លោកពូ ម៉ុត ណូត រស់នៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ គាត់មានបទពិសោធន៍ជោគ ជ័យក្នុងការភ្ញាស់កូនមាន់។ នៅខែ វិច្ឆិកា ឆ្នាំ២០១១ គាត់បានចូលរួមរៀនជាមួយអង្គការសេដាកនៅវគ្គខ្លីៗជាច្រើនលើក ហើយក៏បានចេះបច្ចេកទេសជាច្រើនជាពិសេស ធ្វើទូរភ្ញាស់កូនមាន់។ ពេលចាប់ផ្តើមចិញ្ចឹមដំបូងគាត់មានមេមាន់ ៧ក្បាល និងបា១ក្បាលប៉ុណ្ណោះ ហើយមិនសូវបានលក់ប៉ុន្មានទេ គឺគ្រាន់តែទុកហូប និងទុកពូជបនុ្ត តែប៉ុណ្ណោះ។ តែមកដល់ឆ្នាំ២០១៣ គាត់មានមាន់មេ ១៤, បា ២មាន់, សាច់៥០ និងកូនតូច ៗ៧០ ក្បាល ក្នុងនោះគាត់ក៏បានធ្វើពិសោធន៍ភ្ញាស់ពងមាន់ដោយប្រើទូរ និងភ្ញាស់ដោយមេផ្ទាល់មួយណាល្អប្រសើរជាង? ជាលទ្ធផលគាត់សង្កេតឃើញថា កូនមាន់ដែលភ្ញាស់ដោយប្រើទូរញាស់បាន៧៥%-៨០% ចំណែកឯភ្ញាស់ដោយមេវិញគឺញាស់បាន ៥០% -៦០%ប៉ុណ្ណោះ។ ដូចនេះគាត់បានសម្រេចចិត្ត ធ្វើទូរភ្ញាស់កូនរហូតមក។ គាត់បញ្ជាក់ថារយយៈពេល១ឆ្នាំ គាត់ទទួលបានពីការលក់កូនមាន់តូចៗ និងមាន់ធំប្រមាណ ២.០៣៥.៨០០រៀល លក់ទូរភ្ញាស់ និងទ្រុងបំបែកកូនបាន ២.១៣០.០០០រៀល និងមាន់ដែលនៅសល់គិតត្រឹមថ្ងៃទី១៩ ខែ១២ ឆ្នាំ២០១៣ គឺមេ ៣៤ក្បាល, បា៥ក្បាល, មាន់សាច់ ៧៥ក្បាល និងកូនតូច៥០ក្បាល ដើម្បីទុកចិញ្ចឹមបន្តក្នុងឆ្នាំ២០១៤។ ចំណែក បទពិសោធន៍ធ្វើទូរភ្ញាស់ និងភ្ញាស់កូនមាន់ មានបង្ហាញដូចខាងក្រោម៖
១. សម្ភារៈសម្រាប់ធ្វើទូរភ្ញាស់
កេសស្នោដាក់ផ្លែឈើចំនួន២, ស្កុត១ដុំ, ដែកគោលអង្កាម១ខាំ, បំពង់ទីបដែកអ៊ីណុកទំហំ៥ហ៊ុនប្រវែង៥តឹក, សំណាញ់ជ័រ៥តឹក, ចង្កៀងប្រេងកាតតូច១, ក្រដាសអាលុយមីញ៉ូម ១ដុំធំ, ទែរម៉ូម៉ែត្រវាស់កំដៅ ១, ចានដាក់ទឹក២ និងជំនៀរឈើតូចៗជំរាកស្តើងៗ។
២. របៀបធ្វើទូភ្ញាស់
ជាដំបូងគាត់បានយកកេសផ្លែឈើមកសម្អាត និងកាត់ឲ្យបានស្មើល្អជាងមុនសិន បន្ទាប់មកគឺយកក្រដាសអាលុយមីញ៉ូមបិតឲ្យជាប់នៅផ្ទៃខាងក្នុងនៃកេសឲ្យជិតល្អ ហើយចាប់ផ្តើមយកជំនៀរឈើតូចៗ មកដំគាបសំណាញ់ជ័រជុំវិញ ដែលមានទទឹង និងបណ្តោយតាមទំហំប្រវែងទូ និងទុកចោះប្រហោងចំកណ្តាលដើម្បីដាក់បំពង់ទីប។ បន្ទាប់មកទៀត ចាប់ផ្តើមចោះទ្វារបិតបើកទូរទំហំប្រហែលជា ១,២តឹក បួនជ្រុងចំនួន២ខាងលើ ១សម្រាប់ដាក់ពង និងទែម៉ូម៉ែត្រ ខាងក្រោមសម្រាប់ដាក់ទឹក និងចង្កៀងដុតកំដៅជាការស្រេច។
៣. របៀបដាក់ពងមាន់ភ្ញាស់
គាត់បានធ្វើទូសម្រាប់ភ្ញាស់ពងចំនួន ៣ទូ។ ចំពោះការភ្ញាស់គាត់បានយកពងមាន់ពីសម្បុកដែលមេកំពុងពង មកទុកឲ្យបានច្រើន ទើបចាប់ផ្តើមដាក់ក្នុងទូភ្ញាស់។ ទូរនីមួយៗដាក់បានចំនួន ៨០-៨៥គ្រាប់ ក្នុងទូពេលនោះគាត់ចាប់ផ្តើមអុចចង្កៀងឲ្យមានកំដៅត្រឹម ៣៧-៣៨ អង្សាសេ មិនឲ្យកំដៅខ្ពស់និងទាបជាងនេះទេ ហើយគាត់បានជួយបង្វិលពងរាល់ ៣-៤ដងក្នុងមួយថ្ងៃនៅពេលថ្ងៃ និង ១-២ដងក្នុងមួយយប់ នៅពេលយប់ការធ្វើបែបនេះរហូតដល់២០-២១ថ្ងៃទើបកូនមាន់ញាស់។
៤. ការថែទាំកូនមាន់
ពេលកូនមាន់ញាស់ គាត់បានចាប់ដាក់ចូលក្នុងទ្រុងបំបែកភ្លាម និងយកកូនមាន់ដាក់ហាលថ្ងៃឬក្នុងកេសដើម្បីឲ្យឆាប់ស្ងួតរោម និងដៃជើងឆាប់រឹងមាំ។ នៅពេលយប់ គឺគាត់បានធ្វើកេសដែលមានដាក់អង្កាមសម្រាប់ឲ្យកូនមាន់ចូលដេក និងដុតភ្លើងកំដៅក្នុងក្អមរាល់យប់ (ប្រើធ្យូងនិងចោះក្អមរន្ធតូចៗ)។
៥. ចំណី និងទឹក
មាន់តូចអាយុពី២-៤៥ថ្ងៃ ដាក់ចំណីទិញពីផ្សារឲ្យស៊ី ចំពោះមាន់ធំគាត់ដាក់ចំណីផ្សំចម្រុះលាយឲ្យស៊ីដែលរួមមានដូចជាកន្ទក់ ស្រូវត្រាំឲ្យដុះពន្លក ចុងអង្ករ បន្លែបៃតង (ស្ពៃ ផ្ទី កំប្លោក ចក ត្រកួន ដើមចេកជាដើម) ដោយបុកលាយច្របល់ជាមួយបបរក្បាលត្រី ដាក់ឲ្យមាន់ស៊ី ១ថ្ងៃ៣ដង (ព្រឹក ថ្ងៃត្រង់ និងល្ងាច) ព្រមទាំងដាក់ទឹកស្អាតឲ្យផឹកជាប្រចាំរាល់ថ្ងៃ។
៦. ការការពារ និងព្យាបាល
កូនមាន់ញាស់បានអាយុចន្លោះ ១-៧ថ្ងៃ បន្តក់វ៉ាក់សាំងញ៉ូកាសប្រភេទមេឌីវ៉ាក់ អាយុចន្លោះ១០-១៤ថ្ងៃជួសអុត អាយុចន្លោះ ២១-២៧ថ្ងៃបន្តក់រំលឹកវ៉ាក់សាំងញ៉ូកាសប្រភេទមេឌីវ៉ាក់ និងអាយុចន្លោះ ៣០-៤០ថ្ងៃ ទម្លាក់ព្រូនដោយប្រើថ្នាំឡឺវ៉ាមីសុល។
