Home / កសិកម្ម / បទពិសោធន៍ធ្វើស្រូវ ប.វ.ស. កសិករ កែប ចន

បទពិសោធន៍ធ្វើស្រូវ ប.វ.ស. កសិករ កែប ចន

សកម្មភាពការភ្ជួរដី

កសិករ កែប ចន រស់នៅក្នុងភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ២០០៣ ក្រោមការគាំទ្រពីអង្គការសេដាក គាត់ក៏បានអនុវត្តនូវបច្ចេក ទេស ប.វ.ស. លើផ្ទៃដីចំនួន ១៦អារនៃផ្ទៃដីស្រែសរុបចំនួន ៤៨អារ ហើយទទួលបានផលស្រូវសរុបរហូតដល់ ៦៥ថាំង (ស្មើនឹង ១.៥៦០គីឡូក្រាម) ខណៈ​ដែលឆ្នាំ២០០២ផ្ទៃដីទាំង៤៨អារបានផលត្រឹមតែ ៦០ថាំង ឬ១.៤៤០គីឡូក្រាម គឺបានន័យថាកើនឡើង៥ថាំង ឬ១២០គីឡូក្រាម។ ហេតុនេះនៅឆ្នាំ២០០៤ កសិកររូបនេះ បានអនុវត្តបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដីទាំងអស់។ ដោយឡែកនៅឆ្នាំ២០១៣ គាត់ក៏បានដាក់ពាក្យប្រកួតយកពានរង្វាន់សេដាកឆ្នាំ២០១៣ នៅលើដីស្រែទំហំ២៧អារនៃផ្ទៃដីសរុប៧៥អារ ប្រើពូជស្រូវផ្ការំដួលអស់ត្រឹមតែ៥គីឡូក្រាមតែទទួលបានផលរហូតដល់ ១.២២១គីឡូក្រាម ឬ ៤.៥២២គីឡូ​ក្រាម ក្នុងមួយហិចតា។ ចំពោះបទពិសោធន៍នៃការធ្វើស្រូវ ប.វ.ស. មានបង្ហាញជូនដូចខាងក្រោម។

១. ការជ្រើសរើស និងទុកដាក់ពូជ

គាត់បានជ្រើសរើស និងទុកដាក់ពូជដោយខ្លួនឯង តាមរយៈវិធីសាស្ត្រដូចខាងក្រោម៖

  • ជ្រើសរើសគុម្ពស្រូវឲ្យនៅឆ្ងាយពីភ្លឺស្រែ ៣ម៉ែត្រយ៉ាងតិច
  • ជ្រើសយកពូជគុម្ពស្រូវនៅឈរត្រង់ល្អ ហើយគ្រាប់ស្រូវទុំស្រុះគ្នាល្អ
  • កន្លែងដែលមានពន្លឺគ្រប់គ្រាន់និងខ្យល់
  • មិនមានសត្វល្អិតបំផ្លាញ ឬមិនមានជំងឺ
  • គាត់យកតែកួរធំៗ វែងស្មើគ្នា ចងព្យួរទុកក្នុងម្លប់ក្រោមផ្ទះ។

២. ការត្រៀមពូជសាប

បើទោះបីជាពូជស្រូវ ត្រូវបានសំរិតសំរាំងហើយក៏ដោយ ក៏ការសំរិតសំរាំងពូជមុនពេលយកទៅសាបព្រួស គឺជាដើមហេតុមួយនៃកំណើនទិន្នផលផងដែរ។ ផ្អែកតាមបទពិសោធន៍របស់កសិករ កែប ចន ដើម្បីបាន​ពូជល្អយកទៅសាប គួរតែធ្វើដូចខាងក្រោម៖

  • បែនគ្រាប់ស្រូវដែលបានចងព្យួរនោះដោយថ្នមៗ
  • អុំយកស្រកីចេញ ទុកតែគ្រាប់ល្អ
  • ហាលថ្ងៃចន្លោះពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០ព្រឹក ដោយគ្របស្បៃឈិបពីលើផងដែរដើម្បីការពារកំដៅថ្ងៃខ្លាំងពេក និងការពារមាន់ស៊ី
  • ត្រាំទឹកធម្មតាប្រហែល ៥នាទី រួចកូរយកគ្រាប់ស្រូវអណ្តែតៗចេញ ទុកតែគ្រាប់លិចទឹក
  • ត្រាំគ្រាប់ស្រូវដែលបានសំរាំងជាមួយនឹងទឹកស្អាតម្តងទៀតរួចទុក ២យប់២ថ្ងៃ និងផ្អាប់ទុក ១យប់១ថ្ងៃទៀត (ការធ្វើរបៀបនេះ គឺកុំឲ្យស្រូវដុះឫស និងពន្លកវែងពេក ងាយស្រួលនៅក្នុងការសាប បើកាលណាឫសនិងពន្លកគ្រាប់ស្រូវដុះវែងពេក អាចងាយនឹងបាក់ ឬដាច់ពេលយើងសាបគ្រាប់)
  • ចាប់ផ្តើមសាបនៅចន្លោះម៉ោង ៤ល្ងាច ដើម្បីឲ្យពន្លកគ្រាប់ទទួលបានលក្ខខណ្ឌសមស្រប។

