សណ្តែកសៀងមានសារធាតុចិញ្ចឹមដូចអាហារសាច់ដែរ ប៉ុន្តែវាងាយស្រួលរំលាយ និងមានតម្លៃថោកជាង។ សណ្តែកសៀង គឺសំបូរសារធាតុចិញ្ចឹមច្រើនបំផុតក្នុងចំណោមពពួកសណ្តែកទាំងអស់។ ទឹកសណ្តែកសៀង ឬទឹកសណ្តែកស ដែលចំអិនរួចមួយពែងកាហ្វេមានសារធាតុចិញ្ចឹមស្មើនឹងស៊ុតមាន់ចំនួន២ ឬស្មើនឹងសាច់ជ្រូកចំនួន ១ខាំ (១០០ក្រាម)។
ខាងក្រោមនេះ គឺជាតម្លៃនៃសារធាតុចិញ្ចឹមដែលមាននៅក្នុងសណ្តែកសៀងចំនួន ១ខាំ (១០០ក្រាម)៖
សារធាតុចិញ្ចឹម |
ចំនួន |
សារធាតុចិញ្ចឹម |
ចំនួន |
ប្រូតេអ៊ីន | ៣៤,១ ក្រាម | កាល់ស្យូម | ២២,៦ មីលីក្រាម |
ជាតិដែក | ៨,៤ មីលីក្រាម | វីតាមីនបេអង (B1) | ១,១ មីលីក្រាម |
វីតាមីនបេដឺ (B2) | ០,៣១ មីលីក្រាម | ជាតិប្រេង | ១៧,៧ ក្រាម |
ការបូនអ៊ីដ្រាត | ៣៣,៥ ក្រាម | កាឡូរី | ៤០៣ |
ខាងក្រោមនេះ គឺជារបៀបធ្វើទឹកសណ្តែកដែលជាភេសជ្ជៈមួយប្រភេទដ៏ល្អប្រសើរសំរាប់មនុស្ស។
១. គ្រឿងផ្សំ
- សណ្តែកសៀង ១ គីឡូក្រាម
- ស្ករស ១ គីឡូក្រាម
- ទឹក ១០ លីត្រ
- អំបិល ១ ស្លាបព្រាកាហ្វេ។
យើងសូមបញ្ជាក់ថា សណ្តែក ១គីឡូក្រាម អាចផលិតទឹកសណ្តែកបាន ១០លីត្រ។
២-របៀបធ្វើ
- អុំសំអាតធូលីចេញឲ្យអស់ពីគ្រាប់សណ្តែក រួចលាងសំអាតវាឲ្យបានស្អាតល្អ
- ដាក់ត្រាំទឹក (គ្រាប់សណ្តែកដែលបានសំអាតរួច) រយៈពេល ១យប់ រហូតដល់គ្រាប់សណ្តែកឡើងទន់ បន្ទាប់មកបកសំបកចេញឲ្យអស់
- កិនគ្រាប់សណ្តែកដែលបានបកសំបករួចនោះ បន្ទាប់មកយកម្សៅសណ្តែកនេះលាយជាមួយនឹងទឹក
- ច្រោះម្សៅសណ្តែកលាយទឹកនេះដោយប្រើក្រណាត់ស្បៃដើម្បីយកទឹកសណ្តែក។ យើងយកតែទឹកសណ្តែកដែលបានច្រោះនេះ ចំណែកកាកគឺបោះចោល ឬទុកឲ្យចំណីជ្រូក មាន់
- ប៉ុន្តែយើងអាចធ្វើវិធីម្យ៉ាងទៀតបានដោយ យកគ្រាប់សណ្តែកសៀងទៅហាលថ្ងៃឲ្យក្តៅ បន្ទាប់មកកិននឹងត្បាល់ឲ្យវាបែកសំបក ហើយអុំយកសំបកចេញ។ ធ្វើបែបនេះជួយឲ្យគ្រាប់សណ្តែកឆាប់រីក ងាយស្រួលលាង សំអាតយកសំបកចេញ ហើយកិនឆាប់ម៉ដ្ឋល្អ។
- យកទឹកសណ្តែកឆៅនេះទៅដាំឲ្យពុះ ទុករយៈពេល ៥នាទី រួចដាក់ស្ករ និងអំបិលចូលជាការស្រេច។
យើងអាចពិសារទឹកសណ្តែកបានទាំងនៅក្តៅអ៊ុនៗ ឬទុកឲ្យត្រជាក់ដោយលាយជាមួយទឹកកក ឬក្លាស្សេ។
ដូចនេះយើងបានឃើញហើយថា ទឹកសណ្តែកដែលធ្វើពីសណ្តែកសៀង គឺជាភេសជ្ជៈមួយដ៏មានសារៈសំខាន់សំរាប់ផ្តល់អាហារូបត្ថម្ភ ឬសារធាតុចិញ្ចឹមដល់រាងកាយរបស់យើង ហើយវាមានលក្ខណៈល្អប្រសើរជាងអាហារសាច់ទៅទៀត ពីព្រោះវាងាយរំលាយអាហារ ដែលជួយសំរួលដល់ប្រព័ន្ធរំលាយអាហារទៀតផង។ ម្យ៉ាងវិញទៀតវាងាយស្រួលធ្វើជាអាហារ និងមានតម្លៃថោកទៀតផង ដែលកសិករយើងអាចធ្វើបានសំរាប់បរិភោគក្នុងគ្រួសារ ឬក៏សំរាប់លក់យកប្រាក់ចំណូលកាន់តែខ្ពស់ (បោះពុម្ពដោយការិយាល័យ កម្មវិធីប្រទេសថៃ)។
កត់សំគាល់
- សូមប្រយ័ត្នទឹកសណ្តែកពុះ ផុលកំពប់ នៅពេលដាំលើភ្លើង ពីព្រោះវាមានពពុះច្រើន ដូច្នេះត្រូវនៅចាំមើលវា
- ទឹកសណ្តែកនៅពេលត្រជាក់អាចរក្សាទុកបានប្រហែល ៣ម៉ោងដោយមិនបាច់ក្លាស្សេ តែបើសិនទុកយូរត្រូវ ដាក់ក្លាស្សេក្នុងទឹកកក បើមិនដូច្នេះទេវាឡើងជូរ ហូបលែងកើត។
- ចូរកុំត្រាំគ្រាប់សណ្តែកសៀងយូររហូតដល់ ១ថ្ងៃ នាំឲ្យវាជូរខូចធ្វើទឹកសណ្តែកមិនបានល្អ៕
ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក
សហគមន៍សម្បូរសប្បាយ