Home / កសិកម្ម / បទពិសោធន៍ដាំដំណាំត្រប់ដោយប្រើកាកឡជីវឧស្ម័ន (កសិករ សឿង មុំ)

បទពិសោធន៍ដាំដំណាំត្រប់ដោយប្រើកាកឡជីវឧស្ម័ន (កសិករ សឿង មុំ)

អ្នកមីង​​ សឿង មុំ អាយុ ៤០ឆ្នាំ​ ជាកសិកររស់នៅភូមិត្រពាំងវែងខាងលិច ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។ អ្នកមីងមានបទពិសោធន៍ក្នុងការប្រើប្រាស់កាកសំណល់ឡជីវឧស្ម័នក្នុងការដាំដំណាំត្រប់តាំងពីឆ្នាំ២០០៨ មកម្លេះ។ដោយអ្នកមីងទទួលបានការយល់ដឹងទាំងអស់នេះ តាមរយៈអង្គការសេដាក។ ចំពោះបទពិសោធន៍ក្នុងការប្រើប្រាស់កាកសំណល់ឡជីវឧស្ម័នសំរាប់ដាំដំណាំត្រប់មានដូចខាងក្រោម។

១. របៀបរក្សានូវកាកសំណល់ពេលចេញពីឡ

ឡជីវឧស្ម័នរបស់អ្នកមីង មានទំហំប្រមាណជា ៤ម៉ែត្រគូប ហើយអាចដាក់លាមកសត្វបានប្រមាណជា២០គីឡូក្រាមក្នុងមួយថ្ងៃ។ នៅត្រង់កន្លែងបង្ហូរកាកសំណល់ចេញពីឡ អ្នកមីងបានជីករណ្តៅចំនួន២ ដែលមួយមានទំហំប្រមាណជា ១,៥ម៉ែត្រ​ ២,៥ម៉ែត្រ និងជម្រៅ០,៥​​ ម៉ែត្រ។ រណ្តៅមួយទុកសម្រាប់បង្ហូរកាកសំណល់សើមចេញពីឡ និងមួយទៀតទុកសម្រាប់ដាក់ជីឡលាយជាមួយចំបើង និងស្លឹកឈើងាប់ៗ ​ហើយទុកឲ្យស្ងួតងាយស្រួលក្នុងការយកទៅដាក់ដំណាំ និងធ្វើស្រែ។

២. របៀបប្រើប្រាស់កាកសំណល់ជីឡជីវឧស្ម័ន

ក្នុងការដាំដំណាំត្រប់ អ្នកមីងមានបទពិសោធន៍ដាំជាង២០ឆ្នាំមកហើយ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់បានដាំដំណាំនេះ​ ដោយប្រើជីកាកសំណល់ឡជីវឧស្ម័នមកជំនួសជីលាមកគោនិងជីគីមីវិញ។ ក្នុងការដាំដំណាំត្រប់ អ្នកមីងបានដាក់ជីកាកសំណល់ឡចំនួន២លើក។ លើកទី១ គឺនៅពេលភ្ជួរដីរួច​  គាត់បានកាប់រណ្តៅដាំកូនដោយដាក់ជីកាកសំណល់ឡប្រហែល ១​គីឡូក្រាមក្នុងមួយរណ្តៅ រួចទើបដាំកូនត្រប់ ហើយស្រោចទឹកជាការស្រេច។ លើកទី២ គឺនៅពេលដែលធ្វើរងគាត់បានលុបដីជុំវិញគុម្ពត្រប់​ ​ហើយដាក់ជីកាកសំណល់ឡប្រហែល  ១,៥ គីឡូ​ក្រាម ទៅ២គីឡូក្រាមក្នុងមួយគុម្ព ដោយមិនមានលាយជាមួយជីអ្វីទាំងអស់។ បន្ទាប់ពីនេះ គាត់គ្រាន់តែចាប់សត្វល្អិតចង្រៃ​​ ​ដកស្មៅ ស្រោចទឹកជាការស្រេច។

៣. ការប្រមូលផល

ក្រោយពីដាំបានរយៈពេល ២ខែ ដំណាំត្រប់អាចប្រមូលផលបានបណ្តើរៗ ទិន្នផលសរុបបានប្រមាណជាជិត​  ២០០ គីឡូក្រាម ដោយក្នុងមួយគីឡូក្រាមគាត់អាចលក់បានតំលៃ ២០០០រៀល។  ចំពោះទិន្នផលនេះ បើប្រៀបធៀបជាមួយការដាំដោយប្រើជីគីមីវិញ  ការដាំតាមធម្មជាតិ គឺលើសគ្នាពីដង (ប្រើគីមីបានផល ៨០ ទៅ១០០គីឡូក្រាមតែប៉ុណ្ណោះ)។

៤. ប្រៀបធៀបការប្រើជីគីំមី  និងជីកាកសំណល់ឡជីវឧស្ម័ន

ជីគីមី

កាកសំណល់ឡជីវឧស្ម័ន

–        ធ្វើអោយដីមិនសូវល្អ(រឹង)

–       ទិន្នផលទទួលបានទាប

–       ចំណាយលុយទិញជីគីមីច្រើន

–       ដំណាំមិនសូវមានការលូតលាស់

–       ផ្លែមិនសូវធំល្អ

–       មានសត្វល្អិតបំផ្លាញច្រើន។

–       ធ្វើអោយដីធូរជាងមុន

–       ទិន្នផលទ្វេដង

–       មិនចំណាយលុយទិញជី

–       ដំណាំដុះលូតលាស់លឿនជាងមុន

–       ផ្លែធំៗល្អជាងមុន

–       មិនសូវមានសត្វល្អិតបំផ្លាញ។

៥. ចំណាប់អារម្មណ៍

តាមរយៈការប្រើប្រាស់ជីកាកសំណល់ឡជីវឧស្ម័ន  អ្នកមីងមានចំណាប់អារម្មណ៍ថា វាពិតជាទទួលបានផលប្រយោជន៍យ៉ាងច្រើនក្នុងការដាំដុះដំណាំ ដោយសារតែមិនចំណាយថវិកាក្នុងការទិញជីហើយអាចរកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារបានច្រើនជាង។

សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំដំណាំត្រប់

  • ប្រើជីកំប៉ុស្តដែលផ្សំឡើងពីកាកសំណល់ឡជីវឧស្ម័ននេះចំនួន ២លើក គឺលើកទី១ ដាក់ទ្រាប់បាត លើកទី២ ដាក់តាមរណ្តៅនៅពេលលើករងដាំ
  • ចុះត្រួតពិនិត្យចំការ​ កំចាត់សត្វល្អិតដោយដៃ
  • ដកស្មៅ ស្រោចទឹក១ថ្ងៃម្តង៕

យ៉ិន ចាន់រិត

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ស្វែងយល់៖ ពិនិត្យមុននឹងបញ្ឆេះម៉ាស៊ីន របៀបបញ្ឆេះម៉ាស៊ីន និងរបៀបបញ្ឈប់ម៉ាស៊ីន (ឧបករណ៍កសិកម្ម)

មានបងប្អូនកសិករមួយចំនួនបានដឹងអំពីការពិនិត្យ របៀបបញ្ឆេះ និងរបៀបបញ្ឈប់ម៉ាស៊ីន ដែលជាឧបករណ៍កសិកម្មរួចហើយ ប៉ុន្តែក៏នៅមានកសិករខ្លះមិនទាន់បានដឹងនូវចំណុចទាំងនេះនៅឡើយទេ។ ដើម្បីជាចំណេះដឹងដល់ប្រជាកសិករ សហគមន៍សម្បូរសប្បាយ  បង្ហាញអត្ថបទនេះ ដែលដកស្រង់ចេញពីសៀវភៅ ណែនាំអំពីបច្ចេកទេសនៃការប្រើប្រាស់ និងការដំឡើងឧបករណ៍កិនគ្រាប់ធញ្ញជាតីខ្នាតតូច។