៣. ការរៀបចំដី និងថ្នាលសំណាប

    ៣.១. ការរៀបចំថ្នាល

នៅខែមិថុនា ឆ្នាំ២០១៤ គាត់បានចាប់ផ្តើមភ្ជួរដាស់ដី រួចហាលដីចោល២១ថ្ងៃ ទើបរាស់បំបែក រួចដាក់ជីកំប៉ុស្តចំនួន ១២អំរែក ហើយភ្ជួរលុបភ្លាម និងភ្ជួររាស់ភ្លាម ទុកចោលរយៈពេល៧ថ្ងៃបន្តទៀត ទើបភ្ជួរប្រែដី និង​រាស់ពង្រាបដីឲ្យរាបស្មើ ទើបចាប់ផ្តើមសាបព្រួសនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ដែលមានដំណាក់កាលដូចខាងក្រោម៖

  • ដោយលើកជារងទំហំ ១,២ម៉ែត្រ គុណ៥៥ម៉ែត្រ កំពស់ប្រហែលជា ១តឹក ចំនួន៣រង
  • សាបគ្រាប់ពូជរង្វើលៗ
  • រោយជីកំប៉ុស្តពីលើបន្ថែមដោយដាក់ ២អំរែកក្នុង១រង
  • ស្រោចទឹក ២ដងក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច) រហូតដល់សំណាបអាយុ ៨ថ្ងៃ
  • បញ្ចូលទឹកតាមចន្លោះរង ១ដងក្នុងមួយសប្តាហ៍ (អាយុសំណាបចាប់ពី ៨ថ្ងៃឡើងទៅ)។

     ៣.២. ការរៀបចំដីសំរាប់ស្ទូង

ក្រោយការប្រមូលផលស្រូវវស្សាឆ្នាំ២០១៣ នៅដើមឆ្នាំ២០១៣ គាត់បានដាំត្រឡាចនៅលើស្រែប្រកួត ក្រោយពីប្រមូលផលអស់ ទើបគាត់ចាប់ផ្តើមព្រួសសណ្តែកបាយនៅខែមិថុនា ឆ្នាំ២០១៣ ដោយប្រើពូជអស់ ៧គីឡូក្រាម សំរាប់ធ្វើជាជីស្រស់។ នៅពេលសណ្តែកចាប់ផ្តើមចេញផ្កា គាត់ចាប់ផ្តើមភ្ជួរលុបហើយទុករយៈពេល២១ថ្ងៃ ទើបរាស់ដីម្តងទៀត។ បន្ទាប់មក គាត់បានរែកជីកំប៉ុស្ត ១០២អំរែកទៀតរាយដាក់ក្នុងស្រែរួចភ្ជួរលុប។ ៣ថ្ងៃក្រោយមក ទើបរាស់ដីហើយស្ទួងតែម្តង ដែលមានបច្ចេកទេសដូចខាងក្រោម៖

  • ស្ទួងបណ្តោយថ្ងៃ (ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣)
  • គំលាតគុម្ព ២តឹក ហើយចន្លោះរង ២,៥តឹក
  • អាយុសំណាប ៣០ថ្ងៃ (ដោយសារការអូសបន្លាយភាពរាំងស្ងួត)
  • ស្ទួងតែមួយដើមគត់ក្នុងមួយគុម្ព ហើយស្ទួងរាក់ៗ
  • ចំរាញ់យកតែសំណាបថ្លោសៗ ពិសេសសំណាបដែលបែកកូន
  • ស្ទួងចន្លោះពីម៉ោង ៤ ដល់ម៉ោង ៥ល្ងាច ព្រោះមិនធ្វើឲ្យសន្ទួងសន្លប់ក្រោយពេលស្ទួងរួច។

