សត្វស្រាំង គឺជាសត្វល្អិតមួយប្រភេទដែលមានជើង៦ និងមានស្លាបពីរហើរបាន។ សត្វនេះបើសិនវាទៅទិចផ្លែឈើ ព្រមទាំងផ្លែដំណាំមួយចំនួន គឺផ្លែនោះនឹងស្អុយ រួចមានដង្កូវជាមិនខានឡើយ។ ផ្លែទាំងអស់នោះ មានដូចជា ផ្លែស្វាយ ផ្លែម្ទេស ផ្លែម្រេះ… ធ្វើឱ្យយើងខាតបង់ផលដំណាំ ជាពិសេសចំពោះប្រជាកសិករ។ សត្វស្រាំង គឺមានរូបរាងដូចបង្ហាញនៅក្នុងរូបភាពនៅខាងស្តាំនៃអត្ថបទនេះ។
ដើម្បីកាត់បន្ថយ ឬបំបាត់សត្វស្រាំងចង្រៃនៅក្នុងសួនដំណាំរបស់លោកអ្នក មានថ្នាំគីមីមួយប្រភេទដែលមានឈ្មោះថា VIZUBON-D ជាផលិតផលរបស់ប្រទេសវៀតណាម មួយប្រអប់មានពីរកូនដប ដូចបានបង្ហាញនៅក្នុងរូបទី៣ខាងក្រោមនេះ (រាប់ពីឆ្វេងទៅស្តាំ) ដែលកសិករខ្មែរ និងអ្នកលក់ថ្នាំនេះហៅថា ថ្នាំស្នេហ៍ស្រាំង។ ថ្នាំស្នេហ៍ស្រាំងនេះក៏អាចប្រទេសផ្សេងៗទៀតផលិតផងដែរ។
លោក កឹម ផុន ជាកសិកររស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលបានប្រើថ្នាំនេះ បានឱ្យដឹងថា នៅពេលគេបំពុលសម្លាប់សត្វស្រាំង គឺគេយកទឹកថ្នាំទាំងពីរដបនេះមកលាយជាមួយគ្នាទៅតាមតម្រូវការតិច ឬច្រើន បន្ទាប់ មកយកសំឡី ឬចំរៀកក្រណាត់តូចៗមកជ្រលក់ទឹកថ្នាំដែលបានលាយរួចនោះ ហើយយកទៅដាក់នៅបាតដបប្លាស្ទិកដែលកាត់ពាក់កណ្តាល ឬដបប្លាស្ទីកដែលបានចោះរន្ធចាប់ពីពីរឡើងទៅល្មមឱ្យសត្វស្រាំងចូលបាន។ យកល្អគឺព្យួរសំឡី ឬក្រណាត់នោះ នៅក្នុងដបផ្នែកខាងលើ (សូមមើលរូបភាពខាងក្រោម) រួចហើយយកដបប្លាស្ទិកនោះទៅដាក់នៅក្បែរ ឬក៏ចងព្យួរនៅនឹង មែកដើមឈើ ឬដំណាំ ឬបង្គោលឈើនៅក្បែរដំណាំនោះក៏បាន។ ថ្នាំនេះមានប្រសិទ្ធភាពណាស់ គឺក្លិនរបស់វាទាក់ទាញដូចដាក់ស្នេហ៍ឱ្យសត្វស្រាំងមក ហើយវាហើរចូលទៅក្នុងដបប៊ឺតជញ្ជាក់យករសជាតិថ្នាំនេះ រួចវានឹងងាប់នៅក្នុងដបប្លាស្ទិកនោះជាមិនខានឡើយ។
សូមបញ្ជាក់ជាថ្មីថា ថ្នាំស្នេហ៍ស្រាំងនេះ គឺគេមិនយកទៅបាញ់នៅលើដើមឈើ ឬ/និងដំណាំនោះទេ គេយកសំឡី ឬក្រណាត់ មកជ្រលក់ល្បាយថ្នាំស្នេហ៍ស្រាំង រួចហើយយកទៅដាក់នៅក្នុងដបប្លាស្ទិក បន្ទាប់មកយកដបប្លាស្ទិកនោះទៅដាក់ ឬចងនៅក្បែរដើមឈើ ឬបង្គោលនៅក្បែរដំណាំ។ ដូច្នេះជាតិពុលនៃថ្នាំពុលគីមីនេះ មិនប៉ះពាល់ដល់ផ្លែឈើ និងដំណាំទេ។ ថ្នាំនេះមានលក់នៅកន្លែងលក់សំភារៈកសិកម្មមួយចំនួន៕
ដោយលោក ប៉ោ សេដ្ឋា
សហគមន៍សម្បូរសប្បាយ