Home / ចំណេះដឹងទូទៅ / សញ្ញា ៨យ៉ាងរបស់មនុស្សដែលត្រូវស្ពាយទុក្ខជាប់ខ្លួនអស់មួយជីវិត

សញ្ញា ៨យ៉ាងរបស់មនុស្សដែលត្រូវស្ពាយទុក្ខជាប់ខ្លួនអស់មួយជីវិត

ជាការពិតរឿងរ៉ាវទុក្ខសោករបស់មនុស្សរមែងតែងតែកើតមានក្នុងជីវិតមិនចេះចប់មិនចេះហើយ ។ ជាក់ស្តែងឥរិយាបថនៃការរស់នៅនោះឯង គឺជាអ្វីដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានទុក្ខ ហើយបើអ្នកមិនចេះសម្រួលកាយចិត្តឲ្យជ្រះថ្លាទេ អ្នកនឹងស្ពាយទុក្ខជាប់ពេញមួយជីវិតហើយ។ ខាងក្រោមនេះគឺជាចំណុចទាំង៨យ៉ាងដែលបញ្ជាក់ថា អ្នកជាមនុស្សដេកឱបទុក្ខគ្មានថ្ងៃស្រាកស្រាន្ត៖

១. អង្គុយស្ងៀមមិនហ៊ានផ្លាស់ប្តូរជីវិត. មនុស្សភាគច្រើនដែលមានទម្លាប់បែបនេះ ច្រើនតែជាមនុស្សដែលចំណាយពេលរង់ចាំអព្ភូតហេតុជាជាងការសាកល្បងអ្វីថ្មីៗ។ ពួកគេមិនត្រឹមតែភ័យខ្លាចចំពោះការសាកល្បងទេ គឺថែមទាំងភ័យខ្លាចចំពោះអនាគតដែលជិតមកដល់ទៀតផង។ ទុក្ខប្រភេទនេះ គឺអាចរំលត់បានប្រសិនបើអ្នករៀនប្រឈមមុខនឹងការផ្លាស់ប្តូរ ហើយជម្រុញខ្លួនឲ្យមានកម្លាំងចិត្តឆ្ពោះទៅមុខ​ជានិច្ច។

២. គិតតែរឿងលុយពេក. ពិតមែនមនុស្សគ្រប់គ្នាសុទ្ធតែត្រូវការលុយដើម្បីរស់ តែកុំភ្លេចខ្លួនដល់ថ្នាក់រស់ដើម្បីលុយវិញ។ ត្រង់នេះ ក៏មិនសំដៅឲ្យអ្នករកបានប៉ុនណាក៏ប៉ុនហ្នឹងទេ តែក៏កុំមើលឃើញតែលុយឲ្យហួសពីសមត្ថភាពពេកដែរ។ សន្សឹមៗកុំបំបោល ធ្វើតាមលទ្ធភាពដែលខ្លួនមានបន្តិចម្តងៗពីតូចទៅធំ។

៣. ទុកខ្លួនឯងជាជនរងគ្រោះ. នេះបញ្ជាក់ថា អ្នកកំពុងមើលស្រាលខ្លួនឯងហើយ។ ជាជនរងគ្រោះ មានន័យថា គ្មានសត្ថភាពប្រឈមមុខនឹងហេតុការណ៍ដែលនៅចំពោះមុខបាន។ បញ្ឈប់គំនិតនេះហើយ    ផ្តល់​កម្លាំងចិត្តឲ្យខ្លួនឯងឡើងវិញទៅ ថាមពលអស្ចារ្យរបស់អ្នកនឹងជួយបំបាត់ទុក្ខសោកព្រមទាំងភាពភ័យខ្លាចទាំងឡាយ។

៤. គេចពីបញ្ហា. គ្រប់យ៉ាងលើលោកគ្មានអ្វីដែលល្អឥតខ្ចោះទេ រៀនទទួលកំហុសខ្លួនឯងហើយចាត់ទុកវាជាមេរៀននៅថ្ងៃក្រោយ។ ប្រឈមមុខនឹងកំហុស ឬបញ្ហាផ្សេងៗ ធ្វើឲ្យអ្នកពិបាកតែមួយរយៈទេ តែបើអ្នកព្យាយាមគេចវេស អ្នកនឹងដេកឱបវិប្បដិសារីអស់មួយជីវិតមិនខាន។

៥. សំកុកតែក្នុងផ្ទះ. នៅតែម្នាក់ឯង គិតតែម្នាក់ឯង កើតទុក្ខក៏ម្នាក់ឯងដែរ។ គួរចំណាយពេលខ្លះចេញទៅក្រៅផ្ទះស្វែងរកអ្វីដែលថ្មី កុំនៅស្មុគកន្លែងដដែល ឃើញរបស់ដដែលៗច្រើនពេក។

៦. គិតច្រើន. ជាការល្អហើយដែលអ្នកចេះគិត និងវិភាគបានជ្រៅជ្រះ ប៉ុន្តែទុក្ខក៏អាចកើតឡើងបាន

ដោយសារការគិតនិងវិភាគច្រើនពេកដែរ។ កុំព្យាយាមគិតអ្វីយោងតាមការប៉ាន់ស្មានច្រើនពេក មនុស្សភាគច្រើនកើតទុក្ខដល់ថ្នាក់ស្លាប់ខ្លួនដោយសារទង្វើបែបនេះហើយ។

៧. ស្មុគស្មាញព្រោះអ្វីមិនទាន់មកដល់. ពួកគេយកការគិតច្រើនមកធ្វើជាបន្ទុកសម្រាប់ខ្លួនឯងព្រោះតែរឿងដែលមិនទាន់មកដល់។ត្រូវចាំថាអ្នកមិនអាចដើរតាមអ្វីដែលជាការគ្រោងទុករបស់ខ្លួនបាន១០០%​​ទេ ដូច្នេះកុំគិតអ្វីដែលស្មុគស្មាញច្រើនពេក អ្វីដែលត្រូវកើត គឺវាគង់នឹងកើត។

៨. ប្រៀបធៀបខ្លួនឯងទៅអ្នកដទៃ. និយាយហើយថាមនុស្សរស់នៅក្នុងស្ថានភាពខុសគ្នា ជីវិតក៏ខុសគ្នាដែរ។ ទៅរកក្តីសុខមកពីណាបានបើមួយថ្ងៃៗយកខ្លួនទៅប្រៀបធៀបនឹងគេ រួចតាំងមកអង្គុយតូចចិត្ត ព្រោះវាសនាតូចទាបជាងគេ។ ឈប់បានឈប់ទៅ ត្រូវរស់នៅជាមួយខ្លួនឯងទើបអ្នកអាចរកសុភមង្គលពិតប្រាកដឃើញ៕

ស្រង់ពី Facebook កញ្ញា/ប្រភព born​​realist ប្រែសម្រួល អ៊ុង រ័ត្នបញ្ញា

សហគមន៍សម្បូរសប្បាយ

Loading...

អំពី

អត្ថបទពាក់ព័ន្ធ

កសិករគួរយល់ដឹង «រស្មីសំយោគ»

រស្មីសំយោគ គឺជាដំណើរការដែលកោសិការុក្ខជាតិចាប់យកថាមពលពន្លឺព្រះអាទិត្យ រួចប្រើប្រាស់ថាមពលនេះផលិតជាអាហាររបស់វាដើម្បីរស់។ រុក្ខជាតិដែលនៅក្រោមម្លប់តែងតែទេរទៅរកពន្លឺព្រះអាទិត្យ។ ប្រសិនបើរុក្ខជាតិទាំងនោះមិនអាចទទួលពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ទេនោះ