កសិករ វុធ វណ្ណី រស់នៅភូមិព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល គាត់មានបទពិសោធន៍កំចាត់សត្វល្អិតបំផ្លាញដំណាំយ៉ាងមានប្រសិទ្ធភាព ដោយប្រើថ្នាំពុលផ្សំពីរុក្ខជាតិ។ ធាតុផ្សំ និងរបៀបប្រើរបស់គាត់បង្ហាញជូនដូចខាងក្រោម។
ក. ធាតុផ្សំ
- ម្ទេសទុំ ០,៥ គីឡូក្រាម
- រំដេង ២ គីឡូក្រាម
- ស្លឹកគ្រៃ ១បាច់
- ផ្លែនិងត្រួយល្ហុងខ្វង ២គីឡូក្រាម
- ផ្លែស្លាក់ ៣គីឡូក្រាម
- វល្លិ៍មាស ២ គីឡូក្រាម
- និងម្សៅសាប៊ូ។
ខ. របៀបផ្សំ
យកធាតុផ្សំទាំងអស់ បុកលាយបញ្ចូលគ្នាឱ្យម៉ដ្ឋ ហើយច្រោះយកទឹក រួចលាយជាមួយទឹកនោមប្រហែល១០លីត្រ។
គ. របៀបប្រើ
ក្រោយពីត្រាំជាមួយទឹកនោម (អាចប្រើភ្លាមៗក៏បាន) គាត់ដងយកទឹកថ្នាំ ១ ទៅ ២លីត្រ លាយជាមួយទឹក១៧លីត្រ ហើយកូរជាមួយម្សៅសាប៊ូ ១ស្លាបព្រាបាយ រួចបាញ់លើដំណាំតែម្តង។
ឃ. ចំណាប់អារម្មណ៍របស់កសិករ
ក្រោយពីប្រើថ្នាំពុលផ្សំពីរុក្ខជាតិនេះហើយ គាត់មានចំណាប់អារម្មណ៍ថា ថ្នាំនេះមានលក្ខណៈបណ្តេញខ្លាំងជាងសំលាប់ មានប្រសិទ្ធភាព ពិសេសសត្វបំផ្លាញស្ពៃចង្កឹះដូចជា សត្វត្រចៀកគូ ដង្កូវយោលទោង។ល។
ថ្នាំពុលផ្សំពីរុក្ខជាតិអាចជំនួសថ្នាំពុលគីមីបានស្ទើរតែទាំងស្រុង មិនប៉ះពាល់សុខភាព ហើយអាចកាត់បន្ថយការចំណាយបានយ៉ាងច្រើនទៀតផង ជាពិសេសទៅទៀត ដំណាំដុះលូតលាស់ល្អ ហើយមានទំងន់ធ្ងន់៕
ដកស្រង់ចេញពីសៀវភៅស្តីពី ថ្នាំពុលការពារដំណាំផ្សំពីរុក្ខជាតិ របស់អង្គការសេដាក