី១ និង ទី៩ គឺរើសតែគ្រាប់ល្អទៅសាប និងសំណាបថ្លោសយកទៅស្ទូង៕

អត្ថបទបណ្ឌិត យ៉ង សាំងកុមារ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។