Home / កសិកម្ម / បទពិសោធន៍ដាំម្នាស់តាមធម្មជាតិឲ្យមានរសជាតិផ្អែម

បទពិសោធន៍ដាំម្នាស់តាមធម្មជាតិឲ្យមានរសជាតិផ្អែម

អ្នកមីង ម៉េង ប៉ាវ ជាកសិកររស់នៅភូមិស្រីគ្រងរាជ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ គាត់មានបទពិសោធន៍ដាំម្នាស់បានផលល្អ និងមានរសជាតិផ្អែមឆ្ងាញ់ ដោយប្រើតែជីធម្មជាតិ។ ចំពោះបទពិសោធន៍នៃការដាំម្នាស់របស់គាត់មានបង្ហាញដូចខាងក្រោម៖

១-ការដាំ

គាត់ចាប់ផ្តើមដាំនៅរដូវវស្សា ចន្លោះពីខែឧសភា ដល់ខែមិថុនា ព្រោះរដូវនេះមិនពិបាកក្នុងការស្រោចទឹក។ ពូជដែលអ្នកមីងដាំជាពូជម្នាស់មកពីប្រទេសថៃមានឈ្មោះថា ម្នាស់កែវទឹកឃ្មុំ។ ក្នុងការដាំគាត់បានយកបណ្តូលផ្លែទុំនៅលើផ្លែទៅដាំ។ គាត់កាប់រណ្តៅទំហំ ២តឹក៤ជ្រុង ជំរៅ២តឹក ចន្លោះពី  រណ្តៅមួយទៅមួយ ៨តឹក និងចន្លោះពីជួរមួយទៅមួយ ១ម៉ែត្រ។

ក្នុងរណ្តៅនីមួយៗ គាត់បានលាយជីកំប៉ុស្តជ្រោយឲ្យសព្វជាមួយដី បន្ទាបើមកទើបយកបណ្តូល ទៅដាក់ដាំក្នុងរណ្ដៅ គាត់កប់ដាំរាក់ៗជំរៅ ២តឹក។

២-ការថែទាំ

ក្រោយពីដាំបាន១៥ថ្ងៃ គាត់អាចដឹងថា ម្នាស់រស់ ទើបគាត់ចាប់ផ្តើមពូនជារងរួចធ្វើជាចង្អូរនៅតាមចន្លោះរងដើម្បីបង្ហូរទឹក។ នៅពេលពូនគល់ជារង គាត់ដាក់ជីបំប៉នបន្ថែមមាន ជីកំប៉ុស្ត និងជីលាមកមាន់។ ក្រោយពីពូនគល់ហើយ គាត់យកស្លឹកឈើគ្របពីលើគល់។ ការបញ្ចូលទឹកធ្វើឡើង២-៣ដងនៅរដូវប្រាំង។ ក្នុង១ឆ្នាំ គាត់ដាក់ជីកំប៉ុស្ត និងជីលាមកមាន់បំប៉នពី ១-២ដង។

៣-ការប្រមូលផល

ក្រោយពីដាំបាន២ឆ្នាំ ម្នាស់ចេញផ្កា ក្រោយពីផ្កាហើយបាន៤ខែ ម្នាស់មានផ្លែទុំពេញលេញអាចបេះបាន។ បន្ទាប់មកម្នាស់បានបែកចេញខ្នែង ចេញកូន និងផ្លែជាបន្តបន្ទាប់រយៈពេល១ឆ្នាំម្តង។ គាត់សំគាល់ផ្លែទុំល្មមបេះនៅពេលមានក្លិនក្រអូប និងក្រឡារីក ពណ៌លឿងក្រហម។ ម្នាស់១ផ្លែមានទំងន់ពី ១ ទៅ ២,៥គីឡូក្រាម។

៤-ចំណាប់អារម្មណ៍របស់កសិករ

ក្រោយពីដាំ អ្នកមីងមានប្រសាសន៍ថា ដំណាំម្នាស់នេះមិនពិបាកថែទាំទេ ហើយអាចដាំក្រោមដើមឈើក្នុងម្លប់ ឬត្រូវកំដៅថ្ងៃក៏បានផលល្អដូចគ្នា។ ចំពោះការពង្រីកពូជដោយយកខ្នែងទៅដាំមិនបានល្អដូចយកបណ្តូលជាប់ក្បាលទៅដាំទេ។

សរុបមក បទពិសោធន៍សំខាន់ៗក្នុងការដាំម្នាស់មាន៖

  • ជ្រើសរើសបណ្ដូលផ្លែទុំនៅលើផ្លែយកទៅដាំ
  • កាប់រណ្តៅទំហំ ២តឹក៤ជ្រុង ជំរៅ២តឹក ដាក់ជីកំប៉ុស្ត និងលាមកមាន់នៅបាតរណ្តៅ
  • ទុកចន្លោះពីរណ្ដៅមួយទៅមួយ ៨តឹក និងចន្លោះជួរ ១ម៉ែត្រ
  • ដាំបាន ១៥ថ្ងៃ ពូនគល់ ជំរះស្មៅ និងដាក់ជីធម្មជាតិបំប៉ន
  • ថែទាំស្រោចទឹក ២-៣ដងនៅរដូវប្រាំង និងបន្ថែមជី ២ដងក្នុង១ខួបជីវិតរហូតដល់ ចេញផ្លែ៕

ពាន សុខា និង ចាន់ សាវ៉ុន

 

Loading...

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

អ្នកស្រី ញ៉ែម សុវណ្ណរី ម្ចាស់ពានរង្វាន់លេខ១ មេគោក្រមុំ ៣ក្បាល

អ្នកស្រី ញ៉ែម សុវណ្ណរី អាយុជាង៤០ឆ្នាំ រៀនថ្នាក់ទី៩ រស់នៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ​។អ្នកស្រី​បានគាំទ្រដោយ​អង្គការសេដាក ទាក់ទងនឹងបច្ចេកទេសកសិកម្មតាមគោលការណ៍ធម្មជាតិ ជំនាញការរៀបចំសហគមន៍ ការគ្រប់គ្រងដឹកនាំ និងការអភិវឌ្ឍខ្លួននៅឆ្នាំ២០០៤។