Home / កសិកម្ម / បទពិសោធន៍ក្នុងការដាំតាំងអោ (កសិករ ឌី សុម៉ាលី)

បទពិសោធន៍ក្នុងការដាំតាំងអោ (កសិករ ឌី សុម៉ាលី)

[vc_row][vc_column][vc_column_text]អ្នកមីង​ ឌី​ សុម៉ាលី មានអាយុ​៤៧ឆ្នាំ ជាកសិកររស់នៅភូមិធ្នង់កំបុត្រ ឃុំស្វាយជ្រុំ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។​ គាត់ទើបតែចូលរួមជាមួយអង្គការសេដាក នៅឆ្នាំ​២០១២។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំជាច្រើន​ដូចជាតាំងអោ​​ គិនឆាយ ស្ពៃចង្កឹះ ស្ពៃខៀវ​ ម្រះ ត្រសក់​​​ ននោង សណ្តែកកួរ​​ ដោយមានបច្ចេកទេសល្អ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុផង។ គាត់បានចែករំលែកនូវចំណុចសំខាន់ៗ​ក្នុងការដាំដុះដំណាំ

ដែលទទួលបានជោគជ័យ​គឺដោយសារការចេះរៀបចំសួនបន្លែ​ ការរៀបចំដី ថែទាំដិតដល់ និងប្រើប្រាស់ជីធម្មជាតិ ជាពិសេសជីកំប៉ុស្ត លាមកសត្វ​​ និងធ្យូងអង្កាម ទើបធ្វើឲ្យដំណាំតាំងអោនិងដំណាំផ្សេង ៗលូតលាស់បានល្អ ហើយមានរសជាតិឆ្ងា្ញញ់ទៀតផង។ ខាងក្រោមនេះជាបទពិសោធន៍ក្នុងការដាំដំណាំរបស់គាត់៖

១.​ ការសាបគ្រាប់ពូជ និងការរៀបចំថ្នាលបណ្តុះគ្រាប់

អ្នកមីងបានទិញគ្រាប់ពូជមកពីទីផ្សារយកទៅសាបនៅលើរង។ មុននឹងសាបគាត់បានយកគ្រាប់ទៅត្រាំទឹកទុករយៈពេលមួយថ្ងៃ​​​ ដើម្បីឲ្យគ្រាប់ពូជស្រូបយកទឹកបានល្អ  និងឆាប់ចេញពន្លក។ ​ចំពោះរងវិញគាត់កាប់ដីហាលចំនួន​៣ថ្ងៃហើយកាប់ត្រឡប់មកវិញដោយលាយជាមួយជីស្រេចតែម្តង។ បន្ទាប់មកគាត់យកគ្រាប់ទៅសាបនៅលើថ្នាលដែលបានរៀបចំជាស្រេច។ ថ្នាលមានទទឹង​១ម៉ែត្រ​ បណ្តោយ១ម៉ែត្រ ហើយគាត់បានលាយជីកំប៉ុស្តគោក ធ្យូងអង្កាម និងដីដំបូកច្របល់ឲ្យសព្វចំនួន ២គីឡូក្រាម សំរាប់ទ្រាប់បាត។ ​ក្រោយពេលសាបគាត់បានកាប់កំទេចចំបើងខ្លីៗមកដាក់គ្របពីលើថ្នាលការពារការខ្ទាតគ្រាប់នៅពេលស្រោចទឹក និងសំរាប់រក្សាសំណើមដី។ គាត់គ្រប   រយៈពេល ៤ថ្ងៃ​ ទើបគាត់ដកចំបើងចេញឲ្យវាដុះ និងត្រូវពន្លឺថ្ងៃគ្រប់គ្រាន់។​​ ក្រោយពេលសាបរួចគាត់ស្រោចទឹក​១ថ្ងៃ​២ដង រហូតដល់កូនដំណាំរបស់គាត់ធំ​គ្រប់អាយុសំរាប់ដកយកទៅស្ទូង។

២. ការរៀបចំដីនិងការស្ទូងកូន

គាត់ភ្ជួរហាលដីរយៈពេល៥ថ្ងៃ​ បន្ទាប់មកគាត់ភ្ជួរដីត្រលប់មកវិញដោយពេលនោះមានលាយជាមួយជីកំប៉ុស្ត ៥បង្គីនៅលើរងដែលមានទទឹង១ម៉ែត្រ និងបណ្តោយ១២ម៉ែត្រ។ ក្រោយមកគាត់រាស់ឲ្យដីរាបស្មើ  ហើយលើកជារងរួចស្រោចទឹកឲ្យសើមល្មមមុនយកកូនមកដាំ។ កូនតាំងអោមានអាយុ ១៥ថ្ងៃ គាត់បានដកយកទៅស្ទូង នៅលើដីដែលបានរៀបចំស្រេច។ គាត់ដកយកតែកូនណាដែលថ្លោសមកដាំដោយដាក់ដាំញឹកៗជិតគ្នា ហើយដាំនៅពេលល្ងាច។ ការដាំនៅពេលល្ងាចអាចការពារកូនដំណាំមិនអោយស្រពោន និងអាចជួយរក្សាសំណើមដីបានផងដែរ។ក្រោយពេលដាំគាត់បានគ្របកូនដំណាំរយៈពេល២ថ្ងៃ ​ហើយការគ្របនេះគឺចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៤រសៀលមេឃត្រជាក់ល្មម ទើបគាត់ដកគំរបចេញ។

