លោកពូ នឹម សុវណ្ណ មានអាយុ៤២ឆ្នាំ ជាកសិកររស់នៅភូមិព្រៃរោង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ គាត់បានសហការជាមួយអង្គការសេដាកនៅឆ្នាំ២០០៩ ហើយបច្ចុប្បន្ន គាត់មានតួនាទីជាប្រធានសមាគមភូមិ និងជាកសិករបង្គោលក្នុងគំរោងការកសាងសហគមន៍កសិដ្ឋានជាកល្ខណៈគ្រួសារអាស្រ័យខ្លួនឯង (BSFC)។ តាមរយៈការប្រែប្រួលលើផ្នែកចំណេះដឹងនេះនិងរួមផ្សំបទពិសោធន៍ផ្ទាល់ខ្លូនរបស់គាត់ខ្លះៗ គឺធ្វើឲ្យគាត់មានបច្ចេកទេសល្អក្នុងការដាំប៉េងប៉ោះដោយមិនប្រើប្រាស់សារធាតុគីមី ហើយទទួលបានទិន្នផលខ្ពស់និងលក់បានថ្លៃដែលបទពិសោធន៍នេះសូមបង្ហាញជូនដូចខាងក្រោម។
១. ការជ្រើសរើសពូជ
ពូជដែលគាត់បានដាំនោះ គឺគាត់បានទិញមកពីផ្សារ។ លោកពូតែងតែអានអក្សរ និងស្លាកសញ្ញានៅលើកំប៉ុងមុននឹងទិញ គាត់អានកាលបរិឆ្ឆេទផុតកំណត់របស់ពូជមានរយៈពេលវែងឬខ្លី និងជាប្រភេទពូជមានតម្រូវការទីផ្សារនិងលក់បានថ្លៃ។
២. ការរៀបចំថ្នាល និងការព្រួសគ្រាប់
ថ្នាលដែលលោកពូបានធ្វើ គឺមានទំហំទទឹង៧តឹក និងបណ្តោយ៣ម៉ែត្រ។ គាត់បានប្រមូលដីមមោកក្រោមម្លប់ឈើមកដាក់លើថ្នាលក្នុងបរិមាណ៧អម្រែកដោយជ្រុំវាឲ្យម៉ដ្ឋល្អ និងរើសកំទេចកំទីមិនល្អចេញ រួចហាលទុកឬគ្របទុករយៈពេល៧ថ្ងៃ។ បន្ទាប់ មកគាត់បានយកគ្រាប់ពូជដែលត្រៀមទុកនោះមកព្រួសលើថ្នាលនោះតែម្តង (បរិមាណ៣ក្រាម)។ បន្ទាប់ពីព្រួសគ្រាប់រួច គាត់បានយកដីមមោកម៉ដ្ឋល្អ មករោយពីលើគ្រាប់ពូជនោះ រួចក្រាលកំទេចចំបើងពីលើទៀត។ បន្ទាប់មកស្រោចទឹកឲ្យសើមល្មម រួចគ្របស្លឹកដូងពីលើរយៈពេល២ថ្ងៃ ទើបបើកគំរបចេញស្រោចទឹកពីរដង (ព្រឹក ល្ងាច) នៅរដូវប្រាំង។ នៅរដូវវស្សាគាត់យកស្បៃ ឈឹបមកគ្របពីលើដើម្បីកុំឲ្យជក់ទឹក។បន្ទាប់ពីដុះបាន១៥ទៅ២០ថ្ងៃ គាត់ដកកូនប៉េងប៉ោះថ្លោសៗដាក់ផ្សាំក្នុងកន្ទោងរយៈពេល៧ថ្ងៃបន្តទៀតទើបយកវាទៅដាំនៅក្នុងរណ្តៅ។
៣. ការរៀបចំដីដាំ និងការដាំ
គាត់បានកាប់ផ្លាក់ដី និងរាស់ឲ្យបានបីសារ ដើម្បីឲ្យដីម៉ដ្ឋល្អព្រមទាំងរោយជីកំប៉ុស្តដែលត្រៀមទុកនោះឲ្យដូចថ្នាលព្រួសកូនរួចភ្ជួរលុបជី និងលើកជារងដែលមានទំហំទទឹង១ម៉ែត្រ បណ្តោយតាមស្ថានភាពដី និងកំពស់រងប្រវែង២តឹក។ ចន្លោះរងពីរងមួយទៅរងមួយប្រវែង៤តឹក