Home / ការកែច្នៃកសិផល / ដំណាប់ត្នោតទុំ

ដំណាប់ត្នោតទុំ

ត្នោតជារុក្ខជាតិមានប្រយោជន៍ច្រើនទាំងដើម ស្លឹក និងផ្លែខ្ចីទុំ។ ជាពិសេសផ្លែទុំមានរសជាតិផ្អែម និង​ឆ្ងុយឆ្ងាញ់។​ ក្រៅពីយកទៅកែច្នៃធ្វើនំអាកោត្នោត គេអាចយកទៅកែច្នៃធ្វើជាដំណាប់ត្នោតទុំ។ ជាក់ស្តែងអ្នក​មីង ចាន់ វណ្ណី ជាកសិកររស់នៅភូមិប្រសប់លាក់ ឃុំបាទី ស្រុកចន្ទ្រា ខេត្តស្វាយរៀង គាត់មានបទ​ពិសោធន៍​ល្អមួយក្នុងការធ្វើដំណាប់ត្នោតទុំបានយ៉ាងឆ្ងាញ់ពិសារ បទពិសោធន៍នេះបង្ហាញជូនដូចខាងក្រោម។

១. ធាតុផ្សំ

  • ត្នោតទុំចំនួន ៥ ទៅ ១០ផ្លែ
  • អំបិលកន្លះស្លាបព្រាបាយ។

២. សំភារៈសម្រាប់ប្រើប្រាស់

  • ឈ្នាងសម្រាប់ដុសត្នោតយកសាច់
  • ស្លឹកចេកសម្រាប់ដាក់ត្នោតពេលឆ្អិន
  • កែវសម្រាប់ដាក់ពេលហាលដំណាប់ស្ងួត
  • ឆ្នាំងសម្រាប់កូរធ្វើដំណាប់។

៣. របៀបធ្វើ

  • យកត្នោតទុំទៅលាងទឹកទាំងសំបកឱ្យបានស្អាតជាមុន រួចយកសំបកចេញទុកតែសាច់
  • យកស្បៃទៅដាក់ពីលើចានដែក ហើយយកឈ្នាងដែលបានលាងស្អាតទៅផ្កាប់លើចានដែក រួចយក​ត្នោតទុំទៅដុសពីលើចុះឡើងរហូតដល់ត្នោតអស់សាច់
  • យកអំបិលទៅដាក់ក្នុងសាច់ត្នោតទុំ ដែលបានដុសរួចច្របាច់យកសាច់ចេញឱ្យអស់ និងយកសរសៃ​ទៅបោះចោល
  • យកសាច់ត្នោតទៅចាក់ចូលក្នុងឆ្នាំង រួចដាំលើភ្លើងកូររហូតដល់ដាច់ទឹកអស់ដូចធ្វើនំកូរដែរ
  • ទុកវាឱ្យត្រជាក់ រួចយកទៅដាក់លើស្លឹកចេកកៀរវាឱ្យស្មើស្តើងៗល្មម
  • យកដំណាប់ត្នោតនោះទៅដាក់ហាលថ្ងៃឱ្យស្ងួតរួចយកទៅច្រកទុកនៅក្នុងកែវដោយគ្របវាទុកឱ្យជិតជាការស្រេច។

ក្រោយពីការអនុវត្តហើយ អ្នកមីងមានប្រសាសន៍ថា ដំណាប់ត្នោតទុំនោះមានរសជាតិឆ្ងាញ់ ហើយ​អាច​រក្សាទុកបានយូរទៀតផង។ ដូច្នេះ ប្រសិនបើបងប្អូនមានត្នោតទុំ សូមធ្វើការសាកល្បង​លមើល​៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូសប្បាយ

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍កែច្នៃធ្វើដំណាប់ម្នាស់

អ្នកមីង ហែម យ៉ន់  រស់នៅភូមិព្រៃកុង ស្រុកជើងព្រៃ ខេត្តកំពង់ចាម គាត់ប្រកបមុខរបរធ្វើស្រែ និងដាំដំណាំចម្ការ (ម្នាស់)។ សល់ពីលក់ផ្លែស្រស់ និងការបរិភោគនៅក្នុងគ្រួសារ គាត់បានកែច្នៃធ្វើជាដំណាប់ម្នាស់សំរាប់បរិភោគ និងលក់ថែមទៀត។ បទពិសោធន៍របស់គាត់បង្ហាញជូនដូចខាងក្រោម។