Home / កសិកម្ម / បទពិសោធន៍ដាំគូឆាយស្លឹក

បទពិសោធន៍ដាំគូឆាយស្លឹក

លោកពូ អ៊ុន អឿន ជាកសិកររស់នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានបទពិសោធន៍ល្អ ក្នុងការដាំដំណាំគូឆាយទទួលបាននិន្នផលខ្ពស់ដោយប្រើប្រាស់ជីធម្មជាតិ​។ ពូជគូឆាយនេះជាប្រភេទពូជនៅក្នុងស្រុក ដែលយកមកពីកោះក្អែក គាត់ដាំគូឆាយនេះបានចំនួន៣រង។ ចំពោះដំណាំគូឆាយនេះ  ក្រោយពីដាំបានរយៈពេល៥ខែគាត់អាចប្រមូលផលលក់បាន។ ការប្រមូល​ផលធ្វើឡើងរយៈពេល ១៥ថ្ងៃម្តង ដោយក្នុងម្តងគាត់លក់បានជាមធ្យម ៦៥.០០០រៀល។ ដូចនេះនៅក្នុងមួយខែ គាត់អាចរកប្រាក់ចំណូលពីដំណាំគូឆាយបានប្រមាណ ១៥០.០០០រៀល។ចំពោះវិធីសាស្ត្រនៃការដាំដុះ មានបង្ហាញដូចខាងក្រោម៖

១-ការរៀបចំដី

ក្នុងការរៀបចំដី គាត់ភ្ជួរចំនួន២ ទៅ ៣ដង។ ភ្ជួរលើកទី១ ហាលដីចោលរយៈពេល ៣ ទៅ ៤ថ្ងៃ។ ភ្ជួរលើកទី២ ទុកដីចោល ៣ថ្ងៃ និងលើកទី៣ គាត់ភ្ជួរកាប់ជាចង្អូរៗ បន្ទាប់មកគាត់យកដីដំបូកលាយជាមួយនឹងជីកំប៉ុស្តច្របល់ឲ្យសព្វដាក់ក្នុងចង្ហូរ និងលើករងដែលមានចន្លោះពីរងមួយទៅរងមួយ ៦តឹក។ ចំពោះរង ដែលគាត់បានកាប់មានបណ្តោយប្រវែង ១៦ម៉ែត្រ និងទទឹង ៦តឹក។

២-ការត្រៀមពូជដាំ និងការថែ

ពូជដែលដាំ គាត់បានទិញពីកោះក្អែក ហើយគាត់តែងតែដាំនៅពាក់កណ្ដាលរដូវវស្សា។ មុនដាំគាត់បានយកគូឆាយទៅកាត់ឫសចេញបន្តិច ដើម្បីការពារកុំឲ្យស្លឹកគូឆាយឡើងពណ៌ក្រហម ហើយត្រូវយកទៅដាំភ្លាម។ ចំពោះការដាំគូឆាយ យើងត្រូវដាំឲ្យរាក់ៗ ដើម្បីឲ្យដើមគូឆាយចាប់ឫសហើយថ្លោសល្អ។ គាត់ដាក់ដាំជា៣ជួរ ចន្លោះពីដើមមួយទៅដើមមួយប្រហែល ២តឹក។

៣-ការថែទាំ និងការពារ

ក្នុងការថែទាំ គាត់បានយកចិត្តទុដាក់ទៅលើការស្រោចទឹក និងសំអាតស្មៅ

– ការស្រោចទឹក គឺគាត់ស្រោចទឹកក្មុងមួយថ្ងៃ ១ដងនៅពេលព្រឹក (រដូវវស្សា)។ ចំណែករដូវប្រាំងវិញ គាត់ស្រោចទឹក ១ថ្ងៃ២ដង គឺព្រឹក និងល្ងាច។

– ជ្រុំដីដកស្មៅឲ្យដីធូរដែលធ្វើពី ២-៣ដងក្នុង១ខួបដំណាំរយៈពេល ៥ខែ។

៤-ការប្រមូលផល

គាត់ចាប់ផ្តើមប្រមូលផលក្រោយពីដាំបានរយៈពេល ៣ ទៅ ៤ខែ។ ១គីឡូក្រាមគូឆាយលក់បាន ៥.០០០រៀល កាត់ម្តងបានចំនួន ១៣គីឡូក្រាម គិតជាទឹកប្រាក់ប្រមាណ ៦៥.០០០រៀល ក្នុងរយៈពេល ១៥ថ្ងៃ។ ដូចនេះនៅក្នុង១ខែគាត់អាចរកប្រាក់ចំណូលពីការដាំដំណាំគូឆាយបានប្រមាណ ១៣ម៉ឺនរៀល។

៥-ចំណាប់អារម្មណ៍

លោកពូមានចំណាប់អារម្មណ៍ថា ការដាំដំណាំនេះ គឺមានលក្ខណៈងាយស្រួល ដោយមិនចំណាយពេលសំរាប់ថែទាំច្រើន ហើយមិនមានសត្វល្អិតបំផ្លាញទេ។ ដំណាំនេះគាត់ដាំប្រើតែជីធម្មជាតិ ហើយលក្ខណៈពិសេសម្យ៉ាងទៀត គឺយើងដាំដោយបំបែកកូនបន្តរហូតមិនចាំបាច់ទិញពូជពីគេទេ។

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។