Home / កសិកម្ម / បទពិសោធន៍ដាំស្ពៃក្តោប (កសិករ ជា គឹមលី)

បទពិសោធន៍ដាំស្ពៃក្តោប (កសិករ ជា គឹមលី)

លោកពូ ជា គឹមលី ជាកសិកររស់នៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​ លោកពូជាក្រុមកសិករផលិតបន្លែសរីរាង្គដែលចងក្រងដោយអង្គការសេដាក។ ​គាត់មានបទពិសោធន៍ល្អក្នុងការដាំស្ពៃក្តោប​ និងបន្លែផ្សេងៗ ដោយមិនប្រើជីគីមី​និងថ្នាំពុលគីមី។ បន្លែទាំងអស់នោះ​គឺគាត់បានលក់ទៅកាន់ទីផ្សារណាត់​សហគមន៍កសិផលធម្មជាតិនៅស្រុកត្បូងឃ្មុំ​និងលក់ទៅឲ្យឈ្មួញកណ្តាល។​ ចំពោះបទពិសោធន៍ដាំស្ពៃក្តោបរបស់គាត់មានបង្ហាញជូនដូចខាងក្រោម។

១.​ការរៀបចំដីសាបគ្រាប់ស្ពៃ

គាត់បានធ្វើថ្នាលដែលមានបណ្តោយ ៣ម៉ែត្រ ​និង​ ទទឹង ១,២ម៉ែត្រ​​ ហាលចោលរយៈពេល​៣ថ្ងៃ។ នៅលើថ្នាលគាត់បានប្រើជីកំប៉ុស្តប្រមាណ ១០បង្គីជ្រុំកាប់បញ្ចូលគ្នាក្នុងដី​ បន្ទាប់មកយកគ្រាប់សាបលើថ្នាល (យកគ្រាប់ពូជមកលាយជាមួយនឹងផេះដើម្បី​សាបបានស្មើគ្នាល្អ)​ បន្ទាប់ពីសាបហើយ កាត់កំទេចចំបើងគ្របពីលើ​​ រួចស្រោចទឹករហូតកូនស្ពៃមានអាយុ ២៥ ទៅ ៣០ថ្ងៃ ​ទើបដកកូនយកទៅស្ទូង។ ក្នុងកំឡុងពេលនេះ គាត់បានប្រើជីកំប៉ុស្តទឹកស្រោចបំប៉នរយៈពេល ៣ថ្ងៃម្តង ដើម្បីឲ្យកូនស្ពៃ​លូតលាស់លឿន​​ និងមានសុខភាពល្អមុនដកយកទៅស្ទូងក្នុងថ្នាល​។​

២.ការធ្វើដីនិងការដាំ

ក្នុងការដាំគាត់ភ្ជួរដីហាលរយៈពេល១អាទិត្យ​​ បន្ទាប់មកលើកជារងសំរាប់ដាំដែលមាន បណ្តោយ​ ១៥ម៉ែត្រ ទទឹង២០ម៉ែត្រ កំពស់រង២តឹក។ ដាំចន្លោះពីរងមួយទៅរងមួយ​៣ទៅ៤តឹក។ ក្នុង១រង ដាំ២ជួរ​​ ចន្លោះពីជួរមួយទៅមួយ ៥តឹក និងចន្លោះពីរណ្តៅមួយទៅមួយ៣តឹក។ ចំពោះការដាំគាត់បានកាប់រណ្តៅទំហំ​១ចបដោយដាក់ជីកំប៉ុស្ត១ដៃ ច្របល់ឲ្យសព្វរួចលុបដី ទើបយកកូនស្ពៃទៅដាក់ដាំក្នុង១រណ្តៅដាំ ១ដើម​ ដាំនៅពេលល្ងាចត្រជាក់និងសង្កត់ដីនៅគល់កូនដំណាំឲ្យណែន។ក្រោយពីដាំហើយគាត់បានយកធាងដូង​​ ស្លឹករាំង​ដោតគ្របការពារកំដៅថ្ងៃរយៈពេល៣ថ្ងៃដើម្បីឲ្យកូនស្ពៃរឹងមាំ ចាប់ឫសបានល្អ ទើបលែងគ្រប។

៣​.ការថែទាំ

ក្រោយពីស្ទូងកូនបាន​១ខែ គាត់បំប៉នជីកំប៉ុស្តទឹកតាមគល់​ គឺស្រោចនៅពេលល្ងាច​លុះព្រលឹមឡើងស្រោចទឹកធម្មតាលាងចេញ។ គាត់បន្តស្រោចទឹករយៈពេល១ថ្ងៃ២ដងនៅរដូវក្តៅ។ ក្រៅពីការស្រោចទឹកគាត់បានធ្វើស្មៅបំផុសដីនិងស្រោចជីទឹកបំប៉នរយៈពេល៣ថ្ងៃម្តង។

