Home / កសិកម្ម / បទពិសោធន៍រៀបចំសួនជាលក្ខណៈគ្រួសារ (កសិករ ម៉ា ធីតា)

បទពិសោធន៍រៀបចំសួនជាលក្ខណៈគ្រួសារ (កសិករ ម៉ា ធីតា)

បងស្រី ម៉ា ធីតា ជាកសិកររស់នៅភូមិកូនត្រុំ  ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។​​ គាត់មានបទពិសោធន៍ល្អក្នុងការរៀបចំ សួនជាលក្ខណៈគ្រួសារ។ ដែលបទពិសោធន៍នោះមានបង្ហាញជូនដូចខាងក្រោម។

១. បច្ចេកទេសរៀបចំសួន

សួនរបស់គាត់ទំហំ​ ៥០ម៉ែត្រ​ X ៣០ម៉ែត្រ ក្នុងនោះ​គឺមានដាំដុះដំណាំបន្លែដូចជា៖ ដំណាំសណ្តែកកួរ ស្ពៃក្រញ៉ាញ់ ត្រកួនជាដើម។ប្រព័ន្ធដាំដុះរបស់គាត់មានលក្ខណៈចំរុះ ហើយដំណាំទាំងនោះដាំនៅក្នុងខែតែមួយ គឺដើមខែសីហា ឆ្នាំ ២០១៥។

ក. ការត្រៀមគ្រាប់ដាំ

ដំបូងគាត់បានយកគ្រាប់ពូជទៅហាលថ្ងៃរយៈពេល ២០នាទី ដើម្បីដាស់ដំណេកគ្រាប់ឲ្យដុះបានល្អ បន្ទាប់មកយកគ្រាប់ទៅត្រាំទឹក ១យប់ឲ្យដុះពន្លក ទើបយកទៅដាក់ដាំ។

ខ. ការរៀបចំដី

ចំពោះការដាំសណ្តែកកួរ​ គាត់បានរៀបចំរងរួចជាស្រេច​ ដែលមានប្រវែងបណ្តោយ​១២ម៉ែត្រ និងទទឹង​០,៧ម៉ែត្រ​​ កំពស់រង​១,៥តឹក។​ ចំណែកឯដំណាំត្រកួនវិញ មានប្រវែងបណ្តោយ១២ម៉ែត្រ និងទទឹង០,៦ម៉ែត្រ កំពស់រង​១,៥តឹក។ រីឯថ្នាលស្ពៃក៏ដូចជារងត្រកួនដែរ។​ នៅលើរងនីមួយៗ គាត់បានលាយដីល្បាប់ជា មួយលាមកសត្វមាន់ និងដីក្រោមដើមឈើ។​ ដំណាំដែលបានដាំនៅក្នុងសួននោះ គឺមាន​ សណ្តែកកួរ ចំនួន២រង,​ ត្រកួនមានចំនួន ៨រង និងមានស្ពៃចំនួន​ ៥រង។

គ. ចន្លោះគុម្ពនៃការដាំដុះ

សណ្តែកកួរដែលគាត់បានដាំ គឺមានចន្លោះគុម្ព ៥០ស.ម។​ ចំពោះដំណាំត្រកួនគាត់បានដាំដែលមានចន្លោះគុម្ព ១៥ស.ម X ១០ស.ម។​ ចំណែកឯស្ពៃវិញ​ គឺគាត់បានដាំចន្លោះគុម្ព ២០ស.ម X ២០ស.ម។ ចំពោះសណ្តែកកួរដាំបានរយៈពេល១៥ថ្ងៃ គាត់ក៏បានដាក់ទ្រើងឲ្យសណ្តែកវារឡើង។

២.​ ការថែទាំ

ក. ការស្រោចស្រព

ប្រភពទឹកសម្រាប់ការស្រោចស្រពមានអណ្តូងទឹក ​និងប្រឡាយនៅក្បែរផ្ទះសម្រាប់ស្រោចស្រពដំណាំរបស់   គាត់។ គាត់បានស្រោច ២ដងក្នុង១ថ្ងៃ។

ខ. ការប្រើប្រាស់ជី

គាត់បានប្រើប្រាស់ជីកំប៉ុស្តទឹកដែលបានផ្សំពីស្លឹកទន្ទ្រានខែត្រ​ ត្រាំលាយជាមួយលាមកគោ និងទឹកនោមមនុស្ស រយៈពេល ១៥ថ្ងៃ (ធ្វើទុកមុន)។ គាត់បានស្រោចជីកំប៉ុស្តទឹក​៣ថ្ងៃម្តងដោយលាយទឹកជី ១លីត្រជាមួយទឹកធម្មតាចំនួន​១៥លីត្រ។ គាត់ផ្អាកស្រោចទឹកជីមុនពេលប្រមូលផល​៧ថ្ងៃ ដើម្បីជៀសវាងកុំឲ្យមានក្លិន ​និងខ្លាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

គ. ការការពារ​ និងការគ្រប់គ្រងកត្តាចង្រៃ

គាត់បានធ្វើការដកស្មៅ ជ្រុំជ្រោយដីក្រោយពីដាំបានរយៈពេល១៥ថ្ងៃ។មួយអាទិត្យគាត់បានធ្វើការដកស្មៅម្តង​មិនតែប៉ុណ្ណោះនៅជុំវិញសួនដំណាំ​ គាត់បានកាប់សម្អាតស្មៅ ព្រមទាំងមានព័ទ្ធរបងជុំវិញ និងហ៊ុមព័ទ្ធទៅដោយស្បៃ។

