បងស្រី ព្រាប ញ៉ែវ ជាកសិកររស់នៅភូមិត្រពាំងភ្លោះ ឃុំតាសោម ស្រុកអង្គជុំ ខេត្តសៀមរាប។ បងស្រីមានបទពិសោធន៍ល្អក្នុងការដាំពោតតាមគោលការណ៍ធម្មជាតិ។ ទិន្នផលដែលគាត់ទទួលបាន គឺបានចូលរួមចំណែកជួយដល់គ្រួសារគាត់បានច្រើនដោយធ្វើនៅលើដីចំនួន ២,៥អារ គាត់អាចប្រមូលផលបានប្រមាណ ៥៧ផ្លូន ស្មើនឹង ២.២៨០ផ្លែ និងគិតជាទឹកប្រាក់ប្រមាណជា ៨៥៥.០០០រៀល។ ចំពោះបចេ្ចកទេសនៃការដាំដុះមានបង្ហាញជូនដូចខាងក្រោម៖
១. ការជ្រើសរើសពូជ
ជ្រើសរើសយកផ្លែដែលមានគ្រាប់ពេញ និងមានសាច់ស្មើគ្មានដង្កូវស៊ី ទុកឲ្យទុំនៅលើដើមរហូតដល់សំបកពោតឡើងពណ៌ស និងស្ងួតទើបបេះយកមកចងព្យួរហាលថ្ងៃចំនួន ៤ ទៅ៥ថ្ងៃ ទើបប្រឡេះគ្រាប់រក្សាទុកនៅក្នុងដបទឹកក្រូចធ្វើជាពូជដាំនៅរដូវក្រោយ។
២. ការរៀបចំដីសំរាប់ដាំ និងការដាំ
- ការរៀបចំដី. មុនពេលដាំ គឺគាត់បានធ្វើការភ្ជួរ ២ដង និងរាស់ម្តង ដើម្បីធ្វើឲ្យដីផុសបានល្អនិងយកស្មៅចេញឲ្យបានស្អាតផងដែរ។ បន្ទាប់ពីរាស់ដីឲ្យរាបស្មើរួច គាត់កាប់ជារណ្តៅមួយទៅរណ្តៅមួយប្រវែង ១ម៉ែត្រ។
- ការសំអាត និងត្រៀមគ្រាប់ដាំ. មុនយកគ្រាប់ដាក់ដាំគាត់អំរែងឲ្យស្អាត និងរើសយកគ្រាប់ដែលមានការបំផ្លាញពីជំងឺ និងសត្វល្អិតចេញ បន្ទាប់មកយកទៅត្រាំទឹក ១ថ្ងៃ ១យប់ ដើម្បីឲ្យគ្រាប់ដុះពន្លកទើបយកទៅដាក់ដាំ។
- ការដាំ. នៅក្នុងរណ្តៅនិមួយៗ មានដាក់នូវជីកំប៉ុស្តប្រមាណ ១កំបង់ដៃ និងជ្រុំដីឲ្យសព្វនៅក្នុងរណ្តៅ បន្ទាប់មកលុបដីវិញ។
៣. ការថែទាំ
ក្រោយពីដាំបានរយៈពេលពី ៤ ទៅ ៥ថ្ងៃ ពោតចាប់ដុះចេញស្លឹក៣ទៅ៤ដករំលោះកូនចេញខ្លះក្នុងមួយគុម្ពរក្សាទុកចំនួន២ដើម។ ១៥ថ្ងៃក្រោយមក គាត់បានធ្វើការពូនគល់ពោតនិងបន្ថែមនូវជីកំប៉ុស្តនៅជុំវិញគល់ដើម្បីបំប៉នដល់ពោតឲ្យកាន់តែលូតលាស់ល្អនិងធ្វើការស្រោចទឹក ១សប្តាហ៍ម្តងដោយប្រើម៉ាស៊ីនបូមទឹកបញ្ចូលតាមចន្លោះរង។
៤. ការប្រមូលផល
ពេលដំណាំពោតអាយុបាន ២ខែ ១៥ថ្ងៃ គាត់ចាប់ផ្តើមធ្វើការប្រមូលផល។ ដោយនៅលើផ្ទៃដី ២,៥អារ គាត់អាចលក់បានប្រាក់ប្រមាណ ៨៥៥.០០០រៀល។ ដូច្នេះគាត់ទទួលបានប្រាក់ចំណេញ៨០៥.០០០រៀលដោយបេះលក់ពោតខ្ចី (ពូជរក្សាទុកខ្លួនឯង)។
៥. ចំណាប់អារម្មណ៍
បងស្រីមានចំណាប់អារម្មណ៍ថា ការដាំដំណាំពោតនេះ គឺជួយដល់សេដ្ឋកិច្ចគ្រួសារគាត់បានច្រើនតាមរយៈចំណូលបន្ថែមក្រៅពីស្រូវ និងដំណាំបន្លែផ្សេងៗ។ ជាចុងក្រោយបងស្រីមានប្រសាសន៍ថា ក្នុងមួយឆ្នាំៗ ក្រោយពីប្រមូលផលស្រូវហើយ គួរធ្វើការដាំដុះដំណាំបន្ថែម ដើម្បីជួយដល់សេដ្ឋកិច្ចគ្រួសារ ព្រោះកសិករក្រៅពីការធ្វើស្រែមានតែការដាំដុះ និងចិញ្ចឹមសត្វប៉ុណ្ណោះ ទើបអាចជួយឲ្យគ្រួសារចាកផុតពីភាពទីទាល់ក្របាន។
សរុបមក បចេ្ចកទេសសំខាន់ៗក្នុងការដាំដំណាំពោតមាន៖
- ភ្ជួរដីហាល និងរាស់កៀដីឲ្យស្មើ ទើបកាប់រណ្តៅ
- សំអាតគ្រាប់ពូជ និងត្រាំទឹកឲ្យដុះពន្លកមុនយកទៅដាំ
- ប្រើជីកំប៉ុស្តដាក់បាតរណ្តៅ និងប្រើជីបំប៉នពេលធ្វើស្មៅពូនគល់រួច
- ដករំលោះកូនចេញខ្លះដោយទុកតែ ១ដើមក្នុង ១រណ្តៅ
- ធ្វើការស្រោចទឹក ១សប្តាហ៍ម្តងដោយប្រើម៉ាស៊ីនបូមបញ្ចូលតាមចន្លោះរង៕