Home / កសិកម្ម / បទពិសោធន៍ផលិតជីកំប៉ុស្តទឹក (កសិករ ឃួន ណូត)

បទពិសោធន៍ផលិតជីកំប៉ុស្តទឹក (កសិករ ឃួន ណូត)

លោក ឃួន ណូត រស់នៅភូមិត្រពាំងត្រាច ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គាត់មានបទ​ពិសោធន៍ផលិតជីកំប៉ុស្តទឹកសម្រាប់ស្រោចលើដំណាំឲ្យដុះលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់។ ដំណាំ​ដែលគាត់ប្រើជីទឹកមានដូចជា ត្រសក់ សណ្តែកកួរ ស្រូវ និងដំណាំហូបផ្លែ។ ចំពោះធាតុផ្សំ និងវិធីផ្សំ​មាន​ដូច​ខាង​ក្រោម៖

១. ធាតុផ្សំ

  • លាមកសត្វ (គោ មាន់ ជ្រូក ក្របី) ១បង្គី
  • ក្បាលត្រី ៣គីឡូក្រាម
  • ស្លឹក (កន្ធំថេត អង្គាដី ទន្ទ្រានខែត្រ) ១បង្គី
  • សំបកចេក ខ្នុល (បើមាន)
  • ទឹកនោមមនុស្ស ឬគោ ៥លីត្រ
  • ទឹក ១០០លីត្រ។

 

២. របៀបផ្សំ

ដំបូងលោកពូចិញ្ច្រាំស្លឹកឲ្យល្អិតៗ រួចច្របល់ចូលគ្នាជាមួយ​លាមកសត្វ ក្បាលត្រី។ ដើម្បីងាយស្រួល​គាត់​​បានដាក់វត្ថុធាតុដើម​ដែល​បានលាយរួចចូលក្នុងបាវ ហើយដាក់ចូលទៅក្នុងពាងទឹកចំណុះ ១០០លីត្រ បន្ទាប់​​មកចាក់ទឹកនោមនិងទឹកចូលទៅក្នុងពាង រួចយក​គំរប​មកគ្របពាងឲ្យជិត ហើយគាត់កូរមួយថ្ងៃម្តង​ដោយ​បង្វិលបាវនៅ​ពេលល្ងាច។ ក្រោយពីត្រាំអស់រយៈពេល១៥ថ្ងៃ គាត់បានស្រាយ​មាត់​បាវ​សង្កេត​មើលថាតើវាកាច់​សព្វ​ឬនៅ? បើកាច់ល្អគឺអាចយក​ទៅប្រើ​ប្រាស់​បាន។

៣. របៀបប្រើ

ទឹកជីដែលផលិតបាន គាត់យកមកស្រោច​លើដំណាំ​របស់គាត់ដោយលាយទឹក ២០លីត្រជាមួយទឹក ១លីត្រ។ គាត់​ចាប់ផ្តើមស្រោចលើដំណាំដែលដុះបាន ស្លឹក៣ ទៅ ស្លឹក៤ គឺ ២ទៅ៣ថ្ងៃ ស្រោចម្តងទៀត ព្រោះជីខ្លាំងវាអាចធ្វើឲ្យ​ដំណាំងាប់​បាន។ បើស្រោចនៅពេលល្ងាចយើងត្រូវស្រោចលាងនៅ​ពេល​ព្រឹក។

៤. ចំណាប់អារម្មណ៍

ក្រោយពីប្រើជីទឹកនេះរួចមក លោកពូសង្កេតឃើញថា ដំណាំដុះលូតលាស់លឿន ស្លឹកដំណាំមាន​ពណ៌​ខៀវ ទទួល​ទិន្នផលខ្ពស់ ចំណេញសេដ្ឋកិច្ច ដោយមិនមានចំណាយលើ​ការ​ទិញជីគីមី។ ហើយគាត់បានបន្ថែម​ទៀតថា ការខិតខំព្យាយាមខ្លួនឯងទើបបានសម្រេច។

សរុបមក បច្ចេកទេសសំខាន់ៗក្នុងការផលិតជីកំប៉ុស្តទឹកមាន៖

  • ត្រៀមធាតុផ្សំឲ្យបានគ្រប់មុខ
  • លាយបញ្ចូលនូវសារធាតុទាំងនោះចូលគ្នាឲ្យសព្វ
  • ច្រកចូលទៅក្នុងបាវ
  • យកសារធាតុទៅដាក់នៅក្នុងពាង
  • ចាក់ទឹក និងទឹកនោមគោចូលឲ្យលិចបាវជី
  • គ្របពាងឲ្យជិត និងកូរមួយថ្ងៃម្តង
  • រយៈពេល ១៥ថ្ងៃ អាចយកជីនេះមកប្រើបាន ដោយទឹកជី ១លីត្រលាយ​ទឹកធម្មតា ២០លីត្រ៕

សហគមន៍សម្បូរសប្បាយ                                                                                                 ម៉េង ថេង

 

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក (កសិករ មាស អូន)

អ្នកមីង មាស អូន ជាកសិកររស់នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមត្រីក្នុងរណ្តៅប្លាស្ទិក ដែលគាត់បានទទួលការបណ្តុះបណ្តាលពីអង្គការសេដាក។ ក្រោយពីចិញ្ចឹមបានរយៈពេល៣ខែ ត្រីរបស់គាត់មានទំងន់៣ខាំក្នុងមួយក្បាល ដែលអាចចាប់លក់ និងធ្វើម្ហូបបានជាបណ្តើរៗ។ ចំពោះបទពិសោធន៍មានបង្ហាញជូនដូចខាងក្រោម៖