៤. ការថែទាំ

នៅពេលស្ទួងរួច គាត់បានរក្សាទុកទឹកក្នុងស្រែកំពស់ត្រឹមតែ ៥ហ៊ុនប៉ុណ្ណោះ ដើម្បីទុកលទ្ធភាពសន្ទួងដុះលូតលាស់បានល្អ។ រយៈពេល៣ថ្ងៃក្រោយមកទើបគាត់ចុះពិនិត្យសន្ទួងថា តើមានគុម្ពស្រូវណាខ្លះងាប់ ឬត្រូវជួសថ្មីឬអត់? រយៈពេល១៥ថ្ងៃក្រោយ ទើបគាត់បានចុះស្រែម្តងទៀតដើម្បីបោចស្មៅ។ ក្នុងដំណាក់កាលនេះ គាត់បានគ្រប់គ្រងទឹកដោយរក្សាកំពស់ទឹកបានថេរក្នុងស្រែបានល្អ ព្រោះគាត់មានប្រព័ន្ធប្រឡាយនិងស្រះដើម្បីបច្ចេញបញ្ចូលទឹក។ នៅដំណាក់កាលស្រូវចាប់ផ្តើមមូរស្លឹក គាត់បានចុះពិនិត្យស្រូវម្តងទៀត ដោយដកយកដើមមេក្នុងគុម្ពស្រូវណាមួយមកហែកពិនិត្យមើលថា តើមានសរសៃឆ្មារៗ (ដូចសំបុកពីងពាង) នៅថាំងលើគេបង្អស់ដែរឬអត់? បើមាន មានន័យថា ជាដំណាក់កាលមួយ ស្រូវត្រូវការជីបំប៉នបន្ថែម ប្រសិនបើមានភាពយឺតយ៉ាវនោះ ការដាក់ជីពិតជាពុំមានប្រយោជន៍អ្វីដល់ស្រូវឡើយ។ ចំពោះដំណាក់កាលនេះ គាត់បានប្រើប្រាស់ជីទឹកបាញ់ស្រោចដើម្បីឲ្យសំណាបដុះលូតលាស់ល្អ។

៥. ការប្រមូលផល

ស្រូវ និងការដាំដំណាំលើវាលស្រែ

មុននឹងគាត់សម្រេចចិត្ត ធ្វើការច្រូតកាត់ប្រមូលផលស្រូវ គឺគាត់ពិនិត្យមើលកំរិតទុំរបស់គ្រាប់ស្រូវនៃកួរស្រូវ ដែលចេញក្រោយគេក្នុងគុម្ពស្រូវ(ស្រូវបណ្តើរ​កូន) ដែលចេញក្រោយគេ បើកំរិតទុំចាប់ពី ៧០%-៧៥% គឺមានន័យថា ជាពេលសមស្រប​សំរាប់ប្រមូលផល។ ជាទូទៅស្រូវរបស់គាត់ត្រូវបានហាលដៃមួយថ្ងៃក្រោយពេលស្រូត​កាត់រួចរាល់ និងហាលគ្រាប់ ២ថ្ងៃក្រោយពេលបោកបែនរួចហើយ។

៦. ចំណាប់អារម្មណ៍

សរុបមក បច្ចេកទេសសំខាន់ៗក្នុងការធ្វើស្រូវ ប.វ.ស. មាន៖

  •   ជ្រើសរើសពូជដែលបានសំរិតសំរាំងទុកមកសាប
  •   ត្រៀមពូជសាបដោយអុំរែង ហាលថ្ងៃ និងត្រាំទឹកឲ្យដុះពន្លកតិចៗ
  •   រៀបចំរងសាបដូចជារងដាំស្ពៃ
  •   ស្ទួងសំណាបអាយុ ៣០ថ្ងៃ និងស្ទួង ១ដើមក្នុងមួយគុម្ព ជ្រើសរើសដើមថ្លោសៗ
  •   ស្ទួងសំណាបរាក់ៗ ចន្លោះពីដើមមួយទៅដើមមួយ ២តឹក ចន្លោះ ២,៥តឹក៕

គាត់បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ខ្ញុំមានការត្រេកអរចំពោះអង្គការសេដាក ដែលបានរៀបចំកម្មវិធីប្រកួត​ប្រជែងពានរង្វាន់ ប.វ.ស. នេះឡើង ព្រោះវាជាឱកាសសំរាប់រូបខ្ញុំ និងកសិករផ្សេងៗទៀតបង្ហាញពីសមត្ថភាព និងចំណេះដឹងដែលបានរៀនសូត្រពី អង្គការសេដាក។ ទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែព្យាយាមបន្តទៅទៀតព្រោះអ្វីដែលបានអនុវត្តកន្លងមក បានធ្វើឲ្យជីវភាពគ្រួសាររបស់ខ្ញុំធូរធារមានស្រូវហូបគ្រប់គ្រាន់ និងអាចរកប្រាក់ចំណូលជាប្រចាំថ្ងៃបានដោយមិនបាច់ធ្វើចំណាកស្រុក។

សហគមន៍សម្បូរសប្បាយ                                                                                     អ៊ឹង វុទ្ធី

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំសណ្តែកកួរដោយគ្របថង់ប្លាស្ទិក

លោកពូ ស៊ាង ថន ជាកសិករសហការជាមួយអង្គការសេដាក រស់នៅភូមិក្រសាំងទង​ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ គាត់ជាមនុស្សដែលស្រឡាញ់ការដាំដុះ​ហើយគាត់តែងតែសាកល្បងនូវគំនិតថ្មីជានិច្ច។នៅពេលនេះយើងសូមលើកយកបទពិសោធន៍ដាំសណ្តែកកួរដោយប្រើថង់ប្លាស្ទិក មកបង្ហាញជូនដែលជាគំនិតសាកល្បងរបស់គាត់ដែលបានទទួលពីស្ថានីយពិសោធន៍ពូជបន្លែនៅក្បាលកោះ។