Home / កសិកម្ម / ស្រូវ / ការប្រើប្រាស់កាកសំណល់ឡជីវឧស្ម័នក្នុងការដាំដំណាំស្រូវ

ការប្រើប្រាស់កាកសំណល់ឡជីវឧស្ម័នក្នុងការដាំដំណាំស្រូវ

អ្នកមីង ម៉ៅ មុំ អាយុ៤០ឆ្នាំ​ ជាកសិកររស់នៅភូមិត្រពាំងម្នាស់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ អ្នកមីងមានបទពិសោធក្នុងការប្រើប្រាស់កាកសំណល់ឡជីវឧស្ម័នក្នុងការធ្វើស្រែចំការចាប់តាំងពីឆ្នាំ២០១១ មកម្លេះ។ ដោយ អ្នកមីងទទួលបានការយល់ដឹងទាំងនេះ តាមរយៈអង្គការសេដាក។ចំពោះបទពិសោធន៍ក្នុងការប្រើប្រាស់កាកសំណល់ឡជីវឧស្ម័នក្នុងការធ្វើស្រែមានដូចខាងក្រោម៖

១-របៀបរក្សានូវកាកសំណល់ពេលចេញពីឡ

ឡជីវឧស្ម័នរបស់អ្នកមីងដែលប្រើប្រាស់ប្រចាំថ្ងៃមានទំហំប្រមាណជា៤ម៉ែត្រគូប ​ដែលផ្ទុកបានលាមកសត្វជាង១តោន។ ក្នុងឡគាត់បានដាក់លាមកសត្វ​១៥គីឡូក្រាម ​និងទឹកចំនួន១៥គីឡូក្រាម ​ដែលអាចប្រើបាន  រយៈពេល៤ម៉ោង (ប្រើប្រាស់វារហូត)។ នៅពេលឡដំណើរការបានបង្ហូរចេញនូវកាកសំណល់ប្រមាណជា ៣០គីឡូក្រាម ក្នុងមួយថ្ងៃ។ នៅត្រង់កន្លែងបង្ហូរកាកសំណល់ចេញពីឡ​ អ្នកមីងបានជីករណ្តៅដែលមានទំហំ ៣x៤ម៉ែត្រ​​ សម្រាប់ដាក់កាកសំណល់លាយជាមួយនឹងស្លឹកឈើងាប់ៗ និងទុកឲ្យស្ងួតទើបយកទៅបាចក្នុងស្រែ ពីព្រោះដើម្បីឲ្យមានភាពងាយស្រួលក្នុងការដឹកជញ្ជូនទៅស្រែ។

២-របៀបប្រើប្រាស់កាកសំណល់ក្នុងការធ្វើស្រែ

លើផ្ទៃដីស្រែប្រមាណ ១,៥​​ហិចតា គាត់បានដាក់កាកសំណល់ឡចំនួន ២ដង៖ លើកទី១ នៅពេលភ្ជួរដាស់ដីហាល។ បន្ទាប់មកគាត់ចាប់ផ្តើមបញ្ចូលទឹកភ្ជួររាស់​ ហើយបាចគ្រាប់ពូជ (ដាំព្រួស)។​ លើកទី២ នៅពេលស្រូវមានអាយុ ២ ទៅ ៣សប្តាហ៍ ទើបគាត់ចាប់ផ្តើមយកកាកសំណល់ឡជីវឧស្ម័នទៅបាចលើស្រូវម្តងទៀត។

៣-ការប្រមូលផល

ទិន្នផលស្រូវដែលគាត់ប្រមូលបានសរុបចំនួន ៣,៥​តោន លើផ្ទៃដីចំនួន ១,៥ហិចតា ដែលគិតជាប្រាក់សរុបមកប្រមាណជា ​៣.៦០០.០០០រៀល ក្នុងរយៈពេល ៤ខែ។ ដោយឡែកកាលពីអ្នកមីងធ្វើស្រែដោយប្រើប្រាស់ជីគីមី គាត់ទទួលទិន្នផលបានត្រឹមតែ ​២,៥តោនតែប៉ុណ្ណោះនៅលើផ្ទៃដី១,៥ហិចតាដូចគ្នា៕

សហគមន៍សម្បូរសប្បាយ                                                                 ស៊ិន អង្គារសាធ និង យ៉ិន ចាន់រិត

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ក្នុងការផលិតស្រូវពូជឲ្យបានល្អ (កសិករ អ៊ុក ភឿន)

លោក អ៊ុក ភឿន ជាកសិកររស់នៅភូមិស្រីជ័យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ គាត់បានអនុវត្តការធ្វើស្រែតាមប្រព័ទ្ធប្រពលវប្បកម្មស្រូវតាមគោលការណ៍ធម្មជាតិ បានជោគជ័យក្នុងពីឆ្នាំ២០០៣។ ដើម្បីអាចឲ្យគាត់ទទួលផលស្រូវកាន់តែច្រើនថែមទៀត គាត់បានសំរេចសាកល្បងកែលំអរបៀបផលិតពូជស្រូវបន្ថែមទៀត។