ស្រី តុប ថេត ជាកសិកររស់នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ អ៊ំស្រីមានផ្ទៃដីសរុបចំនួន ១,១០ហិកតា ក្នុងនោះគាត់បានរៀបចំអនុវត្តបច្ចេកទេស បវស នៅលើផ្ទៃដីប្រមាណ ១ហិកតា។ នៅលើផ្ទៃដី១ហិកតា ដែលគាត់អនុវត្តបច្ចេកទេស បវស គាត់អាចទទួលផលស្រូវសរុបបានចំនួន ៣.៣០០គីឡូក្រាម ដោយចំណាយអស់ពូជចំនួន២០គីឡូក្រាម។ ប៉ុន្តែចំពោះផ្ទៃដីដដែលនេះ នៅពេល ដែលគាត់មិនទាន់អនុវត្តតាមបច្ចេកទេស បវស វិញ គាត់អាចទទួលផលបានត្រឹមតែ ២.២០០គីឡូក្រាម ក្នុង១ហិកតាប៉ុណ្ណោះ។ ចំពោះបច្ចេកទេសនៃការអនុវត្ត បវស បង្ហាញដូចខាងក្រោម៖
១-ការសំអាតគ្រាប់ពូជ
មុនសាប គាត់បានយកគ្រាប់ពូជទៅត្រាំនៅក្នុងទឹកក្តៅឧណ្ហៗ។ គាត់បានលាងគ្រាប់ពូជជាមួយល្បាយទឹកអំបិល ដោយប្រើបរិមាណអំបិល ៣ខាំ លាយជាមួយនឹងទឹកធម្មតា ១០លីត្រ រួចយកបរិមាណគ្រាប់ពូជចំនួន ៦គីឡូក្រាម ដាក់ចូលទៅក្នុងចានដែក ហើយកូររយៈពេលមួយសន្ទុះ ដើម្បីស្រង់គ្រាប់ពូជណាដែលស្ពៀតៗចេញ។ បន្ទាប់មកទៀត ផ្អាប់គ្រាប់ស្រូវចំនួន ២៣ ទៅ ៣៦ម៉ោង ដើម្បីឲ្យគ្រាប់ពូជដុះពន្លករួចយកទៅសាបលើរង។ ថ្នាលសំណាបគាត់សាប គឺថ្នាលគោកដើម្បីឲ្យស្រូវដុះល្អ និងមានដើមរឹងមាំបង្កលក្ខខណ្ឌឲ្យសំណាបថ្លោសល្អ។
២-ការរៀបចំដីថ្នាលសំណាប
គាត់រៀបចំភ្ជួររាស់ដីចំនួន ៣ដងដើម្បីឲ្យដីម៉ដ្ឋល្អ។ ការភ្ជួររាស់ដីនៅលើកទី១ គាត់ដាក់អង្កាម ដើម្បីឲ្យដីផុស។ ការភ្ជួរលើកទី២ គាត់ភ្ជួរត្រឡប់ឡើងវិញ និងលើកទី៣ ភ្ជួរលើកជារង ដែលរងមួយមានទំហំទទឹង ១,៣០ម៉ែត្រ កំពស់រង ១២សង្ទីម៉ែត្រ។ ក្រោយពីសាបរួចគាត់យកស្លឹកដូងគ្របពីលើរងចំនួន៣ថ្ងៃ។ ស្រោចទឹកទៅលើរងសំណាប ២ដងក្នុងមួយថ្ងៃ។ គ្របបានរយៈពេល៣ថ្ងៃ គាត់យកស្លឹកដូងចេញ។ នៅពេលសំណាបអាយុបាន ១៥ថ្ងៃ គាត់ដកយកទៅស្ទូង។
៣-ការរៀបចំដីសម្រាប់ស្ទូង
មុនពេលភ្ជួររាស់ដី គាត់យកជីកំប៉ុស្តទៅបាចពីលើដី បន្ទាប់មកធ្វើការភ្ជួរលុបពីលើ និងរាស់ឲ្យបានរាបស្មើទៀត។ ការភ្ជួររាស់ធ្វើឡើងចំនួន២ដង ដោយលើកទី១ ភ្ជួរលុបជញ្រ្ជាំងស្រូវ និងកាកសំណល់រុក្ខជាតិ ដើម្បីឲ្យរលួយជាមួយដី។ ភ្ជួរលើកទី២ យកជីកំប៉ុស្តទៅរោយពីលើផ្ទៃដី រួចភ្ជួរលុបពីលើវិញ។ លើកទី៣ ភ្ជួរត្រឡប់ឡើងវិញ និងរាស់ពង្រាបដីឲ្យបានស្មើងាយស្រួលក្នុងការស្ទូង។
- ចំពោះការស្ទូងគាត់បានអនុវត្តដូចខាងក្រោម៖
– ស្ទូងនៅពេលរសៀលត្រជាក់
– ដកសំណាបអាយុ ១៥ថ្ងៃ យកទៅស្ទូង
– ដកសំណាបណាថ្លោសល្អយកទៅស្ទូង
– ដកភ្លាមស្ទូងភ្លាម និងដកថ្នមៗ
– ស្ទូង ១ដើមក្នុង ១គុម្ពៗដោយទុកចន្លោះ ២,៥-៣តឹក
– ស្ទូងរាក់ៗជាជួរៗ។
- ការថែទាំនិងការដាក់ជី
– ក្រោយពីស្ទូងបាន ១៥ថ្ងៃ គាត់បានប្រើជីកំប៉ុស្តបំប៉ន
បន្ថែម
– នៅដំណាក់កាលស្រូវកំពុងលូតលាស់ គាត់មិនទុក
ទឹកច្រើនទេ និងធ្វើការដកស្មៅចំនួន ១ដង។
៤-លទ្ធផលទទួលបាន
នៅលើផ្ទៃដីចំនួន១ហិកតា គាត់អាចប្រមូលផលបានចំនួន ៣.៣០០គីឡូក្រាម។ ដូចនេះ ក្រោយពីបានអនុវត្តឃើញលទ្ធផលកើនឡើង អ៊ំស្រីមានការសប្បាយចិត្ត ហើយនៅក្នុងឆ្នាំ២០១០កន្លងទៅនេះគ្រួសារគាត់បានកាត់បន្ថយនូវការខ្វះស្រូវ និងម្ហូបអាហារបរិភោគ។ នៅឆ្នាំបន្តគាត់គិតថា នឹងធ្វើការផលិតជីកំប៉ុស្តបន្ថែម ពិសេសគឺជីស្រស់ឲ្យបានច្រើនសម្រាប់ដាក់ស្រែរបស់គាត់៕