ប្រជាជនកម្ពុជាបានស្គាល់ផ្លែត្នោតគ្រប់ៗគ្នា ហើយទទួលស្គាល់ថា ជាផ្លែឈើធម្មជជាតិដែលមានប្រយោជន៍ ព្រោះវាអាចកែច្នៃបានច្រើនមុខទៅតាមតម្រូវការតាំងពីផ្លែខ្ចីរហូតដល់ផ្លែទុំ។ ពោលគឺផ្លែទុំអាចធ្វើអាកោរត្នោត ចិតចំហុយ ដុតហូប ឬចិតឱ្យគោស៊ី រីឯផ្លែខ្ចីវិញអាចយកទៅធ្វើជាបន្លែដូចជាស្លប្រហើរ និងស្លកកូរជាដើម។ មិនតែប៉ុណ្ណោះយើងអាចយកវាទៅធ្វើជាញាំយ៉ាងឆ្ងាញ់ពិសារ។ ចំពោះរបៀបធ្វើមានបង្ហាញជូនដូចខាងក្រោម។
១-ធាតុផ្សំ
- ផ្លែត្នោតខ្ចីចិតស្តើងៗរួច (ប្រហែល ១គីឡូក្រាម), អំបិលម៉ដ្ឋ ១ស្លាបព្រាបាយ និងស្ករ ២ស្លាបព្រា
- ប្រហុកបន្តិច, ខ្ទឹមស និងខ្ទឹមក្រហម ៤ ទៅ ៦ កំពឹស
- ស្លឹកជីវ៉ាន់ស៊ុយ ១-២គុម្ព, សណ្ដែកដីលីង ១ខាំ និងជីគ្រប់មុខបន្តិច
- ក្នុងករណីមានបន្លែផ្សេងៗទៀតអាចដាក់បាន (ត្រសក់ ត្រយូងចេក ត្រកួន…)
- សាច់ជ្រូក ២-៣ខាំ និងទឹកខ្មេះ ឬក្រូចឆ្មា
- ម្ទេសខ្មាំង ៤-៥ផ្លែ សាច់ប្រើតាមត្រូវការ (សាច់មាន់ ជ្រូក ត្រី កំពឹស…)។
២-របៀបធ្វើ
ក–របៀបទី១
ចិតផ្លែត្នោតខ្ចីជាបន្ទះស្តើងៗ ដូចចិត្តស្លកកូរដោយត្រាំជាមួយទឹកម្ជូរ (ទឹកខ្មេះ ឬទឹកក្រូចឆ្មា) និងលាយជាមួយអំបិលបន្តិច ដើម្បីឱ្យវាទន់ហើយស បន្ទាប់មកស្រង់វាយកទៅលាងទឹកឱ្យស្អាតហើយពួតឱ្យអស់ទឹកទុកមួយអន្លើ
- សាច់ជ្រូកត្រូវស្ងោរឱ្យឆ្អិន ហើយហាន់ជាបន្ទះស្តើងៗ
- ខ្ទឹមស និងខ្ទឹមក្រហមហាន់ជាបន្ទះស្តើងៗ
- ម្ទេសហាន់ឱ្យល្អិត
- ស្លឹកជីវ៉ាន់ស៊ុយកាត់ឱ្យខ្លីល្មម
- សណ្តែកដីលីង ហើយបុកឱ្យម៉ដ្ឋល្មម
- ដាំទឹកប្រហុក អំបិល ស្ករ លាយចូលគ្នាឱ្យពុះ ហើយទុកឱ្យត្រជាក់
- យកបន្លែ សាច់ ជីគ្រប់មុខ ដែលរៀបចំរួចមកលាយបញ្ចូលគ្នាជាមួយទឹកប្រហុក ហើយដាក់ទឹកខ្មេះ ឬទឹកក្រូចឆ្មាចូល រួចភ្លក្សលមើល។ បើមិនត្រូវតាមចំណូលចិត្ត យើងអាចដាក់គ្រឿងបន្ថែម ធ្វើយ៉ាងណាឱ្យត្រូវតាមចំណង់ចំណូលចិត្ត បន្ទាប់មកត្រូវដួសដាក់ចាន ហើយរោយម្ទេស សណ្ដែកដី ជីវ៉ាន់ស៊ុយពីលើជាការស្រេច។
ខ–របៀបទី២
ធ្វើដូចរបៀបទី១ទាំងអស់ តែខុសត្រង់ការរៀបចំបន្លែត្នោតដោយចិត ឬឈូសជាបន្ទះស្តើងៗ ហើយត្រូវត្រាំទឹកអំបិល រួចស្រង់លាងទឹកឱ្យស្អាត បន្ទាប់មកដាំទឹកឱ្យពុះ រួចចាក់បន្លែត្នោតចូលឱ្យពុះបន្តិច ទើបចាក់ចេញវិញ ហើយពួតទឹកឱ្យសោះ។ ចំពោះការលាយគ្រឿងវិញ គឺធ្វើដូចរបៀបទី១ទាំងអស់។
ដូចនេះ សូមបងប្អូនសាកល្បងមើលថា តើញាំផ្លែត្នោតខ្ចីមានរសជាតិឆ្ងាញ់ប៉ុណ្ណា?
ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក