Home / ការកែច្នៃកសិផល / បទពិសោធន៍ធ្វើសណ្តាន់ក្រៀមទុកបានយូរឆ្នាំ

បទពិសោធន៍ធ្វើសណ្តាន់ក្រៀមទុកបានយូរឆ្នាំ

សណ្តាន់ក្រៀម គឺជាគ្រឿងផ្សំសម្លមួយប្រភេទដែលគ្រួសារកសិករយើងតែងតែប្រើវាសម្រាប់បង្កើនរសជាតិនៃម្ហូបអាហារ ដូចជាដាក់សម្លម្ជូរ ឬជាគ្រឿងផ្សំសម្រាប់ធ្វើទឹកជ្រលក់ផ្សេងៗ ហើយជួនកាលទៀតគេអាចយកទៅលក់ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារថែមទៀតផង។ ជាធម្មជាតិសណ្តាន់ក្រៀមនេះ កសិករមិនអាចទុកបានយូរទេ ដោយសារមានសត្វល្អិតស៊ីគ្រាប់របស់វា ហើយបើទុកកាន់តែយូរវាប្រែពណ៌កាន់តែខ្មៅទៅៗ។
ខាងក្រោមនេះ គឺជាបទពិសោធន៍ធ្វើសណ្តាន់ក្រៀមទុកបានយូររបស់អ្នកមីង ឈិន សែត ដែលរស់នៅក្នុងភូមិស្តុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បទពិសោធន៍នេះ គាត់ចេះតពីម្តាយរបស់គាត់។ វិធីកែច្នៃបង្ហាញជូនដូចខាងក្រោម។
១. របៀបធ្វើ
ជ្រើសរើសយកផ្លែសណ្តាន់ ដែលចាស់ល្មម រួចយកមកលាងទឹកឱ្យស្អាត បន្ទាប់មកចិតផ្លែសណ្តាន់ជាចំនិតស្តើងៗតាមបណ្តោយផ្លែ, យកផ្លែសណ្តាន់ដែលចិតហើយទៅត្រាំទឹកអំបិលប្រៃឡមៗដោយលាយទឹកចំនួន ២លីត្រ ជាមួយអំបិល១ក្តាប់ ក្នុងរយៈពេលមួយយប់ស្រង់សណ្តាន់ពីទឹកអំបិល យកមកហាលថ្ងៃដោយរៀបវាទៅលើទ្រនើ (រៀបឱ្យស្តើងដើម្បីឱ្យឆាប់ស្ងួត) ក្នុងរយៈពេលមួយថ្ងៃធ្វើការត្រឡប់វាម្តងរហូតដល់វាស្ងួតក្នុងរយៈពេលពី២ទៅ៣ថ្ងៃ។
២. របៀបរក្សាទុក
ចំពោះសណ្តាន់ក្រៀម ដែលអាចរក្សាទុកបាន គឺលុះត្រាតែយើងហាលឱ្យស្ងួតអស់ជាតិសើម (សណ្តាន់ប្រែពណ៌ទៅជាក្រហមក្រម៉ៅតិចៗ)។ នៅពេលសង្កេតឃើញថា លក្ខណៈបែបនេះហើយគាត់ប្រមូលដាក់ក្នុងក្រឡទុក។ការធ្វើបែបនេះ អាចរក្សាទុកបានរយៈ ១ឆ្នាំ ឬលើសនេះ។
អ្នកមីងមានប្រសាសន៍ថា ជាធម្មតាគាត់អាចលក់សណ្តាន់ក្រៀម នេះក្នុង ១គីឡូក្រាមបានតំលៃ ៥.០០០រៀល ដែលក្នុង១ឆ្នាំ គាត់អាចលក់បានពី ៧ទៅ៨គីឡូក្រាម បានប្រាក់ពី ៣០.០០០រៀល ទៅ ៥០.០០០រៀល សម្រាប់ផ្គត់ផ្គង់គ្រួសារ។ ក្រៅពីនេះក៏មានអ្នកជិតខាងចំនួន២គ្រួសារបានមកសាកសួរ និងអនុវត្តតាមបទពិសោធន៍ធ្វើសណ្តាន់ក្រៀមនេះផងដែរ៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

វិធីធ្វើជ្រក់ខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើជ្រក់ខ្ញី)

ក្នុងមួយថ្ងៃៗមានបងប្អូនជាច្រើនបានគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃកសិផលផងដែរ។ នៅពេលនេះ​សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើជ្រក់ខ្ញីមានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើជ្រក់ខ្ញី។