៧.ទីតាំរៀបចំទ្រុង និងការរៀបចំទ្រុង
គាត់បានសង់ទ្រុងចិញ្ចឹមមាន់លើទីធ្លាទំហំ ១០មX៤០ម ដែលជាទីទួលមិនលិចទឹកនៅរដូវវស្សា និងនៅក្រោមដើមឈើធំៗកន្លែងមានម្លប់ និងប្រើសំណាញ់ហ៊ុមព័ទ្ធជុំវិញទីធ្លារចិញ្ចឹមមាន់។ ទ្រុងមាន់ដែលគាត់បានសង់ចំនួន៣ទ្រុង ហើយរៀបចំឲ្យដាច់ពីគ្នា និងមានទំហំផ្សេងៗគ្នា៖
- ទី១. ទ្រុងសម្រាប់មេពងធ្វើពីបង្គោលឈើ និងរនាបឫស្សី ដំបូលប្រក់ស្លឹកត្នោតមានទំហំ ៤មX៦ម កំពស់ ២,៥ម៉ែត្រ និងព័ទ្ធសំណាញ់ជុំវិញ
- ទី២. ទ្រុងសម្រាប់មាន់សាច់ ធ្វើអំពីបង្គោលឈើ រនាបឫស្សី ដំបូលប្រក់ស្លឹកត្នោត មានទំហំ ៣មX៤មកំពស់២,៥ម៉ែត្រ និងព័ទ្ធសំណាញ់ជុំវិញ
- ទី៣. ទ្រុងបំបែកកូនមាន់មាន ៦ទ្រុងធ្វើអំពីជំរាកឈើ និងហ៊ុមព័ទ្ធសំណាញ់ដែក បណ្តោយ ០,៥មទទឹង១ម កំពស់០,៧ មាន២បន្ទប់។
៨. លទ្ធផលទទួលបាន
ក្រោយពីចាប់ផ្តើមភ្ញាស់កូនមាន់លក់មក គាត់សង្កេតឃើញថា ក្នុងឆ្នាំ២០១៣ មាន់របស់គាត់មិនដែលជួបបញ្ហាដូចជាក្រិន ឬឈឺងាប់ឡើយ ហើយសម្រាប់ប្រាក់ចំណូលវិញកើនឡើងហួសពីការស្មាន ហើយអ្វីដែលកាន់តែប្រសើរនោះ គឺគាត់មានឈ្មួញមកទិញកូនមាន់តួចៗ ទិញទូរសម្រាប់ភ្ញាស់ពង និងទ្រុងបំបែកកូនមាន់ដល់ៗផ្ទះ ដែលជួយបង្កើនប្រាក់ចំណូលបានកាន់តែច្រើនសម្រាប់គ្រួសាររបស់គាត់មួយកម្រិតទៀត។
ប្រាក់ចំណូលពីការលក់មាន់សាច់ និងកូនមាន់
ថ្ងៃ ខែ ឆ្នាំ |
ចំណូលពីការលក់មាន់ (រៀល) |
ចំណាយលើចំណី (រៀល) |
ចំណេញពីការលក់មាន់ |
|
០៣/២០១៣ |
លក់មាន់សាច់ | ១២៥.០០០ |
៧០.០០០៛ |
|
០៦/២០១៣ |
លក់មាន់សាច់ |
៧០.០០០ |
២១០.០០០៛ |
|
លក់កូន |
៥៦០.០០០ |
|||
០៧/២០១៣ |
លក់មាន់សាច់ | ៣៦០.០០០ | ៧២.០០០៛ | |
លក់កូន |
១៩២.០០០ |
|||
០៨/២០១៣ |
លក់មាន់សាច់ | ៤៤.០០០ | ២៧០.០០០៛ | |
លក់កូន |
២៥៦.០០០ |
|||
០៩/២០១៣ |
លក់មាន់សាច់ | ៩៦.០០០ | ៣០.០០០៛ | |
លក់កូន |
