Home / កសិកម្ម / បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក (កសិករ រស់ ម៉ៅ)

បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក (កសិករ រស់ ម៉ៅ)

លោក រស់ ម៉ៅ គឺជាកសិកររស់នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានបទ​ពិសោធន៍​ល្អ ក្នុងការចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិកទទួលបានលទ្ធផលល្អដែលគាត់បានចិញ្ចឹមត្រី៣រណ្តៅ​សម្រាប់ហូប និងលក់។ ក្នុងមួយឆ្នាំ គាត់អាចរកប្រាក់ចំណូលពីការចិញ្ចឹមត្រីនេះបានប្រមាណជា ១លាន ទៅ ១,៥លានរៀល។

ចំពោះបទពិសោធន៍នៃការចិញ្ចឹមត្រីនេះ គឺសូមបង្ហាញជូនដូចខាងក្រោម៖

១-ការជ្រើសរើសទីតាំងចិញ្ចឹម

ដើម្បីចិញ្ចឹមត្រីទទួលបានលទ្ធផលល្អ គាត់ធ្វើការជ្រើសរើសទីតាំងនៅ លើដីទួល ទីវាលមាន​ម្លប់ឈើ​តិច​តូចដើម្បីទាក់ទាញឲ្យត្រីត្រជាក់ និងជីក​រណ្តៅចិញ្ចឹមក្បែរផ្ទះដើម្បីងាយ​ស្រួលផ្តល់ចំណី និងថែទាំ។

២-ការរៀបចំស្រះសម្រាប់ចិញ្ចឹម

  • គាត់ជីករណ្តៅរាងជើងទេរ ហើយរណ្តៅនីមួយៗមានប្រវែងទទឹង ២ម៉ែត្រ, បណ្តោយ ១០ម៉ែត្រ និងមានជម្រៅ ១ម៉ែត្រ
  • យកប្លាស្ទិកក្រាលពីលើរណ្តៅឲ្យសល់ប្រហែល ២តឹក ចេញពីមាត់រណ្តៅ ដើម្បីដាក់ដីទប់ (ដីទប់​មាត់​រណ្តៅគាត់បានយកបាវច្រកខ្សាច់) សម្រាប់ទប់កុំឲ្យបាក់
  • ដាក់ដីនៅបាតរណ្តៅមានដូចជាដីភក់បាតត្រពាំង ដាក់ឲ្យមានកំពស់ ១តឹក និងកំបោរស៣គីឡូ​ក្រាម​មកបាចពីលើ និងហាលទុករយៈពេល ២ ទៅ ៣ថ្ងៃបន្ទាប់មកដាក់ហាលរយៈពេល ២ថ្ងៃ ទើបបូម​ទឹក​ដាក់ចូលរណ្តៅឲ្យជិតពេញ
  • នៅក្នុងរណ្តៅគាត់បានរៀបចំដាក់ទន្រ្ទានខែត្រមួយដុំមានទំងន់ ២គីឡូ ក្រាម ហើយលាមកគោចំនួន ៣​គីឡូក្រាម ដោយខ្ចប់នឹងស្បៃមុង។ ក្រោយ រយៈពេល​មួយអាទិត្យពិនិត្យមើលផ្ទៃទឹក បើឡើង ពណ៌ខៀវ គឺ​មានប្លង់តុង (សត្វល្អិតតូចៗជាចំណីត្រី បន្ទាប់មក​ស្រង់​ទន្រ្ទានខែត្រ និងលាមកគោចេញរួចយកកូន​ត្រី​ទៅលែងក្នុងរណ្តៅនោះ។

៣-ការដឹកជញ្ជូន និងបរិមាណកូនត្រីដែលត្រូវលែង

កូនត្រីដែលដាក់ចិញ្ចឹម គឺគាត់បានទិញ​ពី​កសិករ សោម ហាក់ នៅខេត្តតាកែវដូចគ្នា។ របៀបនៃការព្រលែង​កូន​ត្រីឲ្យចូលទៅក្នុងរណ្តៅគឺ គាត់បានយកថង់ដែល​មាន​ដាក់​កូនត្រីទៅបណ្តែតនៅលើផ្ទៃទឹក រួចបាចទឹកចេញចូល​ៗ​ឲ្យត្រីស៊ាំនឹងអាកាសធាតុខាងក្នុង ធ្វើរបៀបនេះពី ៥ ទៅ ១០នាទី ទើបចាក់កូនត្រីចូលទៅក្នុងរណ្តៅ។ បរិមាណដែល​បានដាក់មានចំនួន ១០០០ក្បាលក្នុងមួយរណ្តៅ។

