
អ្នកមីងកសិករ សៀវ តេង ជាកសិកររស់នៅភូមិបាយម៉ាត ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។ អ្នកមីងមានបទពិសោធន៍ល្អក្នុងការរៀបចំសួនដំណាំជាលក្ខណៈគ្រួសារ ដែលសួននេះបានផ្តល់នូវអត្ថប្រយោជន៍ច្រើនដល់គ្រួសាររបស់គាត់ដូចជាផ្តល់នូវបន្លែសម្រាប់ហូបជាប្រចាំថ្ងៃ និងប្រាក់ចំណូលប្រចាំថ្ងៃ។ ជាទូទៅគាត់អាចទទួលបានជាប្រចាំចាប់ពី១៥.០០០ដល់ ២០.០០០រៀលក្នុងមួយថ្ងៃ។
មូលហេតុដែលនាំឲ្យគាត់រៀបចំសួនដំណាំជាលក្ខណៈគ្រួសារគឺ៖
- មានការខ្វះខាតបន្លែសម្រាប់បរិភោគក្នុងគ្រួសារ
- ទីផ្សារនៅឆ្ងាយពីផ្ទះពិបាកក្នុងការទៅទិញ
- បានចូលរួមទទួលការបណ្តុះបណ្តាលពី អង្គការសេដាក នូវបច្ចេកទេសរៀបចំសួនបន្លែជាលក្ខណៈ គ្រួសារ។
ចំពោះវិធីសាស្រ្តនៃការរៀបចំសួនដំណាំរបស់គាត់មានបង្ហាញជូនដូចខាងក្រោម៖
១. ការរៀបចំដី
ក្នុងការដាំដំណាំគាត់បានជ្រើសរើសដីទួលមិនលិចទឹក។ គាត់ភ្ជួរឬកាប់ដីហាលទុកចោល ៥ ទៅ ១០ថ្ងៃឲ្យដីស្ងួតល្អ និងឲ្យកាកសំណល់រុក្ខជាតិរលួយបានល្អផងដែរ។
២. ប្រភេទមុខដំណាំដែលគាត់បានដាំ
ប្រភេទមុខដំាណាំដែលគាត់បានដាំមាន ត្រសក់ ននោង ខ្ទឹមស្លឹក ជីគ្រប់មុខ សណ្តែកកួរ ត្រឡាច ពោត ក្រូចឆ្មារ ត្រចៀកក្រាញ់ ត្រសក់ស្រូវ។ល។
៣. ការរៀបចំធ្វើជីធម្មជាតិ
ប្រភេទជីធម្មជាតិដែលគាត់បានធ្វើមានដូចជា៖ ជីកំប៉ុស្តទឹក ជីកំប៉ុស្តគោក និងជីប៉ូវធ្វើពីផ្លែឈើទុំ។ ប្រភេទជីទាំងនេះ គឺគាត់បានផ្សំសម្រាប់ប្រើប្រាស់ទៅលើដំណាំគ្រប់ប្រភេទ ដែលគាត់បានដាំ។
៤. ការបែងចែកប្លង់ដី

គាត់បានបែងចែកប្លង់ដីសម្រាប់ដាំដំណាំទៅតាមប្រភេទមុខដំណាំគឺ ប្រភេទដំណាំយកផ្លែ ដំណាំយកស្លឹក និងដំណាំមើម។ គាត់បានដាំដំណាំដែលមានក្លិនឈួលដូចជាម្រេះព្រៅ ខ្ទឹមស្លឹក ស្លឹកគ្រៃ និងដាំផ្កាដើម្បីទាក់ទាញសត្វល្អិត និងដើម្បីបណ្តេញសត្វល្អិតបំផ្លាញដំណាំ។ ចំពោះប្រភេទដំណាំដែលគាត់បានដាំមាន៖
១. ត្រសក់ទ្រើងចំនួន ២ទ្រើង
២. ខ្ទឹមស្លឹកចំនួន ២រង
៣. ននោងប្រហើរ ១ទ្រើង
៤. ជីគ្រប់មុខចំនួន ១រង
៥. រងដំណាំត្រប់វែង ១រង
៦. ដាំក្រូចឆ្មារ ១ដើមនៅពីមុខទ្វារចូលសួន
៧. ពោតចំនួន ១រង
៨. ដាំល្ហុងចន្លោះរង
៩. ស្លឹងត្រចៀកក្រាញ់។ (ជាប្រភេទរុក្ខជាតិដែលមានស្លឹកស្រស់ខ្ចីសម្រាប់ទាក់ទាញសត្វល្អិត)។
ចំណាប់អារម្មណ៍
អ្នកមីងមានប្រសាសន៍ថា សួនដំណាំជាលក្ខណៈគ្រួសារដែលអ្នកមីងបានដាំ មានបន្លែចម្រុះមុខគ្រប់ រដូវកាល ប្រើប្រាស់ទឹកតិច អាចការពារពីកត្តាចង្រៃតាមបែបជីវសាស្ត្រ គឺជាដំណាំមានក្លិន មានពណ៌សម្រាប់ទាក់ទាញ។ ដូចនេះ បើបងប្អូនកសិករណាមានចំណាប់អារម្មណ៍ អាចធ្វើការសាកល្បងរៀបចំសួនដំណាំជាលក្ខណៈគ្រួសារនោះនឹងអាចឃើញថា មានសួននៅក្នុងផ្ទះគឺមិនបារម្ភពីការខ្វះខាតបន្លែសម្រាប់បរិភោគទេ៕
ស៊ិន អង្គារសាធ និង កុល រ័ត្នដានី
សហគមន៍សម្បូរសប្បាយ