Home / កសិកម្ម / ការប្រើប្រាស់កំប្លោកសម្រាប់ជួយដល់ជីជាតិដី និងចំណីសត្វ

ការប្រើប្រាស់កំប្លោកសម្រាប់ជួយដល់ជីជាតិដី និងចំណីសត្វ

កំប្លោកជារុក្ខជាតិដុះក្នុងទឹក ដែលមានស្ទើរតែគ្រប់ទីកន្លែងនៅប្រទេសកម្ពុជាជាពិសេស​នៅរដូវ​វស្សា។ចំពោះ​ការលូតលាស់របស់វាគឺមានលក្ខណៈលឿន ដោយវាអាចពង្រីកកូនចៅវាបាន២ទៅ៣ដងក្នុងរយៈពេលមួយសប្ដាហ៍​។ ដូចនេះកំប្លោកគឺជាធនធានមួយដែលសម្បូណ៍ តែកន្លងមកកសិករពុំមានការប្រើប្រាស់បានច្រើនឡើយ ជាពិសេសក្នុងការផលិតកម្មកសិកម្មដើម្បីជួយជម្រុញនិងបង្កើនជីជាតិ​ដល់ដី។តើអាចប្រើកំប្លោកបានដូចម្តេច ដើម្បីជួយដល់ផលិតកម្មកសិកម្ម?

  • គេអាចស្រង់កំប្លោកយកមកគ្របលើដីដែលចំហចោល ឬមិនដាំដុះ ឬដាក់នៅចន្លោះគល់ដំណាំផ្សេងៗ​។ ធ្វើរបៀបនេះ វាអាចជួយមិនឲ្យដីហូរចេញអស់ និងជួយរក្សាសំណើមក្នុងដីសំរាប់ពេលរាំងស្ងួត​។
  • កំប្លោកនៅពេលរលួយ ឬពុកក្នុងកំឡុងពេលគ្របដី វាអាចក្លាយជាជីយ៉ាងល្អសម្រាប់រុក្ខជាតិ ពីព្រោះវាអាចជួយធ្វើឲ្យដីផុស និងផ្តល់នូវសារធាតុចិញ្ចឹមខ្លះៗដល់ដី ជាពិសេសជួយដល់ការលូតលាស់របស់ស្លឹក និងដើម។
  • គេអាចស្រង់យកកំប្លោកមកធ្វើជាវត្ថុធាតុរបស់ជីកំប៉ុស្ត ដោយយកវាមកលាយជាមួយចំបើង លាមកគោ និងស្លឹករុក្ខជាតិផ្សេងៗ។
  • កំប្លោកនៅស្រស់អាចលាយជាមួយចំបើង និងស្មៅដទៃទៀតធ្វើជាចំណីគោ។ វាជាចំណីសត្វមួយដ៏ល្អ ក៏ប៉ុន្តែដំបូងយើងត្រូវបន្ស៊ាំគោ ឬក្របីឲ្យស៊ីជាមុនសិន។ គេគួរផ្តល់កំប្លោកប្រហែល ២គីឡូក្រាមក្នុងមួយថ្ងៃសម្រាប់គោជំទង់មួយក្បាល។
  • តាមបទពិសោធន៍របស់កសិករនៅភូមិត្រពាំងធំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ គឺគាត់បានស្រង់យកកំប្លោកខ្ចីៗមកឲ្យជ្រូកស៊ី។ តែជ្រូកដែលត្រូវឲ្យកំប្លោកស៊ីបាន គួរមានអាយុពី ២ខែ ឬទំងន់ពី ២០គីឡូក្រាមឡើងទៅ។ តែតាមបទពិសោធន៍របស់កសិករ ជ្រូកដែលស៊ីកំប្លោកមិនសូវឆាប់ធំលឿនដូចជ្រូកដែលចិញ្ចឹមមិនឲ្យកំប្លោកស៊ីទេ ក៏ប៉ុន្តែវាអាចនាំមកនូវផលប្រយោជន៍ច្រើនដូចជា៖
  • បន្ថយការចំណាយទៅលើចំណី
  • លាមកជ្រូកមិនរឹង (ជ្រូកមិនដែលកើតជំងឺក្តៀនលាមក)
  • ជ្រូកគាត់មិនដែលកើតជំងឺអុតក្តាមដូចជ្រូកដទៃទៀតដែលមិនឲ្យកំប្លោកស៊ី។

តើកំប្លោកអាចនាំបញ្ហាអ្វីឬទេ?

មកទល់ពេលសព្វថ្ងៃនេះ តាមបទពិសោធន៍របស់យើង ការប្រើកំប្លោកសម្រាប់ជួយដល់ជីជាតិដី និងធ្វើជាចំណីសត្វមិនទាន់មានជួបបញ្ហាអ្វីទេ។ តែគេគួរតែកាត់ឫសវាចេញឲ្យដាច់ពីគល់ ហើយប្រើតែធាង និងស្លឹកដើម្បីគ្របដីជៀសវាងកុំឲ្យវាដុះនៅលើដី ជាពិសេសនៅពេលមានភាពដក់ទឹក ឬជាំទឹក។ បរិមាណកំប្លោកដែលត្រូវយកទៅឲ្យសត្វស៊ី ក៏ត្រូវកំណត់ដូចការណែនាំខាងលើ។ គេត្រូវប្រើតែធាង និងស្លឹកជាចំណីសត្វបានហើយ។

តើគេអាចបង្កើនភាពលូតលាស់របស់កំប្លោកបន្ថែមបានយ៉ាងម្តេច?

សន្ទុះនៃការលូតលាស់របស់កំប្លោក និងបរិមាណដែលលូតលាស់លើផ្ទៃទឹកវាអាស្រ័យទៅលើជីជាតិដែលមាននៅក្នុងទឹកដែរ។ មានន័យថា ប្រសិនបើទឹកសម្បូណ៍សារធាតុសរីរាង្គ (ស្លឹកឈើពុករលួយ លាមកសត្វ ឬកំប្លោក) ពេលនោះក៏សម្បូណ៍កំប្លោកដុះដែរ។

ម្យ៉ាងវិញទៀត ប្រសិនបើយើងប្រមូលវាកាន់តែច្រើន យើងអាចទទួលបានកំប្លោកក៏កាន់តែច្រើនដែរ។ តែការប្រមូលគួរប្រមូល ១សប្តាហ៍ម្តង ដោយរក្សាទុកគុម្ពកំប្លោកខ្លះៗសម្រាប់ឲ្យវាដុះបែកកូនបន្តទៀត៕

ពាន សុខា

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក (កសិករ មាស អូន)

អ្នកមីង មាស អូន ជាកសិកររស់នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមត្រីក្នុងរណ្តៅប្លាស្ទិក ដែលគាត់បានទទួលការបណ្តុះបណ្តាលពីអង្គការសេដាក។ ក្រោយពីចិញ្ចឹមបានរយៈពេល៣ខែ ត្រីរបស់គាត់មានទំងន់៣ខាំក្នុងមួយក្បាល ដែលអាចចាប់លក់ និងធ្វើម្ហូបបានជាបណ្តើរៗ។ ចំពោះបទពិសោធន៍មានបង្ហាញជូនដូចខាងក្រោម៖