Home / កសិកម្ម / បទពិសោធន៍ដាំល្ពៅបានផ្លែច្រើន

បទពិសោធន៍ដាំល្ពៅបានផ្លែច្រើន

អ្នកមីង ម៉េង ប៉ាវ រស់នៅភូមិស្រីគ្រងរាជ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ គាត់មានបទពិសោធន៍ដាំល្ពៅបានផលល្អ។ ល្ពៅផ្លែច្រើនស្អិត និងមានរសជាតិផ្អែមឆ្ងាញ់។ ចំពោះបទពិសោធន៍នៃការដាំបង្ហាញជូនដូចខាងក្រោម៖

១-ការរៀបចំដី

ក្រោយពីប្រផលស្រូវហើយ អ្នកមីងបានធ្វើការភ្ជួររាស់យកស្មៅចង្រៃចេញ ហើយហាលចោល   រយៈពេល ៥ថ្ងៃទើបភ្ជួរត្រឡប់ និងកៀរដីឲ្យស្មើល្អ។ បន្ទាប់មកគាត់កាប់រណ្តៅទំហំ ២តឹក៤ជ្រុង ជំរៅ១,៥តឹក និងទុកចន្លោះពីរណ្តៅមួយទៅមួយ១ម៉ែត្រ និងចន្លោះពីជួរមួយទៅមួយ ១,៥ម៉ែត្រ។ នៅក្នុង   រណ្តៅនីមួយៗគាត់បានជ្រុំជីកំប៉ុស្ត លាមកមាន់ពុកផុយលាយជាមួយដីដាក់នៅក្នុងរណ្តៅ។

២-ការដាំ

ពូជល្ពៅ ដែលមីងដាំឈ្មោះថា ល្ពៅក្អែកមានសាច់ពណ៌លឿងស្អិត។ ពូជនេះគាត់បានមកពីអ្នកភូមិជិតខាង។ មុនដាំគាត់បានយកគ្រាប់ទៅសំដិលហាលថ្ងៃស្រទន់ប្រហែលជា ១-២ម៉ោង។បន្ទាប់មកគាត់យកទៅដាក់កប់ដាំក្នុងរណ្តៅ ដោយក្នុង១រណ្តៅដាក់ ៣-៤គ្រាប់ កប់ជម្រៅប្រមាណ ១ថ្នាំងដៃ។

៣-ការថែទាំ

ក្រោយពីកប់គ្រាប់ដាំហើយ គាត់ស្រោចទឹកឲ្យជោគ ១ថ្ងៃ២ដង (ព្រឹក-ល្ងាច) ដាំបានរយៈពេល៣ថ្ងៃ គ្រាប់ដុះពន្លក។ ក្រោយពីដាំបានរយៈពេល ១០ថ្ងៃ គាត់បានយកជីកំប៉ុស្តទៅជ្រុំដាក់ក្បែរគល់ ពូនគល់តែម្តង ហើយក្នុងរយៈពេលនេះដែរ គាត់ដករំលោះយកកូនដែលដុះមិនល្អចោលខ្លះ។ លុះល្ពៅដុះបាន ២០ថ្ងៃ គាត់បានយកជីទឹកដែលបានមកពីឡជីវឧស្ម័នលាយទឹកស្រោចក្នុងបរិមាណស្មើគ្នា (ទឹក ១០លីត្រ លាយជីទឹក១០លីត្រ) ស្រោចនៅតាមគល់ល្ពៅ។

នៅពេលល្ពៅបោះទង គាត់បានក្តិចត្រួយចេញ ហើយយកទងកប់ទៅក្នុងដីដើម្បីឲ្យផ្លែល្ពៅបែកខ្នែង និងផ្លែកាន់បានល្អ ចំពោះផ្កាឈ្មោលគាត់បេះស្លក្រោយពីផ្កាញីចេញអស់ ធ្វើដូច្នេះដើម្បីឲ្យមានការ

បង្កកំណើត។

៤-ការប្រមូលផល

ក្រោយពីដាំបានរយៈពេល ២,៥-៣ខែ ល្ពៅទុំអាចប្រមូលផលបាន។ គាត់បេះស្ល និង លក់ជា   បណ្តើរៗរហូតអស់ផ្លែ។

សរុបមក បច្ចេកទេសសំខាន់ៗក្នុងការដាំល្ពៅមាន៖

  • ភ្ជួរដីហាល និងកៀរដីឲ្យស្មើ
  • កាប់រណ្តៅទំហំ ២តឹក៤ជ្រុង ចន្លោះពីរណ្តៅមួយទៅមួយ ១ម៉ែត្រ និងពជួរមួយទៅមួយ ១,៥ម៉ែត្រ
  • ដាក់ជីកំប៉ុស្ត និងលាមកមាន់នៅបាតរណ្តៅ
  • កប់គ្រាប់ដាំ ៣-៤គ្រាប់ក្នុង១រណ្តៅ
  • ថែទាំពូនគល់ស្រោចទឹក ដករំលោះកូនចេញខ្លះ ក្តិចត្រួយចេញខ្លះនៅពេលល្ពៅបោះទង
  • ស្រោចជីឡជីវឧស្ម័ន ក្រោយពីល្ពៅដុះបាន ២០ថ្ងៃ៕

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។