ទោះបីប្រជាជនកាន់តែច្រើន បានងាកមករកមុខរបរ និងជីវិតរស់នៅតាមទីក្រុង និង ទីប្រជុំជនការធ្វើចម្ការ ឬការធ្វើសួនដំណាំ ក៏នៅតែជាសកម្មភាពមួយល្អ ដែលផ្សាភ្ជាប់ ជីវិតយើងជាមួយធម្មជាតិ និងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ការរស់នៅប្រចាំ ថ្ងៃ។ ខាងក្រោមនេះ ជាផលប្រយោជន៍សំខាន់ៗចំនួន ៤ (សមចល) ដែលគ្រួសារលោកអ្នក ទទួលបានពីការមានសួនដំណាំដោយខ្លួនឯង៖
(1) ផលប្រយោជន៍ដល់សុខភាព (ស)
- តាមរយៈសកម្មភាពចលនារាងកាយអ្នកក្នុងការដាំដុះថែទាំដំណាំ
- តាមរយៈការទទួលបានអាហារប្រកបដោយគុណភាព និងសុវត្ថិភាព
- នៅពេលដំណាំលូតលាស់បានផ្លែផ្កាល្អ ធ្វើឱ្យលោកអ្នកមានអារម្មណ៍ សប្បាយរីករាយ (សុខភាពផ្លូវចិត្ត)។
(2) ផលប្រយោជន៍ដល់មិត្តភាព (ម)
- សមាជិកគ្រួសារមានប្តី ប្រពន្ធ កូនរួមគ្នាដាំដុះថែទាំបង្កើនភាបស្និទស្នាល បន្ថែមក្នុងគ្រួសារ
- ផល ដែលទទួលបាន លោកអ្នកអាចចែកឱ្យញាតិមិត្តជិតខាង សម្រាប់បរិភោគ
- ទំនាក់ទំនងរវាងអ្នកធ្វើសួនដំណាំដូចគ្នា ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ ពូជ-ល-។
(3) ផលប្រយោជន៍ចំណេះដឹង (ច)
- ស្គាល់ពីដំណាំ ការលូតលាស់ របៀបដាំដុះ និងថែទាំដំណាំនិមួយៗ
- ចំណេះដឹង និងបទពិសោធន៍ក្នុងការរៀបចំ និងគ្រប់គ្រងសួនដំណាំ
- លោកអ្នក និងជាពិសេសកូនរបស់លោកអ្នករៀនពីរបៀបពិសោធន៍ ដែលជាមូលដ្ឋានគ្រឹះនៃភាពច្នៃប្រឌិតរបស់មនុស្ស
- នៅពេលលោកអ្នកចាត់ទុកសួនដំណាំជាសាលា ហើយដំណាំនិមួយៗជាគ្រូ លោកអ្នកនឹងទទួលបានចំណេះច្រើនពីការមានសួនដំណាំដោយខ្លួនឯង។
(4) ផលប្រយោជន៍លុយ (ល)
- កាត់បន្ថយការចំណាយលើការទិញបន្លែ ផ្លែឈើពីទីផ្សារ
- កាត់បន្ថយចំណាយលើបញ្ហាទាក់ទងជំងឺ
- អាចបានចំណូលខ្លះបន្ថែមពីការលក់កសិផលរបស់លោកអ្នក (អាស្រ័យលើទំហំផ្ទៃដីសួន)។
ដូចបានរៀបរាប់ខាងលើ លោកអ្នកអាចទទួលផលប្រយោជន៍ជាច្រើន ពីការធ្វើសួនដំណាំគ្រួសារ។ តែដើម្បីទទួលបានផលប្រយោជន៍នេះ លោកអ្នកក៏ត្រូវលះបង់ ពេលវេលា និងធនធានខ្លះសម្រាប់ការងារដ៏ល្អនេះ។ លោកអ្នកអាចចាប់ផ្តើមពីការដាំ ដុះនៅជុំវិញផ្ទះ លើដំបូលផ្ទះ (អ្នកមានផ្ទះល្វែង) ឬរកដីតូចមួយនៅតំបន់ជាយក្រុង។
សម្រាប់សួនគ្រួសារ ការមានដំណាំចម្រុះ ដូចជាបន្លែ ឈើហូបផ្លែ ដំណាំគ្រឿងទេស និងផ្កាជាជម្រើសល្អបំផុត។ ដើម្បីផលប្រយោជន៍លោកអ្នក និងក្រុមគ្រួសារអ្នក ការមាន សួនដំណាំខ្លួនឯង តូចក្តី ធំក្តី ជាជម្រើសល្អប្រសើរ៕
សហគមន៍សម្បូរសប្បាយ