Home / ការកែច្នៃកសិផល / បទពិសោធន៍ធ្វើស្ពៃជ្រក់ (បងស្រី សូ សាវ៉េត)

បទពិសោធន៍ធ្វើស្ពៃជ្រក់ (បងស្រី សូ សាវ៉េត)

បងស្រី សូ សាវ៉េត  ជាកសិកររស់នៅភូមិត្រពាំងព្រលិត ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គាត់មានបទពិសោធន៍ធ្វើស្ពៃជ្រក់មានរសជាតិឆ្ងាញ់ ហើយឆាប់បានហូបទៀតផង។ បទពិសោធន៍នេះ គាត់ធ្វើការ​ច្នៃប្រឌិតដោយខ្លួនឯង និងសូមបង្ហាញជូនដូចខាងក្រោម។

១-ធាតុផ្សំ

  • ស្ពៃជើងទា ៥ គីឡូក្រាម
  • អំបិល ៣ ខាំ
  • ស្ករត្នោត កន្លះកូនចានចង្កឹះ
  • ទឹកស្អាត ៥ លីត្រ។

២-សំភារៈសំរាប់ធ្វើ

  • ពាងចំណុះ ១០ ទៅ ២០ លីត្រ
  • កញ្ច្រែងសំរាប់ហាលស្ពៃ
  • ឫស្សីស្ងួតសំរាប់ខ្ទាស់ស្ពៃពេលដាក់ក្នុងពាង (ហាមយកដើមឫស្សីស្រស់)
  • ចានដែកសំរាប់ដាក់ស្ពៃលាង។

៣-របៀបផ្សំ

  • លាងស្ពៃឲ្យបានស្អាតទុកឲ្យស្រស់ទឹក
  • យកទឹក ៥ លីត្រ លាយជាមួយស្ករត្នោត អំបិល កូរឲ្យសព្វយកទៅដាំឲ្យពុះទុកឲ្យត្រជាក់
  • ដាំទឹកធម្មតាកន្លះឆ្នាំងផ្សេងទៀតឲ្យក្តៅល្មម រួចយកគល់ស្ពៃទៅជ្រលក់ក្នុងទឹកនោះ គឺជ្រលក់​ភ្លាមលើក​ភ្លាម (មិនជ្រលក់ទឹកស្ពៃទេ)
  • បន្ទាប់ពីជ្រលក់ហើយ យកស្ពៃទៅតំរៀបដាក់នៅក្នុងកញ្ច្រែងទុកឲ្យត្រជាក់
  • បន្ទាប់មកយកវាទៅតំរៀបដាក់ក្នុងពាង រួចយកទឹកដែលបានដាំរួចមានលាយស្ករត្នោត អំបិលរួចជាស្រេច​ចូលទៅក្នុង ពាង ហើយយកឫស្សីទៅខ្ទាស់ស្ពៃ ធ្វើយ៉ាងណាឲ្យលិចទឹកកុំឲ្យអណ្ដែត និងរក្សាទុករយៈ​ពេល​ ២យប់ អាចយកស្ពៃជ្រក់នោះ មកបរិភោគបានហើយ។

៤-ចំណាប់អារម្មណ៍

ការធ្វើជ្រក់ស្ពៃនេះមានការងាយស្រួល អាចទុកបានយូរជាងស្ពៃស្រស់ ហើយជាពិសេសវាមាន​រសជាតិ​ឆ្ងាញ់ទៀតផង។ បងប្អូនដែលមានចំណាប់អារម្មណ៍ សូមសាកល្បងតាមបទពិសោធន៍ខាងលើ៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ការកែច្នៃឆៃថាវធ្វើជ្រក់ទាំងដើម

លោកយាយ មាស ណុន រស់នៅភូមិតារាប ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ គាត់មាន​បទពិសោធន៍ធ្វើជ្រក់ឆៃថាវទាំងដើមដែលមានរស់ជាតិឆ្ងាញ់ មកបង្ហាញជូនដូចខាងក្រោម។