Home / កសិកម្ម / បទពិសោធន៍ក្នុងការដាំនិងការពារពីការបំផ្លាញរបស់សត្វល្អិតដោយប្រើស្បៃមុង

បទពិសោធន៍ក្នុងការដាំនិងការពារពីការបំផ្លាញរបស់សត្វល្អិតដោយប្រើស្បៃមុង

លោកយាយ ព្រុំ គឹម អាយុ៦៥ឆ្នាំ រស់នៅភូមិប្រមាត់ដី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំលើរាន។ ចំពោះវិធីសាស្រ្តនេះ គាត់បានអនុវត្តអស់រយៈពេល៤ឆ្នាំកន្លងមកហើយ។ ហេតុ​នេះ ដែលនាំគាត់មានគំនិតបែបនេះ គឺដោយសារគាត់ទទួលបានការបណ្ដុះបណ្តាលពីអង្គការ ជីអាយហ្សេដ(GIZ)ប្រចាំខេត្តកំពង់ធំ ដែលបានចុះមកបណ្ដុះបណ្តាលដល់ភូមិគាត់ផ្ទាល់តែម្តង។ ចំពោះ​វិធី​សាស្ត្រនៃការអនុវត្តមានបង្ហាញជូនដូចខាងក្រោម៖

 

១-របៀបនៃការរៀបចំការដាំដុះដំណាំលើរាន

  • យកដីស្រទាប់លើ ឬដីក្រោមដើមឈើ២ភាគ និងលាមកគោពុកផុយ១ភាគ លាយជាមួយគ្នាឲ្យសព្វ រួចហាលសំដិលថ្ងៃឲ្យស្ងួត
  • ធ្វើជាធ្នើ ឬរានដែលមានទទឹង១ម៉ែត្រ និងបណ្តោយតាមលទ្ធភាព កំពស់១ម៉ែត្រ
  • យកថង់ប្លាស្ទីកមកក្រាលពីលើរានចោះរន្ធដើម្បីការពារឫសដំណាំពីការជាំទឹក
  • យកដីដែលបានលាយរួចមកចាក់ពីលើកំពស់ ១០ ទៅ ១៥សង្ទីម៉ែត្រ
  • នៅតាមជ្រុករានដោតបង្គោល ហើយតភ្ជាប់គ្នាមានលក្ខណៈជាដំបូល ដែលអាចព័ន្ធស្បៃគ្របពីលើបាន
  • យកកូនដំណាំមកដាំនៅលើរាន រួចយកស្បៃមុងមកហ៊ុំព័ន្ធជុំវិញ ដើម្បីការពារសត្វមេអំបៅ ឬដង្កូវចូលក្នុងកន្លែងដាំ
  • នៅពេលស្រោចទឹកគឺគាត់បើកស្បៃពីខាងលើ ស្រោចទឹករួចទើបគ្របទៅវិញ។

២-ចំណាប់អារម្មណ៍របស់កសិករ

ដោយយល់ឃើញថា ការដាំដំណាំនៅលើរាន និងមានប្រើស្បៃសំរាប់ការពារ ធ្វើឲ្យគាត់មានលក្ខណៈងាយស្រួល និងសាមញ្ញ ពិសេសមិនមានការប៉ះពាល់ដល់សុខភាព ទាំងដាំដុះ ព្រមទាំងអ្នកបរិភោគ ហើយវាមានប្រសិទ្ធភាពក្នុងការការពារដំណាំដោយ៖

 

  • សត្វល្អិត និងមេអំបៅមិនអាចចូលទៅបំផ្លាញដំណាំបានឡើយ
  • កំរមានស្មៅចង្រៃដុះប្រជែងជាមួយនឹងដំណាំណាស់បើប្រៀបធៀបនឹងការដាំដំណាំនៅលើដីផ្ទាល់
  • ការដាំដុះនៅលើរានអាចធ្វើឲ្យដំណាំជៀសផុតពីការជាំទឹក និង អាចដាំដំណាំបានទាំងរដូវប្រាំង និងរដូវវស្សា
  • ដំណាំដែលអាចដាំបានភាគច្រើនមានដូចជា ដំណាំខាត់ណា សាលាដ៍ ផ្ទីស ខ្ទឹមស្លឹក ជាដំណាំដែលមិនមានឫសវែង ហើយត្រូវការតែដីធូរល្អដែលមានជីជាតិគ្រប់គ្រាន់ និងអាចធ្វើឲ្យដំណាំលូតលាស់បាន
  • ក្រោយពេលប្រមូលផលដំណាំរួចគឺគ្រាន់តែបន្ថែមជីលាមកគោពុកផុយ នោះអាចដាំដុះដំណាំបន្តទៀតបាន
  • ការលូតលាស់របស់ដំណាំមានលក្ខណៈល្អប្រសើរជាងការដាំដុះដំណាំធម្មតា
  • ដំណាំគ្មានសារធាតុគីមីដែលនាំឲ្យប៉ះពាល់ដល់សុខភាពទេ។

 

សរុបមក បទពិសោធន៍សំខាន់ៗក្នុងការដាំដំណាំមាន៖

  • ធ្វើរានដែលមានទទឹង ១ម៉ែត្រ, កំពស់ ១ម៉ែត្រ និងបណ្តោយតាមលទ្ធភាព
  • ក្រាលថង់ប្លាស្ទីកក្រាស់ ដែលមានចោះរន្ធនៅបាតរាន
  • លាយដីស្រទាប់លើជាមួយលាមកគោពុកផុយដាក់លើរានសម្រាប់ដាំ
  • រៀបចំដោតបង្គោលរាន និងប្រក់ស្បៃហ៊ុំព័ន្ធ ដើម្បីការពារសត្វល្អិតបំផ្លាញ៕

ភាព សំបូរ

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។