៣១១.៣០០ |
|||
១១/២០១៣ |
លក់កូន | ២០០.០០០ | ||
១២/២០១៣ | លក់កូន |
៧០.០០០ |
||
ចំណូល-ចំណាយ=ចំណេញ |
២.២២១.៣០០ | ៧០៧.០០០ |
១.៥១៤.៣០០ |
ប្រាក់ចំណូលពីការលក់ទូភ្ញាស់ពងមាន់ និងទ្រុងកូនមាន់
សម្ភារៈ |
ចំណូល (រៀល) | ចំណាយ (រៀល) | ចំណេញ (រៀល) |
ធ្វើទូភ្ញាស់ ៣០ |
៣០ X ១២០.០០០ = ៣.៦០០.០០០ |
៣០ X ៦៥.០០០
= ១.៩៥០.០០០ |
១.៦៥០.០០០ |
ធ្វើទ្រុងបំបែកកូនមាន់ ២៤ |
២៤ X ៤៥.០០០
= ១.០៨០.០០០ |
២៤ X ២៥.០០០
= ៦០០.០០០ |
៤៨០.០០០ |
សរុប | ៤.៦៨០.០០០ | ២.៥៥០.០០០ |
២.១៣០.០០០ |
៩. ចំណាប់អារម្មណ៍
បន្ទាប់ពីគាត់បានធ្វើការបូកសរុបចំណូលចំណាយប្រចាំ ឆ្នាំមក គាត់សង្កេតឃើញថា ការដែលធ្វើទូភ្ញាស់ពងមាន់វាមានភាពងាយស្រួល និងញាស់បានច្រើនជាងភ្ញាស់ដោយមេផ្ទាល់ ហើយចំណុចដែលល្អទៀតនោះ គឺការលក់កូនតូចៗចំណេញជាងការលក់មាន់ធំ ពីព្រោះការដែលយើងលក់មាន់តូច ចំណាយអស់ចំណីតិចដោយលក់បានតម្លៃ ៤.០០០រៀលក្នុងមួយក្បាល (កូនមាន់ធ្វើវ៉ាក់សាំងរួច) ធៀបនឹងមាន់ធំដែលលក់បានតម្លៃ ១៣.០០០-១៥.០០០រៀល ១គីឡូក្រាម។ ដូចនេះនៅឆ្នាំក្រោយគាត់នឹងខិតខំអនុវត្តការភ្ញាស់កូនមាន់សម្រាប់លក់ ព្រមទាំងជួយផ្សព្វផ្សាយនូវបច្ចេកទេសបន្តដល់កសិករ ដែលនៅជុំវិញគាត់ឲ្យចេះភ្ញាស់ពងមាន់ និងលក់កូនដូចគាត់ដែរ។
សរុបបច្ចេកទេសភ្ញាស់ពងមាន់
- រៀបចំទូភ្ញាស់ពីកេសស្នោ ពីឈើ និងពីអាលុយមីញ៉ូម
- រៀបដាក់ពងមាន់ភ្ញាស់ក្នុងមួយទូចំនួន ៨០ ទៅ ៨៥គ្រាប់
- ផ្តល់កំដៅក្នុងទូដោយមានដាក់ចង្កៀង
- ជួយបង្វិលពងមាន់បន្ថែម ៣ ទៅ ៤ដង ក្នុងមួយថ្ងៃ
- ថែទាំកូនមាន់ញាស់ដោយចាប់ដាក់ទ្រុងបំបែកភ្លាមៗ ក្រោយពេលភ្ញាស់
- យកកូនមាន់ទើបនឹងញាស់ដាក់នៅក្នុងកេសដើម្បីផ្តល់កំដៅ
- ផ្តល់ចំណីដល់កូនមាន់ក្រោយពេលញាស់បាន ១ថ្ងៃ
- រៀបចំទ្រុងសំរាប់មាន់ធំ ដោយមានបង្គងសំរាប់ជាន់សមស្រប
- ផ្តល់ចំណីទៀងទាត់ដល់មាន់ឲ្យឆាប់ធំ៕
ឈឿង ចាន់ថុល
សហគមន៍សម្បូរសប្បាយ