Home / កសិកម្ម / ចិញ្ចឹមជន្លេននៅលើធ្នើរ

ចិញ្ចឹមជន្លេននៅលើធ្នើរ

សត្វជន្លេនសម្បូរដោយជាតិប្រូតេអ៊ីន ហើយគេចិញ្ចឹមសម្រាប់ឱ្យ មាន់ ទា និងត្រីស៊ីឆាប់ធំធាត់។ ការចិញ្ចឹម​ជន្លេន គឺមានច្រើនរបៀបដូចជា ចិញ្ចឹមក្នុងអាងស៊ីម៉ង់ដ៍ ចិញ្ចឹមក្នុងរណ្តៅ និងចិញ្ចឹមក្នុងពាងជា​ដើម ប៉ុន្តែនៅ​ពេល​នេះ យើងសូមលើកយកការចញ្ចឹមជន្លេននៅលើធ្នើរ មកបង្ហាញជូនប្រជាកសិករ។សូមជម្រាបថា បទពិសោធន៍នៃការចញ្ចឹមជន្លេននៅ ​លើធ្នើរនេះ គឺខ្ញុំដកស្រង់ចេញពីវីដេអូខ្លីដែលផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក និងឯកសារផ្សេងទៀតដោយមានការណែនាំអំពីការចិញ្ចឹមដូចខាងក្រោម។

ធាតុផ្សំចំណី និងសម្ភារៈ

  • អាចម៍គោ កំទេចដើមចេក ឬកំទេចកំប្លោក
  • កាំបិតសម្រាប់ហាន់ដើមចេក ឬម៉ាស៊ីនហាន់ដើមចេក
  • ចានជ័រ ឬចានដែកធំល្មម ១
  • ស្រោមដៃវែង (ជ័រ) ១គូ
  • ប៊ីដុងជ័រខ្នាតធំ (កាត់ជាពីរផ្នែក) ចំនួនច្រើនទៅតាមតម្រូវការ ដែលបន្ទះប៊ីដុងនេះត្រូវចោះរន្ធចំនួន២ ឱ្យឃ្លាតពីគ្នាដោយមានទំហំពី ៣,៥ ទៅ ៥លី ដើម្បីឱ្យទឹកស្រក់ចេញ ជៀសវាងកុំឱ្យដីជោគទឹកពេកជន្លេនរស់នៅមិនបាន
  • ធ្នើរទ្រវែងដែលមានពី ៤ ទៅ ៥ជាន់។

វិធីផ្សំចំណី

    • យកអាចម៍គោ ៧០% លាយជាមួយកំទេចដើមចេក ៣០% (យកដើមចេកមកហាន់)។
    • ឬយក អាចម៍គោ ៧០% លាយជាមួយកំទេចកំប្លោក ៣០% (យកកំប្លោកមកហាន់តូចៗ)។
    • អាចម៍គោ និងកំទេចដើមចេក ឬកំទេចកំប្លោកនេះ គឺត្រូវច្របល់ចូលគ្នាឱ្យសព្វ។
  • បើល្បាយអាចម៍គោ និងកំទេចដើមចេក ឬកំទេចកំប្លោកនោះស្ងួត គឺយើងត្រូវស្រោចទឹកបន្តិច។


ការចិញ្ចឹម និងថែទាំ
យកអាចម៍គោដែលលាយជាមួយកំទេចដើមចេក ឬអាចម៍គោលាយជាមួយកំទេចកំប្លោក មកដាក់ក្នុងបន្ទះ ប៊ីដុងដែលបានកាត់ជាពីរផ្នែកនោះដោយទុកកន្លែងទំនេរប្រមាណ២០%។ បន្ទាប់មកយកជន្លេនដែលនៅលាយឡំជាមួយដីមកដាក់នៅកន្លែងទំនេរប្រមាណ២០%នោះ រួចយកស្រទាប់ចេកឬស្លឹកឈើដាក់ពីលើដើម្បីរក្សាសំណើម ហើយយកទៅដាក់នៅលើធ្នើរ។ ធ្នើរជាច្រើនជាន់នេះត្រូវដាក់នៅក្នុងម្លប់ ឬដាក់នៅក្នុងកូនផ្ទះ។          ជើងធ្នើរត្រូវធ្វើយ៉ាងណាកុំឱ្យស្រមោចឡើងទៅស៊ីជន្លេន និបពងជន្លេន។ ដើម្បីកុំឱ្យស្រមោចឡើងទៅតាមជើងធ្នើរបាន គឺគេអាចដាក់ជើងធ្នើរនៅក្នុងចានដែលដាក់ទឹក ឬគូសដីសក្រឡឹងជុំវិញជើងធ្នើរ ឬតាមវិធីផ្សេងៗទៀតក៏បាន។ សូមបញ្ជាក់ថា ចំណីរបស់ជន្លេនគឺអាចម៍គោលាយជាមួយកំទេចដើមចេក ឬកំទេចកំប្លោកនោះឯង​។ គេអាចផ្តល់ចំណីឱ្យជន្លេនបន្ថែមទៀត គឺល្បាយអាចម៍គោលាយជាមួយកំទេចដើមចេក ឬកំទេចកំប្លោក ឬកាកសំណល់ផ្ទះបាយ ឬកាកកាហ្វេក៏បាន។

នៅពេលជន្លេនឱ្យផល គេលើកយកបន្ទះប៊ីដុងនោះទៅចាក់ឱ្យ មាន់ ទា និងត្រីស៊ីតែម្តង។ ការចិញ្ចឹមជន្លេន នៅក្នុងបន្ទះប៊ីដុង និងដាក់នៅលើធ្នើរបែបនេះ គឺប្រជាកសិករចិញ្ចឹមបានច្រើន ហើយងាយស្រួលក្នុងការលើកយក ទៅឱ្យ មាន់ ទា និងត្រី ស៊ី៕

សហគមន៍សម្បូរសប្បាយ

លោក ប៉ោ សេដ្ឋា

Loading...

អំពី

អត្ថបទពាក់ព័ន្ធ

លោកអ្នកដែលចូលចិត្តបរិភោគទុរេន អាចមានឱកាសទិញទុរេនខ្មែរបានក្នុងតម្លៃ១២០០០/១គីឡូ

ដោយមើលឃើញពីនិន្នាការប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគទុរេន ប៉ុន្តែទុរេនធម្មជាតិនៅលើទីផ្សារមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអ្នកចូលចិត្តបរិភោគទុរេន ពុំមានលទ្ធភាពក្នុងការទិញយកមកបរិភោគបាន។