៣. ការថែទាំ

ក្រោយពេលដាំ គាត់បានជ្រោយដីដកស្មៅ។ បន្ទាប់ពីដាំបាន ២០ទៅ២៥ថ្ងៃ គាត់កាត់ប្រមូលផលរួចដាក់បន្ថែមជីកំប៉ុស្ត ២បង្គីក្នុងមួយរង។ ការស្រោចទឹក​១ថ្ងៃ២ដង ពេលព្រឹកព្រលឹមនិងពេលល្ងាចចាប់ពីម៉ោង​៤ល្ងាចទៅ។ អ្នកមីងបានប្រាប់ថារាល់ដំណាំយកស្លឹកដូចជាតាំងអោការប្រើប្រាស់មេជីកំប៉ុស្តទឹក គឺធ្វើឲ្យដំណាំដុះលូតលាស់បានលឿន និងជួយកាត់បន្ថយការបំផ្លាញពីពពួកសត្វល្អិតថែមទៀតផង។ គាត់ស្រោចកំប៉ុស្តទឹកលើដំណាំដែលមានអាយុ ៧ថ្ងៃគឺស្រោច៧ថ្ងៃម្តង។ ទឹកជីនេះគាត់បានផ្សំដោយខ្លួនឯងដោយយកជីទឹក១លីត្រ ​លាយជាមួយទឹក១៥លីត្រ ស្រោចទៅលើដំណាំនៅពេលល្ងាច រួចស្រោចទឹកធម្មតានៅពេលព្រឹក។

៤.​ ការប្រមូលផលដំណាំ

ក្រោយពីដាំបានរយៈពេល២០ថ្ងៃ តាំងអោអាចប្រមូលផលបាន មុនពេលប្រមូលផលគាត់ផ្អាកស្រោចជីទឹក ៥ថ្ងៃ​​ ដើម្បីទុកឲ្យដើមនិងស្លឹកមានពណ៌ល្អ។ គាត់អាចប្រមូលផលបានរហូតដល់ទៅ​ ៤ដង​ក្នុងមួយ វដ្តជីវិត។ ហើយគាត់ប្រមូលផល ដោយគាត់កាត់នឹងកាំបិតមុតស្រួច​ឬកន្ត្រៃដើម្បីឲ្យល្អ។ គាត់ធ្វើការប្រមូលផលនៅពេលព្រឹក រួចបន្ទាប់ មកគាត់យកទៅដាក់ក្នុងកញ្ឆេដែលមានទ្រាប់ស្លឹកចេក​ ឬស្លឹកឈូក ពីក្រោម ដោយតម្រៀបជាជួរនិងទុកឲ្យមានចន្លោះខ្យល់ចេញចូលផងដែរ​​ ដើម្បីជៀសវាងការរលួយ។

៥. ​ចំណាប់អារម្មណ៍

អ្នកមីងមានចំណាប់អារម្មណ៍ថា​ ចំពោះការដាំដំណាំប្រភេទនេះ គឺគាត់មិនសូវមានភាពនឿយហត់ប៉ុន្នានទេ ឲ្យតែមានទឹកសំរាប់ស្រោចបានគឺអាចដាំបានហើយ។​​ ចំពោះដំណាំប្រភេទយកស្លឹក និងដើមបែបនេះ​ គឺគ្រាន់តែស្រោចទឹក ដាក់ជីកំប៉ុស្តគោក​លាយជាមួយធ្យូងអង្កាម ហើយស្រោចជីកំប៉ុស្តទឹកនោះ គឺវាល្អគ្រប់គ្រាន់ហើយ ព្រោះជីធម្មជាតិប្រភេទនេះ វាអាចជួយឲ្យដីមានជីវជាតិល្អបានយូរ​មិនងាយខ្សោះទឹក​ ហើយជាពិសេស គឺវាធ្វើឲ្យដំណាំធន់ទៅនឹងការប្រែប្រួលអាកាសធាតុទៀតផង។​ ចំពោះទីផ្សារវិញនោះ គាត់បានយកទៅលក់ក្នុង១គីឡូក្រាមបាន    តំលៃ៦.៥០០រៀល ការលក់នេះគឺមិនបានគិតពីការហូបចុកក្នុងគ្រួសារទេ។ សរុបប្រាក់ចំណូលក្នុងការលក់តាំងអោបាន ៥៩ម៉ីនរៀលលើផ្ទៃដី២អារ។

សរុបមកបទពិសោធន៍សំខាន់ៗក្នុងការដាំតាំងអោមាន

  • យកគ្រាប់ពូជទៅត្រាំទឹកដើម្បីដាស់ដំណេកគ្រាប់
  • រៀបចំថ្នាលសាបគ្រាប់និងរងស្ទូងកូនដោយប្រើជីកំប៉ុស្តគោក និងជីអង្កាមទ្រាប់បាតរង
  • ដកកូនតាំងអោដែលមានដើមថ្លោសៗ​ និងមានអាយុ១៥ថ្ងៃទៅដាំ ​(ដាំនៅពេលល្ងាច)
  • ក្រោយពីដាំបាន ១សប្តាហ៍កូនតាំងអោរឹងមាំគាត់ចាប់ផ្តើមស្រោចជីកំប៉ុស្តទឹកបន្ថែម
  • ផ្អាកស្រោចទឹក ៥ថ្ងៃ មុនពេលប្រមូលផលដើម្បីឲ្យដើមនិងស្លឹកមានពណ៌ល្អ

បូ គីមី

សហគមន៍សម្បូរសប្បាយ[/vc_column_text][/vc_column][/vc_row]

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។