៤-ប្រភេទចំណី និងការផ្តល់ចំណី

ចំណីដែលគាត់បានផ្តល់ឲ្យត្រីស៊ីមាន ចំណីទិញពីទីផ្សារសម្រាប់កូនត្រីនៅតូចៗ។ ចាប់ពីមួយខែ​ឡើង​ទៅដាក់កណ្ដៀរ កន្ទក់ និងចាប់អំពូលភ្លើងនៅពេល យប់ដើម្បីឲ្យត្រីចាប់សត្វល្អិតស៊ី។ គាត់ដាក់ចំណីឲ្យត្រីស៊ីមួយថ្ងៃម្តងនៅពេលព្រឹក ។ របៀបឲ្យចំណីត្រីស៊ី គឺបាចនៅលើទឹក ឬដាក់ក្នុងកញ្រ្ចែងឲ្យស៊ី។

៥-ការគ្រប់គ្រង និងថែទាំ

ចំពោះទឹក គាត់បានប្តូរជាទៀងទាត់រយៈពេល ៧ ទៅ ៩ថ្ងៃម្តង ដោយដងចេញ ៥ប៉ោត និងដងដាក់ ៥ប៉ោតវិញ (ទឹកដែលគាត់ដងចេញ គាត់យកទៅស្រោចលើដំណាំ)។ នៅមាត់រណ្តៅដែលគាត់បានដាំដំណាំព័ទ្ធជុំវិញដើម្បីការពារការបាក់ដីផង និងផ្តល់នូវបរិយាកាសមួយដែលសមស្របសម្រាប់ដំណាំ។

៦-ការប្រមូលផល

ក្រោយពីការចិញ្ចឹមអស់រយៈពេល ៣ខែ ត្រីរបស់គាត់ ១ក្បាល មានទំងន់ ១ ទៅ ៣ខាំ។ គាត់លក់ត្រី ១គីឡូក្រាមតម្លៃ ៨០០០រៀល ក្នុងមួយរណ្តៅគាត់អាចរកប្រាក់ចំណូលបាន ៤០ ទៅ ៥០ម៉ឺនរៀលនៅពេលចាប់ម្តងៗ។ ចំនួននេះមិនបានគិតពីការបរិភោគនៅក្នុងគ្រួសារជាប្រចាំឡើយ។

៧-ចំណាប់អារម្មណ៍

ការចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិកនេះ អាចធ្វើឲ្យគ្រួសាររបស់គាត់ទទួលបានត្រីសម្រាប់បរិភោគនៅក្នុងគ្រួសារគ្រប់គ្រាន់ពិសេសនៅរដូវខ្សត់ត្រី។ គាត់បញ្ជាក់បន្ថែមថា ការចិញ្ចឹមត្រីមិនសូវលំបាកក្នុងការថែទាំទេ ហើយចំណីងាយរកបាន ដោយចំណាយតែទៅលើការទិញកន្ទក់បន្តិចបន្តូចសម្តាប់ផ្តល់ឲ្យត្រី។ ម្យ៉ាងទៀតបច្ចេកទេសនេះសមស្របសម្រាប់កសិករមានផ្ទៃដីតូច។

សរុបមក បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិកមាន

  • ជ្រើសរើសទីតាំងលើដីទួល និងនៅក្បែរផ្ទះ
  • ជីករណ្តៅរាងជើងទេរមានទំហំ ២ម៉ែត្រ X ១០ម៉ែត្រ ជំរៅ ១ម៉ែត្រ
  • ក្រាលប្លាស្ទិកនៅបាតរណ្តៅរួចដាក់ដីបាតត្រពាំង និងបាចកំបោរស រួចហាលថ្ងៃទុក ២ ទៅ ៣ថ្ងៃ
  • បូមទឹកដាក់ចូលក្នុងរណ្ដៅរួចដាក់ស្លឹកទន្ទ្រានខែត្រ ១បាច់ និងលាមកគោដោយខ្ចប់នឹងស្បៃមុង
  • ព្រលែងកូនត្រីចូលទៅក្នុងរណ្តៅថ្នមៗ
  • ផ្តល់ចំណីដល់ត្រីសម្រាប់ត្រីតូចគឺទិញចំណីពីទីផ្សារ និងត្រីធំដាក់កន្ទក់ កណ្តៀរ និងសត្វល្អិតផ្សេង​ៗ
  • ថែទាំប្តូរទឹក ៩ថ្ងៃម្តង ដងចេញ៥ប៉ោត និងដាក់ចូល៥ប៉ោតវិញ៕

ពាន សុខា និង ស៊ិន អង្គារសាធ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក (កសិករ មាស អូន)

អ្នកមីង មាស អូន ជាកសិកររស់នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមត្រីក្នុងរណ្តៅប្លាស្ទិក ដែលគាត់បានទទួលការបណ្តុះបណ្តាលពីអង្គការសេដាក។ ក្រោយពីចិញ្ចឹមបានរយៈពេល៣ខែ ត្រីរបស់គាត់មានទំងន់៣ខាំក្នុងមួយក្បាល ដែលអាចចាប់លក់ និងធ្វើម្ហូបបានជាបណ្តើរៗ។ ចំពោះបទពិសោធន៍មានបង្ហាញជូនដូចខាងក្រោម៖