
កសិករ រិន សារិទ្ធ រស់នៅភូមិប្រវ៉ាល់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមមាន់ទទួលបានជោគជ័យ។ គាត់គឺជាកសិករសហការម្នាក់ ដែលបានចូលរួមរៀនសូត្រវគ្គខ្លីៗជាមួយអង្គការសេដាក ចាប់ពីឆ្នាំ២០១១ មកម្លេះ។ ដំបូងឡើយគាត់មានមេមាន់ត្រឹមតែ ២ និង បា១ក្បាលប៉ុណ្ណោះ។ សម្រាប់ប្រាក់ចំណូលពីការលក់មាន់ គឺមិនដែលបានលក់ សូម្បីតែហូបក៏មិនបានគ្រប់គ្រាន់ដែរ។ ដោយសារខិតខំព្យាយាមមកដល់ដើមឆ្នាំ២០១៣ គាត់មានមាន់មេ ៥៥ និង បា ៩ក្បាល។ ចំពោះបច្ចេក ទេសចិញ្ចឹមមានបង្ហាញជូនដូចខាងក្រោម៖
១. ការជ្រើសរើសទីតាំង
គាត់បានសាងសង់ទ្រុងចិញ្ចឹមមាន់ នៅលើទីធ្លាទំហំ ៣០x៣០ម ដែលជាដីទួលខ្ពស់មិនលិចទឹកនៅរដូវវស្សានិងក្រោមដើមឈើធំៗ ជាកន្លែងមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយប្រើសំណាញ់ហុំព័ន្ធជុំវិញទីធ្លាចិញ្ចឹម។
២. ការសាងសង់ទ្រុង
ទ្រុងមាន់ដែលគាត់បានសង់ រៀបចំឲ្យនៅជាមួយគ្នាប៉ុន្តែខណ្ឌដាច់ពីគ្នា លើកលែងតែទ្រុងបំបែកកូនមាន់តូចៗ។
- ទ្រុងធំ ១ (សម្រាប់មាន់ដេកនិងពង) ធ្វើអំពីបង្គោលឈើដំបូលប្រក់ដែកស័ង្កសី និងបិទបាំងទ្រុងដោយជំរៀកក្តារដែលមានបណ្តោយ ១៤ម, ទទឹង ៦ម, កំពស់ ៣.៥ម
- ទ្រុងបំបែកកូនចំនួន ១២ទ្រុង ដែលធ្វើអំពីជំរៀកឈើ និងហុំព័ន្ធដោយសំណាញ់ជុំវិញ បណ្តោយ ១.៥ម, ទទឹង ១ម, កំពស់ ០.៥ម សម្រាប់ដាក់កូនមាន់។
៣. ការជ្រើសរើសពូជមាន់ចិញ្ចឹម
មាន់ដែលគាត់ជ្រើសរើសមកចិញ្ចឹមមានលក្ខណៈ មេពណ៌ចម្រុះ ជើងពណ៌លឿង មានទំងន់ចាប់ពី ១.៥គក្រឡើងទៅ ប្រវត្តិមិនធ្លាប់មានជំងឺ ពងច្រើន ពូកែថែកូន ស៊ីចំណីមិនរើស (ពូជមាន់ក្នុងស្រុក) ចំពោះបាវិញ គឺទិញពីខាងក្រៅភូមិ ដើម្បីការពារកុំឲ្យជាន់ឈាម មានទំងន់ ២.៥គក្រ រហ័សរហួន ពូកែជាន់មេ មានសុខភាពល្អ និងមិនមានប្រវត្តិឈឺ។
៤. ចំណី
- មាន់តូចអាយុ ២-៣០ថ្ងៃ ដាក់ចំណីទិញពីទីផ្សារ
- មាន់មានអាយុបាន ៣០ថ្ងៃឡើង និងមាន់មេ គាត់ដាក់ចំណីផ្សំចំរុះលាយឲ្យស៊ីមានដូចជា កន្ទក់ ស្រូវត្រាំ ចុងអង្ករ អំបិល សំបកខ្ចៅខ្យង បន្លែបៃតង (ស្ពៃ ផ្ទីរ កំប្លោក ចក ត្រកួន) បុកលាយច្របល់ជាមួយ ក្បាលត្រីស្ងោរដាក់ឲ្យស៊ីរាល់ថ្ងៃ ១ថ្ងៃ៣ដង (ព្រឹក ថ្ងៃត្រង់ និងល្ងាច)។
៥. ការថែទាំ និងអនាម័យ
គាត់ឧស្សាហ៍បោសសំអាតទ្រុង មិនថាកន្លែងដេក សំបុកពង ទ្រុងបំបែកកូន គឺបោសសំអាតគ្រប់កន្លែង ក្នុងទីធ្លារាល់១អាទិត្យម្តង និងបង្វិលពងមាន់ពេលមេឃក្តៅខ្លាំងឲ្យបាន ១ថ្ងៃម្តង ព្រមទាំងធ្វើការស្រោចទឹកនៅលើទីធ្លាទ្រុងមាន់រាល់២ថ្ងៃម្តងដែរ ដើម្បីឲ្យត្រជាក់សម្រាប់មាន់ដើរលេង។ មិនតែប៉ុណ្ណោះ គាត់បានចាប់កូនមាន់ទើបញាស់ពីមេមកដាក់ក្នុងទ្រុងបំបែកភ្លាម និងមិនឲ្យស៊ីចំណីរយៈពេល២៤ម៉ោង ដាក់តែទឹកស្អាតឲ្យផឹក។ ជាទូទៅគាត់បានយកកូនមាន់ដាក់ដេកក្នុងកេសពេលមេឃត្រជាក់ឃ្លាំង ដោយមានក្រាលអង្កាម និងដាក់ហាលថ្ងៃកូនមាន់ពេលព្រឹករយៈពេល ៣ម៉ោង (៧-១០ព្រឹក) ដើម្បីឲ្យមាន់លូតលាស់ និងធំលឿន។
