Home / កសិកម្ម / បទពិសោធន៍ចិញ្ចឹមទាកាប (កសិករ ញូង ឃាន)

បទពិសោធន៍ចិញ្ចឹមទាកាប (កសិករ ញូង ឃាន)

លោកពូ​ ញូង​​ ឃាន ជាកសិកររស់នៅភូមិព្រៃទំនប់ ឃុំដូនតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមទាកាប (ទាសំពៅ) ដោយប្រើចំណីធម្មជាតិ ដូចជាចុងអង្ករ កន្ទក់ និងបន្លែជុំវិញផ្ទះមានស្លាប ទា ដើមចេកបុក ត្រកួនចិញ្ជ្រាំ ដោយឲ្យស៊ីមួយថ្ងៃពីរដង។ គាត់ចាប់ផ្តើមចិញ្ចឹមដំបូងមានកូនទា ១៥០ក្បាល ទទួលបានប្រាក់ចំណូលមកវិញប្រមាណ ២.៣០០.០០០រៀល ក្នុងរយៈពេល៥ទៅ៦ខែ។ ចំពោះបទពិសោធន៍ចិញ្ចឹមរបស់គាត់មានបង្ហាញជូនដូចខាងក្រោម៖

១.ការរៀបចំទ្រុង

ទារបស់គាត់ត្រូវបានដាក់ចិញ្ចឹមក្នុងទីធ្លាទំហំ១០ម៉ែត្រ​បួនជ្រុង និងដីស្រះមានទំហំ ៥x៧​ម៉ែត្រ និងជំរៅ ១,៥មែត្រ​​ សំរាប់ដាក់ចកនិងកំប្លោកឲ្យទា ហែលលែងទឹក​។ ទ្រុងទីធ្លាត្រូវបានហ៊ុមព័ទ្ធដោយសំណាញ់ខៀវ ​​​និងសង់ទ្រុង១បន្ថែមដែលមានទំហំ ២ម៉ែត្រ ទទឹង១,៥ម៉ែត្រ ដំបូលប្រក់ស្លឹក សំរាប់ទាជ្រកពេលក្តៅ និងពេលភ្លៀង។

២.ការផ្តល់ចំណី

ក.ចំណីកូនទា

ពេលកូនទានៅតូច  គាត់បានដាក់ចំណីឲ្យស៊ី ២ដងក្នុងមួយថ្ងៃ។ ចំណីដែលគាត់បានដាក់ឲ្យកូនទាស៊ីមានដូចជា  កន្ទក់ ៣០ភាគរយ, កាកសណ្តែកសៀង ៣០ភាគរយ, ចុង​អង្ករ ឬពោតកិន​៣០ភាគរយ និងបន្ថែមចំណីទិញពីទីផ្សារបន្តិច​បន្តួច។  ចំណីខាងលើត្រូវបានយកមកច្របល់បញ្ចូលគ្នាឲ្យសព្វ រួចដាក់ចូលទៅក្នុងស្នូកចំណីឲ្យវាស៊ី។ ក្រៅពីចំណីគាត់ក៏បានដាក់ទឹកសំរាប់ឲ្យកូនទាផឹកជាប្រចាំផងដែរ។

ខ. ចំណីទាធំ

នៅពេលទាមានអាយុ ២ខែ គាត់ផ្តល់ចំណី ១ថ្ងៃ ២ដងដដែល ប៉ុន្តែត្រូវលាយច្រើនមុខជាងកូនទា។ ក្រៅពីចំណីខាងលើ (កន្ទក់ កាកសណ្តែក សៀង ចុងអង្ករ ឬពោតកិន) គាត់បានហាន់ដើមចេក យកទៅបុកឲ្យល្អិត ១ដើម ក្នុងមួយថ្ងៃ ច្របល់ចូលគ្នាឲ្យសព្វរួចដាក់ក្នុងស្នូក ឬចានដែកឲ្យវាស៊ី។ ក្រៅពីចំណីនៅមានដាក់ទឹកជាប្រចាំឲ្យទាផឹក​។ នៅរដូវក្តៅ  គាត់ក៏បានត្រាំទឹកដើមល្ហុងខ្វងសំរាប់ឲ្យវាផឹកជំនួសទឹកធម្មតាវិញ ដើម្បីការពារជំងឺឆ្លង។