របៀបនៃការធ្វើជីទឹក មានបង្ហាញជូនដូចខាងក្រោម៖

ធាតុផ្សំ

ស្លឹកទន្ទ្រាងខេត្រ​ ២,៥គីឡូក្រាម, អង្កាញ់ អង្គារដី ៥គីឡូក្រាម,​ លាមកសត្វគ្រប់ប្រភេទស្រស់ ៣គីឡូក្រាម និងទឹកនោមគោ ២០លីត្រ។

របៀបផ្សំ

យកស្លឹកទន្ទ្រាងខេត្រ ស្លឹកអង្កាញ់​​​ និងអង្គារដី មកចិញ្ច្រាំឲ្យល្អិត រួចយកទៅច្របល់ជាមួយលាមកគោឲ្យ​សព្វ ទើបយកទៅដាក់នៅក្នុងពាង ចាក់ទឹកនោមគោចូល​ និងត្រាំទុករយៈពេល ១ខែ ដើម្បីឲ្យជីកាច់បានល្អ។

របៀបរក្សាទុក

គាត់រក្សាទុកទឹកជីនៅក្រោមម្លប់ឈើកុំឲ្យត្រូវក្តៅពេក។ ក្នុងរយៈពេលរក្សាទុក គឺត្រូវកូរមួយថ្ងៃម្តង ឬពីរដង​។ពេលកូរត្រូវពាក់ម៉ាសការពារ ជៀសវាងក្លិនមិនល្អឈួលចេញពីទឹកជីធ្វើឲ្យប៉ះពាល់ដល់សុខភាព។

     របៀបប្រើ

យកទឹកថ្នាំ ១កូនផ្តិល លាយទឹកធម្មតា​១ធុងស្ពេត្រូ ​ស្រោចទៅលើបន្លែនៅពេលល្ងាចលុះព្រឹកឡើងស្រោចទឹកធម្មតាលាងវិញ។ ​ក្នុងមួយអាទិត្យ ស្រោចទឹកជីនេះចំនួន​២ទៅ៣ដង​ និងផ្អាកប្រើវាមុនពេលប្រមូលផលពី៥ ទៅ១០ថ្ងៃ។

៤.ការប្រមូលផល

ក្រោយពីដាំបានរយៈពេល​៣ខែ គាត់ចាប់ផ្តើមប្រមូលផល។ ស្ពៃក្តោបមួយគុម្ពមានទំងន់១,៥គីឡូក្រាម ទៅ២គីឡូក្រាម និងតូចបំផុត១គីឡូក្រាម។ ក្នុង១គីឡូក្រាម លក់បានតំលៃ ៣.៥០០រៀល។ ក្នុងមួយរដូវដាំដុះគាត់អាចប្រមូលផលបាន ២៣០គីឡូក្រាម គាត់លក់បានប្រាក់ ៨០៥.០០០រៀល ដោយមិនគិតពីការចែកអ្នកជិតខាង និងបរិភោគផ្ទាល់ខ្លួន។

សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំស្ពៃក្តោបមាន៖

  • សាបកូនស្ពៃក្តោបនៅលើថ្នាលដោយប្រើជីកំប៉ុស្ត
  • ស្រោចទឹកជីបំប៉នពេលកូនស្ពៃក្តោបនៅក្នុងថ្នាលឲ្យមានសុខភាពល្អ
  • ភ្ជួររាស់ដីឲ្យបានរាបស្មើ និងលើកជារង
  • ដាក់ជីកំប៉ុស្តបំប៉ននៅតាមរណ្តៅនីមួយៗនៅពេលដាំ
  • ថែទាំស្រោចទឹកជីបំប៉នស្ពៃក្តោបដើម្បីឲ្យឆាប់ធំ
  • ដាំមួយរង ២ជួរ​ ចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ៣តឹក៕ពាន​សុខា​ និង ស៊ិន អង្គារសាធ

    សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំដំណាំប៉េងប៉ោះ

កសិករ ស្រី​ សេងវឿន រស់នៅភូមិបន្ទាយសំរោង ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំប៉េងប៉ោះទទួលបានផលខ្ពស់ ដែលបទពិសោធន៍នេះ គឺជាគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់។ ក្នុង ១រដូវដាំដុះរយៈពេល៣ខែ លើផ្ទៃដី៣អារ​ គាត់អាចទទួលបានប្រាក់ចំណូល ៣៦០.០០០រៀលសំរាប់ផ្គត់ផ្គង់គ្រួសារ។