៦. ចំណូលនិងចំណាយ
ថ្ងៃ ខែ ឆ្នាំ |
ចំណូលពីការលក់មាន់ (រៀល) | ចំណាយលើចំណី (រៀល) |
ចំណេញសរុប (រៀល) |
២៨/០៤/១៣ | ៨.៥០០.០០០ | ៥.៥១៤.០០០ | ២.៩៨៦.០០០ |
០៦/០៦/១៣ | ៨០០.០០០ | ស៊ីចំណីចាស់ | ៨០០.០០០ |
២០/០៨/១៣ | ៩.៨០០.០០០ | ស៊ីចំណីចាស់ | ៩.៨០០.០០០ |
១០/០៩/១៣ | ៣.៥៥០.០០០ | ស៊ីចំណីចាស់ | ៣.៥៥០.០០០ |
១០.២០១៣ | ចំណាយធ្វើទ្រុងថ្មី
៤.៤០០.០០០ |
||
២២.៦៥០.០០០ | ៩.៩១៤.០០០ | ១២.៧៣៦.០០០ | |
ចំណេញសរុប = ១២.៧៣៦.០០០ |
៧. ចំណាប់អារម្មណ៍
ចាប់ពីចិញ្ចឹមមាន់មកគាត់សង្កេតឃើញថា គ្រួសាររបស់គាត់ មានជីវភាពធូរធាជាងមុនឆ្ងាយណាស់ដោយសារគាត់អាចរកប្រាក់បានពីការលក់មាន់ទាំងនេះ គឺគិតត្រឹមថ្ងៃទី១១ ឆ្នាំ២០១៣ ដោយទទួលបាន ១៧.១៣៦.០០០រៀល និងចំនួនមាន់នៅសល់សម្រាប់ចិញ្ចឹមបន្តមាន មេចំនួន ៥៥ក្បាល, បា៩ក្បាល, មាន់សាច់៣០ក្បាល, មាន់តូច៦០ក្បាល។ ជារៀងរាល់ថ្ងៃគាត់មានការងារធ្វើច្រើនណាស់ ហើយឈប់ទៅរកស៊ីឈ្នួលគេដូចកាលមុនៗទៀត មិនតែប៉ុណ្ណោះគាត់ឈប់ព្រួយបារម្ភរឿងខ្វះម្ហូបដូចកាលពីមុនទៀត។ ចំពោះការលក់មាន់ទាំងតូច ទាំងធំ គឺគាត់មិនដែលយកទៅលក់ខ្លួនឯងទេ ពីព្រោះមានឈ្មួញគេមកទិញដល់ផ្ទះ ហើយជាពិសេសសម្រាប់លាមកមាន់វិញ គឺគាត់អាចយកទៅដាក់ដាំបន្លែសម្រាប់ហូប ឬដាក់លាយឲ្យមាន់ស៊ី និងយកទៅដាក់ស្រែបានយ៉ាងច្រើនថែមទៀត។
ដូចនេះនៅថ្ងៃខាងមុខ គាត់នឹងមានគម្រោងពង្រីកការចិញ្ចឹមមាន់ឲ្យមានទ្រង់ទ្រាយធំជាងនេះទៅទៀត ដើម្បីជួយបង្កើនប្រាក់ចំណូលបន្ថែមដល់គ្រួសាររបស់គាត់ឲ្យរិតតែមានជីវភាពប្រសើរឡើង ហើយជួយបង្រៀនដល់កសិករឲ្យចេះចិញ្ចឹមមាន់ និងរកប្រាក់ចំណូលបានដូចគាត់ដែរ។
សរុបបច្ចេកទេសសំខាន់ៗក្នុងការចិញ្ចឹមមាន់មាន៖
-ធ្វើរបងព័ន្ធទីធ្លាសម្រាប់ឲ្យមាន់ដើរ និងពង -សង់ទ្រុងនៅក្នុងទីធ្លាសម្រាប់មាន់ដេក ពង និងទ្រុងបំបែកកូនមាន់ -ជ្រើសរើសពូជមាន់ចិញ្ចឹមឲ្យមានមេពណ៌ចំរុះ ជើងពណ៌លឿង ទំងន់ ១.៥គក្រ មិនមានជំងឺ ពងច្រើន ពូកែថែកូន -មាន់តូចឲ្យស៊ីចំណីផ្សារ មាន់ធំស៊ីចំណីចំរុះដែលផលិតខ្លួនឯង (ស្រូវ អង្ករ សំបកខ្យងខ្ចៅ និងបន្លែបៃតង) – ថែទាំបោសសំអាតទ្រុង ស្រោចទឹកទីធ្លាមាន់ដើរ និងឧស្សាហ៍បង្វិលពងឲ្យឆាប់ញាស់ លាងស្នូកទឹក ស្នូកចំណី និងឧស្សាហ៍ប្តូរទឹកចេញ៕ |
ឈឿង ចាន់ថុល
សហគមន៍សម្បូរសប្បាយ