៣.​ ការប្រមូលផល

ការប្រមូលផលធ្វើឡើងទៅតាមអាយុកាលរបស់ដំណាំ ដូចជា៖ ត្រកួន ក្រោយពីការដាំបានរយៈពេល ២០ ថ្ងៃ។ សណ្តែកកួរ ក្រោយពីដាំបានរយៈពេល​៥០ថ្ងៃ ចំណែកឯស្ពៃក្រញ៉ាញ់វិញប្រមូលផលក្រោយពីដាំបានរយៈពេល ៣៥ថ្ងៃ។

៤. ការវិភាគចំណូល និងចំណាយ

មុខចំណាយ

បរិមាណណ ចំណាយសរុប មុខចំណូល

ចំណូលសរុប

គ្រាប់សណ្តែកកួរ ១ កំប៉ុង ១៧.០០០រៀល លក់សណ្តែកកួរ ៣១.៥០០រៀល
គ្រាប់ត្រកួន ២ គីឡូក្រាម ១៦.០០០រៀល គ្រាប់ត្រកួន ៣០០.០០០រៀល
ស្ពៃក្រញ៉ាញ់ ១ កំប៉ុង ៤.៥០០រៀល ស្ពៃក្រញ៉ាញ់ ២៥០.០០០រៀល
ស្បៃម៉ុង ១៨.០០០រៀល ស្បៃម៉ុង ២៥.០០០រៀល

សរុប

៥៥.៥០០រៀល ៦០៦.៥០០រៀល

៥. ​​ចំណាប់អារម្មណ៍

តាមរយៈបទពិសោធន៍កន្លងមក បងស្រីមានចំណាប់អារម្មណ៍ថា​ បន្លែជាដំណាំងាយស្រួលដាំ មិនពិបាកក្នុងការថែទាំ។ មានតំលៃខ្ពស់នៅទីផ្សារ​ និងងាយស្រួលលក់។ បងស្រីមានប្រសាសន៍ទៀតថា គាត់មិនបានប្រើជីគីមីទេ គឺប្រើតែជីធម្មជាតិប៉ុណ្ណោះ។ តាមរយៈផលដំណាំដែលគាត់បានដាំ បានជួយដល់ការផ្គត់ផ្គង់ជីវភាពគ្រួសារបងស្រីឲ្យមានបន្លែបរិភោគគ្រប់គ្រាន់​និងអាចលក់បានប្រាក់ចំណូលខ្លះទៀតផង។ បន្លែរបស់គាត់ មានរសជាតិឆ្ងាញ់ ហើយក៏មិនសូវមានសត្វល្អិតបំផ្លាញដែរ។​​ បងស្រីបានមានប្រសាសន៍បន្ថែមថា  ឆ្នាំក្រោយគាត់នឹងពង្រីកផ្ទៃដីដាំដុះឲ្យធំជាងនេះ ហើយខិតខំដាំបន្លែឲ្យបានច្រើនដើម្បីរកប្រាក់កំរៃផ្គត់ផ្គង់ជីវភាពឲ្យកាន់តែប្រសើរឡើងជាងនេះ។

សរុបបច្ចេកទេសសំខាន់ៗក្នុងការរៀបចំសួនដំណាំជាលក្ខណៈគ្រួសារ

  • ធ្វើការសំអាតគ្រាប់ពូជ និងធ្វើការបណ្តុះគ្រាប់ពូជមុនពេលដាំ
  • រៀបចំរងសំរាប់ដាំដំណាំទៅតាមប្រភេទពូជដំណាំ និងតាមរដូវកាល
  • រក្សាចន្លោះគុម្ពឲ្យបានសមស្រប
  • ធ្វើការថែទាំដោយស្រោចទឹកឲ្យបានគ្រប់គ្រាន់​ និងដាក់ជីបំប៉នដល់ដំណាំ
  • ការពារកត្តាចង្រៃដោយប្រើស្បៃម៉ុង​​ និងធ្វើយ៉ាងណាកុំឲ្យមានស្មៅដុះព័ទ្ធជុំវិញច្រើន
  • ផ្សំថ្នាំសំលាប់សត្វល្អិតទុកជាមុនដើម្បីការពារការបំផ្លាញ៕

សាំង​  កុសល

សហគមន៍សម្បូរសប្បាយ  

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក (កសិករ មាស អូន)

អ្នកមីង មាស អូន ជាកសិកររស់នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមត្រីក្នុងរណ្តៅប្លាស្ទិក ដែលគាត់បានទទួលការបណ្តុះបណ្តាលពីអង្គការសេដាក។ ក្រោយពីចិញ្ចឹមបានរយៈពេល៣ខែ ត្រីរបស់គាត់មានទំងន់៣ខាំក្នុងមួយក្បាល ដែលអាចចាប់លក់ និងធ្វើម្ហូបបានជាបណ្តើរៗ។ ចំពោះបទពិសោធន៍មានបង្ហាញជូនដូចខាងក្រោម៖