អ្នកមីង សុខ ចំរើន រស់នៅខណ្ឌទួលគោក ក្រុងភ្នំពេញ មានបទពិសោធន៍ធ្វើដំណាប់ប៉េងប៉ោះមានរសជាតិឆ្ងាញ់។ បទពិសោធន៍នេះគាត់ចេះតៗពីម្តាយរបស់គាត់មក ដើម្បីទុកជាគំនិតចែកជូនកសិករសំរាប់ធ្វើការសាកល្បងតាម ខ្ញុំសូមបង្ហាញជូនបច្ចេកទេសធ្វើដំណាប់ប៉េងប៉ោះនេះដូចខាងក្រោម។
១. ធាតុផ្សំ
- ប៉េងប៉ោះទុំចំនួន ២គីឡូក្រាម (សាច់ប៉េងប៉ោះសុទ្ធយកគ្រាប់ចេញ)
- អំបិលបន្តិច ដើម្បីឱ្យផ្អែមមុត
- ស្ករត្នោតចំនួន ៧ ខាំ
- កំបោរបន្តិចប៉ុនមេដៃ។
២. របៀបធ្វើ
- យកប៉េងបោះទុំល្អគ្មានស្នាមរលួយគ្រាប់តិចសាច់ច្រើនលាងទឹកឱ្យស្អាតរួចពុះជាពីរ តាមបណ្ដាយផ្លែ ដើម្បីឆ្កឹះយកគ្រាប់ចេញ
- យកប៉េងប៉ោះ ដែលឆ្កឹះគ្រាប់ចេញត្រាំទឹកកំបោររយៈពេលប្រហែល១ ម៉ោងកន្លះ ដើម្បីឱ្យស្វិតសាច់
- បន្ទាប់មកលាងសំអាតសាច់ប៉េងប៉ោះជាមួយទឹកធម្មតាពី៣-៤ដង ដើម្បីកុំឱ្យធំក្លិនកំបោរនៅពេលលាងហើយត្រូវពូតឱ្យស្រស់ទឹកដាក់ក្នុងកញ្រែង
- ដាក់ស្ករត្នោតនៅក្នុងឆ្នាំងកូរឱ្យឡើងជើងអង្រ្កង ដោយដាក់ភ្លើងចង្រានតិចៗ ដើម្បីកុំឱ្យខ្លោចស្ករ និងបង់អំបិលចូលបន្តិច ដើម្បីឱ្យផ្អែមមុត បន្ទាប់មកដាក់ប៉េងប៉ោះចូល រួចកូរឱ្យសព្វដល់ឆ្អិនសាច់ប៉េងប៉ោះ (ឆ្អិនល្មមកុំឱ្យរលួយ) ទើបដាក់ចុះពីភ្លើចង្រ្កាន។
ជាទូទៅនៅរដូវខ្លះ បងប្អូនកសិករដាំប៉េងប៉ោះបានច្រើនហូបមិនអស់លក់មិនអស់ជន់នៅលើទីផ្សាលក់បានតំលៃថាក ដូច្នេះសូមបងង្អូនកសិករសាកល្បងកែច្នៃធ្វើដំណាប់ប៉េងប៉ោះ ដើម្បីរក្សាទុកបានយូរ និងលក់បានតម្លៃថ្លៃជាងនៅស្រស់៕\
ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក