Home / កសិកម្ម / «ទឹកជាបញ្ហា» និង «ទឹកជាឱកាស»

«ទឹកជាបញ្ហា» និង «ទឹកជាឱកាស»

នៅប្រទេសកម្ពុជា ធនធានទឹកកំពុងក្លាយជាបញ្ហាដោយសារនៅរដូវវស្សាសំបូរទឹកពេក រហូតដល់​ជន់លិចលង់ តែនៅខែប្រាំងអត់មានទឹក សូម្បីទឹកបរិភោគក៏រកមិនបានដែរនៅកន្លែងខ្លះ។ បញ្ហាទឹកជាបញ្ហាកើតមានឡើងដដែលៗជារៀងរាល់ឆ្នាំហើយនឹងបន្តក្លាយជាបញ្ហាដដែល ប្រសិនបើយើងមិនព្រមធ្វើអ្វីមួយ ដើម្បីគ្រប់គ្រងធនធាននេះឲ្យបានល្អប្រសើរជាងមុនទេ។ ដើម្បីចូលរួមចំណែកបំលែង «ទឹកជា​បញ្ហា» ទៅ «ទឹកជាឱកាស» តើយើងម្នាក់ៗ ជាពិសេសកសិករអាចធ្វើអ្វីខ្លះឲ្យប្រសើរជាងពេលកន្លងមក?

ខាងក្រោមនេះជាគំនិតសំខាន់ៗមួយចំនួន ដែលជាការរំលឹកដាស់តឿន និងជំរុញបន្ថែម​ដល់​លោក​អ្នក៖

១-ជារៀងរាល់ឆ្នាំ គ្រួសារកសិករគួរបង្កើនពាងទឹកឲ្យបានច្រើនថែមទៀតសម្រាប់ត្រងទឹកភ្លៀងទុក ដោយសារទឹក ១ពាង គឺវាអាចជួយដោះស្រាយទឹកបរិភោគជូនគ្រួសាររបស់អ្នកបានរហូតដល់ ១ខែដែរ។

២-ស្តារត្រពាំង ឬស្រះបន្ថែមជារៀងរាល់ឆ្នាំ ហើយយកដីបាតស្រះ ឬត្រពាំងប្រើជាជី។

៣-រួមគ្នាស្តារប្រឡាយ និងអូរធម្មជាតិដើម្បីបង្កើនការស្តុកទុក និងជួយបើកមុខទឹកទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

៤-យកល្អកសិករ គួររួមគ្នាជីកស្រះទឹកសហគមន៍ ឲ្យបានគ្រប់ភូមិយ៉ាងអន់ណាស់ ១ភូមិឲ្យបាន ១កន្លែង ឬកសាងអាងទឹកតូចៗតាមសហគមន៍ ដើម្បីស្តុកទឹកភ្លៀង។

៥-ពង្រីកស្រះគ្រួសារបន្ថែម  ជាពិសេស ១គ្រួសារគួរមានស្រះ  ឬ ត្រពាំងមួយនៅក្នុងស្រែ។ ស្រះក្នុងស្រែអាចប្រើប្រាស់ ជាកន្លែងសំរាប់បញ្ចេញបញ្ចូលទឹកដល់ស្រែដែលជួយស្រូវលូតលាស់បានល្អ និង​​ ប្រើប្រាស់សម្រាប់ចិញ្ចឹមត្រី ឬទាក់ទាញត្រីធម្មជាតិ​។ ដីដែលបានពីជីកស្រះយកទៅប្រើ   ដើម្បីបង្កើតជាដីទួលសម្រាប់ដាំ បន្លែដំណាំ ឈើហូបផ្លែ ដំណាំចំណីសត្វ។ល។

សរុបមក ប្រសិនបើកសិករយើង១លានគ្រួសារចំណាយលុយទិញពាង១ឬ២ក្នុង១គ្រួសារ និងជីក​ស្រះក្នុងស្រែដែលមានទំហំ ២០០ ទៅ ៣០០ម៉ែត្រក្រឡាចំនួន១គ្រួសារ និងគ្រប់ភូមិមានស្រះសហគមន៍ ឬអាងទឹកសហគមន៍១ យើងនឹងស្តុកទឹកភ្លៀងបានរហូតដល់ពាន់លានម៉ែត្រគូបសម្រាប់ប្រើប្រាស់ និងអាចចូលរួមចំណែកកាត់បន្ថយបញ្ហាទឹកជំនន់ និងភាពរាំងស្ងួតបានមួយចំណែកដែរ៕

 

បណ្ឌិត យ៉ង សាំងកុមារ

Loading...

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំសណ្តែកកួរដោយគ្របថង់ប្លាស្ទិក

លោកពូ ស៊ាង ថន ជាកសិករសហការជាមួយអង្គការសេដាក រស់នៅភូមិក្រសាំងទង​ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ គាត់ជាមនុស្សដែលស្រឡាញ់ការដាំដុះ​ហើយគាត់តែងតែសាកល្បងនូវគំនិតថ្មីជានិច្ច។នៅពេលនេះយើងសូមលើកយកបទពិសោធន៍ដាំសណ្តែកកួរដោយប្រើថង់ប្លាស្ទិក មកបង្ហាញជូនដែលជាគំនិតសាកល្បងរបស់គាត់ដែលបានទទួលពីស្ថានីយពិសោធន៍ពូជបន្លែនៅក្បាលកោះ។