៣.ការថែទាំ

លោកពូតែងជួបប្រទះបញ្ហាពេលកូនទានៅតូចព្រោះទ្រុងចង្អៀតគាត់ដាក់ទា ១០០ក្បាល ធ្វើឲ្យវាជាន់គ្នាងាប់ខ្លះ។ ក្រៅពីនេះគាត់តែងតែបោសសំអាតទីធ្លា និងលាងសំអាតស្នូកទឹក ស្នូកចំណីប្តូរទឹកស្អាតរៀងរាល់ថ្ងៃ។ គាត់តែងតែសង្កេតមើលក្រែងមានសត្វទាឈឺសំកុក ឬហេតុការណ៍ផ្សេងៗ។

៤.​ចំណាប់អារម្មណ៍

ក្រោយពីចិញ្ចឹមទាបានរយៈពេល ២ ទៅ ៣ខែ ទាមានទំងន់ ២ ទៅ ២,៥គីឡូក្រាម គាត់អាចលក់បាន១ក្បាលជាមធ្យម ១៥.០០០រៀល។ គាត់លក់ទាសរុបបានប្រមាណជា ២.៣០០.០០០រៀល និងចំណាយអស់ប្រមាណជា​ ១.២០០.០០០រៀល។

យោបល់បន្ថែមលើការចិញ្ចឹមទា

  • ការដាក់ទឹកឲ្យកូនទាផឹកមានសារៈសំខាន់ណាស់ធ្វើយ៉ាងណាកុំឲ្យទាដាច់ទឹក ហើយទឹកដាក់ឲ្យទាផឹកត្រូវស្អាត ព្រោះបើទឹកកខ្វក់អាចធ្វើឲ្យកូនទាកើតជំងឺផ្សេងៗបាន
  • នៅសប្តាហ៍ដំបូងគេដាក់កូនទាពី ២៥ ទៅ ២៨ក្បាល ក្នុងផ្ទៃក្រឡា ១ម៉ែត្រការ៉េ។

សរុបបច្ចេកទេសសំខាន់ៗក្នុងការចិញ្ចឹមទាមាន៖

  • រៀបចំទ្រុង សំរាប់ទាដេក និងទ្រុងទីធ្លា សំរាប់ការពារក្តៅ និងភ្លៀង
  • ផ្តល់ចំណីសមស្រប​ ដោយមានចំណីសំរាប់កូនទា និងទាធំ និងត្រូវផ្តល់ចំណី២ដង ក្នុងមួយថ្ងៃ
  • សំអាតទ្រុង ស្នូកទឹកចំណីជាប់ជាប្រចាំដើម្បីការពារកុំឲ្យកើតជំងឺ
  • រៀបចំឲ្យមានស្រះរក្សាទុកទឹក សំរាប់ទុកឲ្យទាលេង៕

ពាន សុខា និង ស៊ិន  អង្គារសាធ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក (កសិករ មាស អូន)

អ្នកមីង មាស អូន ជាកសិកររស់នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមត្រីក្នុងរណ្តៅប្លាស្ទិក ដែលគាត់បានទទួលការបណ្តុះបណ្តាលពីអង្គការសេដាក។ ក្រោយពីចិញ្ចឹមបានរយៈពេល៣ខែ ត្រីរបស់គាត់មានទំងន់៣ខាំក្នុងមួយក្បាល ដែលអាចចាប់លក់ និងធ្វើម្ហូបបានជាបណ្តើរៗ។ ចំពោះបទពិសោធន៍មានបង្ហាញជូនដូចខាងក្រោម៖