Home / កសិកម្ម / បទពិសោធន៍កំចាត់ខ្ចៅដី

បទពិសោធន៍កំចាត់ខ្ចៅដី

ការដាំដុះពពួកបន្លែយកស្លឹក គឺច្រើនទទួលរងនូវការបំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់សត្វល្អិតចង្រៃមួយ ចំនួនដូចជា ដង្កូវយោលទោង ដង្កូវហ្វូង ដង្កូវកូនជ្រូក សត្វត្រចៀកគូរ និងប្រភេទសត្វល្អិតចង្រៃផ្សេងៗទៀត។ ដោយឡែកខ្ចៅដី គឺជាប្រភេទសត្វល្អិតចង្រៃម្យ៉ាង ដែលបំផ្លាញពួកបន្លែយកស្លឹកយ៉ាងខ្លាំងក្លា គួរឱ្យព្រួយបារម្ភ ណាស់ដែរ។

ខ្ចៅដីជាសត្វដែលមានទំហំតូចៗ មានគូថស្រួចដូច ខ្ចៅយើងហូបធម្មតា តែពុំមានសន្ទះមាត់ឡើយ។ ​វារស់នៅ តាមរងបន្លែ ហើយច្រើនកើតឡើងនៅរដូវ ភ្លៀងធ្លាក់ជោគជាំ ។ សកម្មភាពបំផ្លាញរបស់វាគឺ ចាប់ពីដំណាំដុះពន្លករហូត ដល់ប្រមូលផល។

ពេលដំណាំនៅតូចៗ វាកាត់បំផ្លាញពន្លក ឬកូនដើម ដំណាំដែលទើបដុះបណ្តាលឱ្យកូនដំណាំងាប់តែម្តង​។ នៅ ពេលដំណាំធំ វាចូលទៅក្នុងដីស៊ីឫសរយោង ​(ឫសជញ្ជក់) របស់ដំណាំបណ្តាលឱ្យការដុះលូតលាស់យឺត ឬងាប់តែម្តង ក៏មាន។

ដូច្នេះ ដើម្បីជំនួយក្នុងការកំចាត់ខ្ចៅដីនេះ យើងសូមលើកយកបទពិសោធន៍របស់កសិករ ហែម សារឿន រស់នៅភូមិ ព្រែកហូរ​ ស្រុកតាខ្មៅ ខេត្តកណ្តាល មកបង្ហាញជូនដូចតទៅ។

ដើម្បីការពារដំណាំទប់ទល់នឹងខ្ចៅដី គឺ​គាត់ប្រើថ្នាំដែលផ្សំពី “សាច់ជូរស”។ គាត់យកសាច់ជូរសចំនួន ៦គីឡូក្រាម លាយជាមួយទឹក ៣០លីត្រ​ រួចកូរឱ្យរលាយសាច់ជូរអស់ហើយទុកឱ្យរង។ បន្ទាប់មក គាត់ដួសទឹក សាច់ជូរ១កាតូសាប៊ូ (ប្រហែល ១លីត្រ)​​​ លាយជាមួយទឹកធម្មតា​២១លីត្រ ស្រោចលើថ្នាលបន្លែ ឬថ្នាលបណ្តុះ កូនបន្លែ។ ការស្រោច គួរធ្វើនៅពេលល្ងាចត្រជាក់ (ប្រហែលជាម៉ោង ៥ឬ៦ល្ងាច) ព្រោះខ្ចៅដីវាចាប់ផ្តើម បំផ្លាញនៅពេលល្ងាចនិងពេលយប់។

ក្រោយពីស្រោចទឹកសាច់ជូរអស់រយៈពេលរំលងមួយយប់មក គាត់សង្កេតឃើញខ្ចៅដីផ្ងារមាត់ឡើងលើ ហើយងាប់គរលើគ្នា ជាពិសេស នៅពេលព្រះអាទិត្យរះ (ប្រហែលជាម៉ោង៩ព្រឹក)។ គាត់បានបញ្ជាក់ថា ខ្ចៅដីងាប់បណ្តាលមកពីទឹកសាច់ជូរកាត់ជាតិរំអិលរបស់វា៕

ដកស្រង់ចេញពីសៀវភៅស្តីពី ថ្នាំពុលការពារដំណាំផ្សំពីរុក្ខជាតិ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។