ហើយគំលាតពីគុម្ពមួយទៅគុម្ពមួយប្រវែង៦តឹក។គាត់ដាំចំកណ្តាលផ្ទៃរងតែមួយជួរ។គាត់បានដកកូនប៉េងប៉ោះថ្លោសៗយកទៅដាំក្នុងរណ្តៅដោយក្នុងមួយរណ្តៅដាំ១ដើម។ក្រោយពីដាំបានរយៈពេល១សប្តាហ៍ គាត់ជ្រុំគល់ថែមជី និងសំអាតស្មៅជាប្រចាំបើវាដុះច្រើន។ គាត់កំចាត់ដង្កូវជាប្រចាំនៅពេលព្រឹកនិងល្ងាចតាមរយៈការចាប់ដោយដៃ។ បើស្ថានភាពរាំងស្ងួត គឺគាត់ស្រោចទឹកឲ្យសើមជាប្រចាំ។ លុះដល់ប៉េងប៉ោះចាប់មានផ្លែគាត់ចាប់ផ្តើមជម្រះធាងចាស់ៗឲ្យប៉េងប៉ោះទទួលពន្លឺបានគ្រប់គ្រាន់ ដើម្បីជួយឲ្យផ្លែធំៗល្អៗ។
ប្រវែង៦តឹក។គាត់ដាំចំកណ្តាលផ្ទៃរងតែមួយជួរ។គាត់បានដកកូនប៉េងប៉ោះថ្លោសៗយកទៅដាំក្នុងរណ្តៅដោយក្នុងមួយរណ្តៅដាំ១ដើម។
៤. ការប្រមូលផល
ក្រោយពីដាំបានរយៈពេល៦៥ថ្ងៃ គាត់បានចាប់ផ្តើមបេះផ្លែដំបូងលក់បណ្តើរៗព្រមទាំងបេះជារៀងរាល់ថ្ងៃប្រមាណ ៤០kg ក្នុងមួយថ្ងៃ។ បេះរយៈពេល៣០ថ្ងៃទើបអស់ផ្លែ (២ថ្ងៃបេះម្តង) គាត់ប្រមូលផលសរុបបានចំនួន ១.២៧០kg ក្នុងនោះលក់ប្រមាណ ១.០១០kg ដែលបានទឹកប្រាក់ចំនួន២.៩០៨.០០០រៀល។ការលក់នេះមិនបានគិតទៅលើការបរិភោគក្នុងគ្រួសារឡើយ។
ការវិភាគចំណូលចំណាយ
ការចំណាយ | ចំណូល |
– ពូជ ១៩.០០០រៀល
– បូមទឹក ២២.៥០០រៀល – លាមកមាន់ ៣៩.០០០រៀល – កំលាំងពលកម្ម ៣០ថ្ងៃមួយថ្ងៃ ២០.០០០រៀល សរុប ៦០០.០០០រៀល |
លក់បានចំណូល ២.៩០៨.០០០រៀល |
សរុបការចំណាយ ៦៨០.៥០០រៀល | សរុបចំណូល ២.៩០៨.០០០រៀល |
ប្រាក់ចំណេញសុទ្ធ ២.២២៧.៥០០រៀល |
តាមរយៈការដាំប៉េងប៉ោះនេះ លោកពូសង្កេតឃើញថា គាត់ទទួលបានទិន្នផលខ្អស់ និងប្រាក់ចំណូលខ្ពស់ដោយសារគាត់ដាំទាន់ពេលវេលា ជាពិសេសស្របតាមតម្រូវ ការទីផ្សារ និងមានការត្រៀមទុកជាមុននូវជីធម្មជាតិសំរាប់ការដាំដុះនិងការថែទាំបានល្អ។
សរុបនូវបទពិសោធន៍និងបច្ចេកទេសសំខាន់ៗក្នុងការដាំប៉េងប៉ោះ
- ជ្រើសរើសពូជដែលមានកាលបរិច្ឆទច្បាស់លាស់ និងរយៈពេលផុតកំណត់វែង
- រៀបចំថ្នាលបណ្តុះកូនឲ្យបានល្អ និងប្រើដីមមោកឲ្យបានច្រើន
- ព្រួសគ្រាប់រង្វើល ដើម្បីធានាកូនបានថ្លោសល្អ
- រៀបចំដីសំរាប់ដាំដុះឲ្យបានល្អ និងដាំក្នុងចន្លោះគុម្ពសមស្រប
- ផ្លែប៉េងប៉ោះគាត់ប្រមូលផលបណ្តាក់គ្នា និងរាល់ក្រោយការប្រមូលផលត្រូវថែមជីភ្លាម ដើម្បីឲ្យផ្លែបនុ្តនៅតែធំនិងថ្លោស៕
អ៊ូច វិទូ
សហគមន៍សម្បូរសប្បាយ