លោកពូ អ៊ុន គឹមសៀង ជាកសិកររស់នៅក្នុងភូមិគោកអណ្តែត ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ គាត់បានសហការណ៍ជាមួយអង្គការសេដាក តាំងពីឆ្នាំ២០០៨មកម្លេះ។ នៅក្នុងឆ្នាំ២០១៤ គាត់បានដាក់ពាក្យ ប្រឡងប្រកួតអ្នកធ្វើស្រែខ្លឹមថ្នាក់ជាតិ និងជាប់បានពាន រង្វាន់លេខ២ថ្នាក់ជាតិ សំរាប់កសិករដែលធ្វើស្រែខ្លឹមបាន ល្អជាងគេ។ ផ្ទៃដីស្រែដែលគាត់បានអនុវត្តមានចំនួន ៨៣អារ និងទទួលបានទិន្នផលប្រមាណ ២.៥១៥គីឡូក្រាម។ ចំពោះបច្ចេកទេសនៃការអនុវត្តមានបង្ហាញជូនដូចខាងក្រោម។
១-ការជ្រើសរើសពូជ
- ជ្រើសរើសពូជម្លិះក្រហមចំនួន ១០ គីឡូក្រាម
- ហាលគ្រាប់ស្រូវរយៈពេល ១ម៉ោងនៅពេលព្រឹកមុននឹងយកទៅត្រាំ
- លាងសំអាតគ្រាប់ឲ្យបានស្អាតដោយស្រង់យកគ្រាប់អណ្តែតចេញហើយទុកតែគ្រាប់ពេញល្អ
- ការសំអាតគ្រាប់ពូជមុនពេលសាប។
២-ការរៀបចំថ្នាលសំណាប
- ភ្ជួររាស់ដីចំនួន ២ដង ដើម្បីឲ្យដីម៉ដ្ឋល្អ
- លើកជារងចំនួន ៣ ដោយរងនីមួយៗមានទំហំទទឹង ១,២ម៉ែត្រ បណ្តោយ៤ម៉ែត្រ និងកំពស់ ១,៥តឹក
- ដាក់ជីកាកឡ និងធ្យូងអង្កាមទ្រាប់បាតចំនួន ៥០០គីឡូក្រាមនៅលើថ្នាលសំណាប
- យកគ្រាប់ពូជស្រូវទៅត្រាំ ១យប់ និងផ្អាប់ ២យប់ ទើបយកទៅសាប
- បន្ទាប់មក យកគ្រាប់ពូជដែលបានត្រៀមទុកមកសាបឲ្យស្ដើងៗនៅពេលព្រឹក និងពេលល្ងាច។
ភ្ជួរដីចំនួន ៣ដង
- លើកទី ១. លុបស្មៅ និងជញ្ជ្រាំងដែលនៅសល់ពីឆ្នាំមុន
- លើកទី ២. យកជីកាកឡ លាយជាមួយធ្យូងអង្កាមចំនួន ៥០០គីឡូក្រាមទៅបាចរួចភ្ជួរលុប
- លើកទី៣. ភ្ជួររាស់ពង្រាយដីឲ្យស្មើមុននឹងស្ទួង។
ការស្ទូង
- សមាជិកក្នុងគ្រួសារស្ទូងតាមបច្ចេកទេសចំនួន ៤នាក់
- បញ្ចូចូលទឹកតិចៗងាយស្រួលក្នុងការវាស់ខ្សែស្ទូង
- ស្ទូងតែ ១ដើម ក្នុង ១គុម្ព
- ស្ទួងសំណាបអាយុ ១៥ថ្ងៃ
- ដកថ្នមៗឲ្យមានជាប់ដីខ្លះៗដាក់ចានដែកនិងកាធុន
- ដកភ្លាមស្ទូងភ្លាម យកតែសំណាបថ្លោសៗដែលមានសុខភាពល្អ
- ស្ទូងពេលត្រជាក់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១០ និង៣០នាទី និងល្ងាចចាប់ស្ទូងពីម៉ោង ២ ដល់ម៉ោង ៥រៀល
- ស្ទូងជាជួររាក់ៗចន្លោះគុម្ព ២តឹក ទៅ ៣តឹក។
៤. ការថែទាំ
- បោចស្មៅលើកទី១ ក្រោយពេលស្ទូងបានចំនួន ១៥ថ្ងៃ
- បោចស្មៅលើកទី២ នៅពេលស្រូវអាយុបាន ១ខែ
- ស្រូវអាយុបាន ១ខែ គាត់បានដាក់ជីកំប៉ុស្ត លាយជាមួយជីកាកឡជីវឧស្ម័ន
- រក្សាទឹកទុកតិចៗក្នុងស្រែ ដើម្បីជំរុញដល់ការបែកគុម្ពរបស់ស្រូវ
- នៅពេលស្រូវមានអាយុ ១៥ថ្ងៃ ក្នុង១គុម្ព បែកបាន ៣-៥ដើម
- នៅពេលស្រូវមានអាយុ ១ខែ ក្នុង១គុម្ព បែកបាន ៥-១០ដើម។
៥. ការប្រមូលផល
នៅពេលសង្កេតឃើញស្រូវទុំបានចន្លោះពី ៨០ ទៅ ៨៥% គាត់ចាប់ផ្តើមធ្វើការច្រួតកាត់។ ក្នុងការធ្វើស្រូវនេះ គាត់ពុំបានចំណាយលើអ្វីទាំងអស់ ថ្លៃពូជ ភ្ជួររាស់ ដកស្ទូង និងជីកំប៉ុស្តផលិតដោយខ្លួនឯង ចំណាយតែកម្លាំងពលកម្មប៉ុណ្ណោះ។ ចំពោះទិន្នផលស្រូវដែលគាត់ទទួលបាន ២.៥១៥គីឡូក្រាម។ គាត់លក់បាន ១.២០០រៀលក្នុង ១គីឡូក្រាម គិតជាទឹកប្រាក់សរុបប្រមាណ ២.៩៣៤.០០០រៀល ដែលជាប្រាក់ចំណូលសុទ្ធ។
៦. ចំណាប់អារម្មណ៍
ក្រោយពីគាត់បានអនុវត្តតាមបច្ចេកទេស ប.វ.ស. (ប្រពលវប្បកម្មដំណាំស្រូវ) មក លោកពូសង្កេតឃើញថា ស្រូវរបស់គាត់មានការលូតលាស់បានល្អ និងទទួលបានទិន្នផលខ្ពស់ជាងតាមទំលាប់ច្រើន។ ពិសេសបានកាត់បន្ថយនូវការចំណាយជាច្រើនដូចជា ការជួលស្ទូង និងចំណេញពូជ។ គាត់ក៏បានផ្តាំផ្ញើទៅដល់កសិករផ្សេងៗទៀតថា សូមចូលរួមធ្វើការអនុវត្តតាមបច្ចេកទេស ប.វ.ស. នោះបងប្អូននឹងបានចំណេញច្រើន៕
សយ សុភត្រា
សហគមន៍សម្បូរសប្បាយ