ដង្កូវយោលទោងជាសត្វចង្រៃមួយប្រភេទ ដែលកសិករដាំបន្លែភាគច្រើនយល់ថា មានការលំបាកក្នុងការកំចាត់។ ទោះបីជាគេប្រើថ្នាំពុលគីមីច្រើនមុខលាយបញ្ចូលគ្នាក៏ដោយ ក៏មិនសូវឃើញមានប្រសិទ្ធភាពដែរហើយថែមទាំងជួបប្រទះនូវបញ្ហាយ៉ាងធ្ងន់ធ្ងរដល់សុខភាពទៀតផង។
មានបទពិសោធន៍ យ៉ាងសាមញ្ញមួយរបស់កសិករខ្មែរ ហែម សារឿន រស់នៅភូមិព្រែកហូរ ឃុំព្រែកហូរ ស្រុកតាខ្មៅ ខេត្តកណ្តាល។ក្នុងការកាត់បន្ថយការបំផ្លាញរបស់ដង្កូវយោលទោងនេះ ដោយគ្រាន់តែប្រើត្រួយរាំងប៉ុណ្ណោះ។ បទពិសោធន៍របស់គាត់មានដូចខាងក្រោម។
លោកពូ យកត្រួយរាំង (យកផ្លែកាន់តែល្អ) ប្រមាណជា ២ប៉ោត យកទៅចិញ្ច្រាំឱ្យខ្ទេច ហើយដាក់ត្រាំក្នុងទឹកធម្មតា ៨ប៉ោត (ប្រហែល ១៦០លីត្រ)។ ការត្រាំត្រូវមានរយៈពេល ២០ទៅ៣០ថ្ងៃ ទើបអាចយកទៅប្រើប្រាស់បាន។
នៅពេលយកទៅបាញ់លើដំណាំបន្លែ គឺគាត់លាយទឹកពាក់កណ្តាលថែមទៀត ដើម្បីកុំឱ្យថ្នាំដែលត្រូវប្រើ នោះវាមានប្រសិទ្ធភាពខ្លាំងជាងការត្រាំជាមួយទឹកធម្មតា។
តាមបទពិសោធន៍របស់គាត់ ការប្រើទឹកត្រួយរាំងមានប្រសិទ្ធភាព ពីព្រោះត្រួយរាំងមានជាតិចត់ និងស្អិតដែលធ្វើឱ្យដង្កូវយោលទោងមិនអាចស៊ីដំណាំបាន។ ម្យ៉ាងវិញទៀត ទឹកត្រួយរាំងនេះដូចជាជីកំប៉ុស្តទឹកអាចផ្តល់ជីជាតិដល់ដំណាំលូតលាស់បានល្អទៀតផង៕
ដកស្រង់ចេញពីសៀវភៅស្តីពី ថ្នាំពុលការពារដំណាំផ្សំពីរុក្ខជាតិ របស់អង្គការសេដាក