Home / អាហារ និង សុខភាព / បទពិសោធន៍ធ្វើពោតកំបោរ

បទពិសោធន៍ធ្វើពោតកំបោរ

គេអាចយកពោតទៅកែច្នៃជាច្រើនមុខទៅតាមតម្រូវការ (ខ្ចី ចាស់ ទុំ)។ ពោតខ្ចីអាចចិតគ្រាប់វាស្តើងៗ​យក​ទៅ​​ឆា ធ្វើសម្លប្រហើរ បង្អែម ស្ងោរជាដើម។ ពោតទុំយើងអាចបកសំបក ហើយប្រឡេះគ្រាប់ចេញឱ្យស្អាត រួចយក​គ្រាប់ពោតទាំងនោះទៅកែច្នៃធ្វើពោតកំបោរ។ ជាក់ស្តែងអ្នកមីង អម ចាន់ធូ ជាកសិកររស់នៅភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ គាត់ចេះធ្វើពោតកំបោរយ៉ាងឆ្ងាញ់ពិសារ ដែលមានបទពិសោធន៍នេះ គាត់ចេះពីឪពុកម្តាយរបស់គាត់តាំងពីរនៅក្មេងមកម្លេះ។ យើងសូមលើកមកបង្ហាញដូចខាងក្រោមនេះ។

គ្រឿងផ្សំ

  • គ្រាប់ពោតទុំ ៥ គីឡូក្រាម
  • កំបោរ ១ ខាំកន្លះ (កំបោរហូបជាមួយស្លា)
  • ដូងទុំ ២ ផ្លែ កោសយកសាច់
  • ស្ករសប្រហែល ១ គីឡូក្រាម
  • ល្ងប្រហែល ០,៥ គីឡូក្រាម
  • ស្លឹកឫស្សីសមល្មមទុកសម្រាប់ទ្រាប់បាតឆ្នាំង
  • ទឹកបន្តិចលាយជាមួយកំបោរ។

របៀបចំអិនពោតកំបោរ

          គាត់យកស្លឹកឫស្សីមកទ្រាប់បាតឆ្នាំង ដើម្បីកុំឱ្យខ្លោចបាតឆ្នាំង ម៉្យាងវិញទៀត ធ្វើឱ្យពោត​មាន​ក្លិន​ប្រហើរ​គួរឱ្យចង់ទទួលទាន។ គាត់យកគ្រាប់​ពោតទុំមកដាក់ក្នុងឆ្នាំង បន្ទាប់មកយកកំបោរលាយ​ជា​មួយទឹកឱ្យរាវ​ល្មមរួច​ដាក់​ចូលទៅក្នុងឆ្នាំង។ ​បន្ទាប់​មក លើកឆ្នាំងដាក់ដាំឱ្យពុះយូរបន្តិចរហូត​ទាល់តែ​សំបក​ពោតរបេះទើបគាត់លើក​ឆ្នាំង​ចុះ រួចចាក់ដាក់កញ្ច្រែងឱ្យស្រស់ ហើយយកគ្រាប់ពោតនោះមកលាងទឹក​សំអាត​ទឹក២-៣ដង ឱ្យជ្រុះសំបក​អស់ និងអស់ជាតិកំបោរ។ បន្ទាប់មកទៀតយកវាទៅស្ងោរជាមួយទឹកធម្មតាឱ្យពុះ ទើប​លើក​ឆ្នាំងដាក់​ចុះ ​ហើយ​ចាក់​វាដាក់កញ្ច្រែងឱ្យស្រស់ទឹកល្អជាការស្រេច។ នៅពេលបរិភោគ ដួសដាក់ចានតូច ហើយ​យកដូង ស្ករស និង​ល្ងមករោយពីលើពោតតាមចំណង់ចំណូលចិត្ត។ ដូចនេះ សូមបងប្អូនដែលចង់ចេះធ្វើពោតកំបោរ​នេះ សាកល្បង​លមើលដើម្បីទទួលបានចំណេះដឹងនេះបន្ថែមទៀត៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែ ខេត្តកណ្តាល

តាមហ្វេសប៊ុករបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានឲ្យដឹងថា មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែក​ចាយ​បន្លែ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។