ដើម្បីកាត់បន្ថយការនាំចូលបន្លែ និងធានាប្រាក់ចំណូលដល់កសិករខ្នាតតូច និងមធ្យម រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលការណ៍សំខាន់ៗចំនួន៤ដូចខាងក្រោម៖
១-ធ្វើការបង្វែរទិសដៅផលិតពីការផលិតសម្រាប់ផ្គត់ផ្គង់គ្រួសារ ទៅជាការផលិតដើម្បីធ្វើកសិពាណិជ្ជកម្ម និងកែប្រែសួនដំណាំបន្លែទៅជាចម្ការបន្លែ។
២-បញ្ចូលបច្ចេកទេសផលិត ការជ្រើសរើសពូជ ការប្រើប្រាស់ប្រព័ន្ធដំណក់ទឹក ការប្រើប្រាស់ផ្ទះសំណាញ់ ដើម្បីកាត់បន្ថយហានិភ័យបង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល។
៣-កែលម្អខ្សែចង្វាក់ផលិតកម្ម ផលិតតាមផែនការ ឬតាមកម្មវិធីច្បាស់លាស់ ផលិតតាមការបញ្ជាទិញតាមតម្រូវការទីផ្សារ និងចាំបាច់ ហើយត្រូវអនុវត្តតាមគោលការណ៍អនុវត្តកសិកម្មល្អ (GAP) និងត្រូវធ្វើកសិកម្មតាមកិច្ចសន្យា។
៤-ត្រូវគិតគូរពីការកែច្នៃ វេចខ្ចប់ ដើម្បីបង្កើនតម្លៃបន្ថែម ថែរក្សាទុកដាក់ និងមធ្យោបាយដឹកជញ្ជូនផលិតផលទៅកាន់ទីផ្សារ ដើម្បីផ្តល់សេវាឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។
គោលការណ៍ទាំង៤ចំណុចខាងលើនេះ ត្រូវបានលើកឡើងដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅពិព័រណ៍ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាព ក្នុងខេត្តព្រៃវែង៕
បន្លែដាក់លក់នៅផ្សារ១កន្លែងនៅរាជធានីភ្នំពេញ
ប្រភព Vayo Fm