បងស្រី ហេង ស៊ីនួន ជាកសិកររស់នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ បងស្រីមានបទពិសោធន៍ល្អក្នុងការផ្សំថ្នាំពុលសម្លាប់សត្វល្អិតបំផ្លាញដំណាំដែលទទួលបានលទ្ធផលល្អ។ បទពិសោធន៍នេះ គាត់បានអនុវត្តអស់រយៈពេល៤ឆ្នាំកន្លងមកហើយ។ ចំពោះធាតុផ្សំ និងវិធីសាស្ត្រអនុ-វត្តមានបង្ហាញដូចខាងក្រោម៖
១-ធាតុផ្សំមាន
ទន្ទ្រានខែត្រ ១បាច់តូច
- កន្ធំថេត ៣គីឡូក្រាម
- សំបកស្ដៅ ១គីឡូក្រាម
- ស្លឹកស្ដៅ ២គីឡូក្រាម
- វល្លិ៍បណ្ដូលពេជ្រ ៣គីឡូក្រាម
- ទឹកនោមគោ ២លីត្រ
- លាមកគោ កន្លះបាវ
- ម្ទេសទុំ ០,៥គីឡូក្រាម
- ទឹក ២០លីត្រ។
២-របៀបផ្សំថ្នាំពុល
យកទន្ទ្រានខែត្រ កន្ធំថេត សំបកស្ដៅ ស្លឹកស្ដៅ វល្លិ៍បណ្តូលពេជ្រ និងម្ទេស ទៅកាប់កញ្រ្ចាំឲ្យតូចៗ។ រួចច្របល់សារធាតុទាំងនោះបញ្ចូលគ្នា រួចដាក់ទៅក្នុងពាងដែលមានទឹក២០លីត្រ និងទឹកនោមគោ២០លីត្រ។ ក្រោយពីដាក់ធាតុផ្សំហើយ គ្របគំរបពាងនោះឲ្យជិត រួចរក្សាទុករយៈពេល១០ថ្ងៃ ទើបអាចបើកយកទៅប្រើលើដំណាំបាន។ ចំពោះការរក្សាទុក គឺត្រូវដាក់ពាងថ្នាំឲ្យនៅក្រោមម្លប់ ហើយបើកគំរបកូរ២ថ្ងៃម្តង ដើម្បីឲ្យថ្នាំឆាប់កាច់។
៣-របៀបប្រើប្រាស់
ក្រោយពីរក្សាទុកអស់រយៈពេល១០ថ្ងៃ ថ្នាំកាច់អាចយកទៅប្រើបាន។ ចំពោះរបៀបប្រើ គឺត្រូវដួសទឹកថ្នាំច្រោះស្បៃ ដើម្បីកុំឲ្យដោយកាកថ្នាំ ពីព្រោះអាចពិបាកក្នុងការស្រោច។ បរិមាណទឹកថ្នាំដែល យកប្រើ គឺទឹកថ្នាំ ០,៥លីត្រ លាយជាមួយទឹកធម្មតាចំនួន២០លីត្រ។ ពេលវេលាប្រើទៅលើដំណាំ គឺនៅពេលដំណាំដុះបានស្លឹក ២ ទៅ ៣ និងប្រើនៅពេលល្ងាច។ ក្នុងមួយសប្តាហ៍ត្រូវបាញ់ថ្នាំនេះម្តង។ នៅពេលដំណាំជិតប្រមូលផលត្រូវផ្អាកប្រើថ្នាំពុលធម្មជាតិឲ្យបានមុនពី ៤ ទៅ ៥ថ្ងៃ ដើម្បីកុំឲ្យមានបញ្ហាប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
ប្រភេទដំណាំដែលគាត់បានប្រើមានដូចជា៖ ដំាណាំខាត់ណា ស្វាយ ស្ពៃក្តោប សាលាដជាដើម។
៤-ចំណាប់អារម្មណ៍
អ្នកមីងមានប្រសាសន៍ថា ក្រោយពីបានប្រើប្រាស់ថ្នាំនេះអស់មួយរយៈមក គាត់សង្កេតឃើញថា ថ្នាំពុលនេះមានប្រសិទ្ធភាពទៅលើពពួកចៃ ដង្កូវកាត់ស្លឹក ដង្កូវយោលទោង ទៀកគូ ស្រឹងជញ្ជក់ទឹកដោះ និងដង្កូវហ្វូង។ ចំពោះប្រសិទ្ធភាពនេះ បានធ្វើឲ្យគាត់មានការសប្បាយចិត្តច្រើន ព្រោះមិនប៉ះពាល់ដល់សុខភាពរបស់គ្រួសារគាត់ឡើយ។ ជាងនេះទៅទៀត គាត់បានធ្វើការផ្សព្វផ្សាយប្រភេទថ្នាំនេះទៅដល់កសិករនៅក្នុងភូមិបានច្រើនគ្រួសារទៀតផង៕
ប៉ែន ប៉ូលីន