Home / កសិកម្ម / បទពិសោធន៍ចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ

បទពិសោធន៍ចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ

អ៊ំប្រុស ឈុន ធី អាយុ៧៨ឆ្នាំ រស់នៅក្នុងភូមិស្វាយចេក ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ គាត់បានសហការជាមួយគម្រោងអភិវ្ឍន៍សេដ្ឋកិច្ចតំបន់ក្រវ៉ាត់បៃ​តង ​អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គាត់គឺជាកសិករម្នាក់ដែលមានភាពឧស្សាហ៍ព្យា​យាមទោះបីមានវ័យចំណាស់បន្តិចក៏ដោយ ក៏គាត់នៅតែបន្តការងារកសិកម្មចិញ្ចឹមមាន់នៅផ្ទះតាំងពីដើមខែកុម្ភៈ ឆ្នាំ២០១៥មក ដើម្បីបានប្រាក់ចំណូលបន្ថែមមក្នុងគ្រួសារ។ មកដល់បច្ចុប្បន្ននេះ គាត់មានមាន់ ១៥ក្បាល បា២ និង មាន់ជំទង់១០ ក្បាល។ ចំពោះបច្ចេកទេស ដែលគាត់បានអនុវត្តមានបង្ហាញជូនដូចខាងក្រោម។

១-ការសាងសង់ទ្រុង

គាត់មានតែទ្រុងសំរាប់មាន់ដេក និងទ្រុងបំបែកប៉ុណ្ណោះ គឺមិនបានធ្វើរបងព័ទ្ធទីធ្លានោះទេ។ ទ្រុងខ្លះ ត្រូវបានសាងសង់ឡើងពីឈើ ដោយមានព័ទ្ធសំណាញ់ដែលទំហំទ្រុងមាន់ទទឹង ៤ម៉ែត្របណ្តោយ ៥ម៉ែត្រ។

 

២-ការជ្រើសរើសពូជមាន់ចិញ្ចឹម

ដើម្បីចិញ្ចឹមមាន់បានល្អ គាត់បានជ្រើសរើសពូជមាន់ដូចខាងក្រោម៖

  • ការជ្រើសរើសបា
  • ពូជមិនជាន់ឈាម
  • រាងធំល្អ
  • ពណ៌ក្រហម
  • ប្រភេទមាន់ស្គួយ។
  • ការជ្រើសរើសពូជមាន់មេ
  • មិនជាន់ឈាម
  • រាងធំល្អ
  • មានពណ៌ស្អាតល្អ។

 

 

៣-ការផ្តល់ចំណី និងទឹក

  • ​កូនមាន់. គាត់ផ្តល់ចំណីផ្សំស្រាប់ដែលទិញពីផ្សារ និងទឹកជាប្រចាំថ្ងៃ ៣ដង
  • មាន់ធំ. លាយចំណីផ្សារ កន្ទក់ ដើមចេក ត្រកួន ស្រូវដោយឲ្យស៊ី២ដងក្នុង១ថ្ងៃ
  • គាត់មានស្នូកទឹកចំនួន ៤សំរាប់ដាក់ទឹកស្អាតជាប្រចាំឲ្យមាន់ផឹក។

៤-ការថែទាំ

  • កូនមាន់
  • ​​នៅពេលកូនមាន់ញាស់គាត់ចាប់បំបែកចេញពីមេ
  • លើកទ្រុងកូនមាន់ឲ្យត្រូវកំដៅថ្ងៃនៅពេលព្រឹកព្រលឹម
  • ដាក់មុងការពារទ្រុងកូនមាន់នៅពេលយប់។
  • មាន់ជំទង់ និងមាន់ធំ ​
  • បែងចែកមាន់ធំ និងមាន់ជំទង់ផ្សេងពីគ្នា
  • មានដាក់មុងការពារទ្រុងមាន់
  • ទំលាក់ព្រូនមាន់ឲ្យបានទៀងទាត់ដោយប្រើស្លាខ្ចី
  • ពេលមាន់អាយុ៧ថ្ងៃ គាត់បន្តក់វ៉ាក់សាំងការពារជំងឺ
  • ៥ថ្ងៃក្រោយគាត់ចាប់ផ្តើមជួសអុត
  • ពេលមាន់មានទម្ងន់ ០,៥គីឡូក្រាម ចាក់វ៉ាក់សាំងការពារអាសន្នរោគ។

៥-ចំណូលចំណាយ គិតក្នុងរយៈពេល ​១០ខែ

ល.រ. ប្រភេទចំណាយ (រៀល) ទឹកប្រាក់ចំណាយ/ចំណូល (រៀល)
សាងសង់ទ្រុង ២ ២១៥.០០០
ចំណី ៣១៦.០០០
ថ្នាំការពារ ព្យាបាល ៥០.០០០
សរុបចំណាយ ៥៨១.០០០
ចំណូលពីការលក់មាន់ ៦៨៦.០០០
ចំណេញ ១០៥.០០០

លទ្ធផលនេះ គាត់នៅមានការចំណេញតិចដោយសារកាត់ចំណាយក្នុងការសាងសង់ទ្រុងចេញ ហើយគាត់សង្ឃឹមថាលក់មាន់នៅលើកក្រោយៗ គាត់នឹងទទួលបានប្រាក់ចំណេញច្រើនជាងនេះ ពីព្រោះបានកាត់រំលោះអស់ហើយ។

៦-ចំណាប់អារម្មណ៍របស់កសិករ

ក្រោយពីទទួលបានជោគជ័យក្នុងការចិញ្ចឹមលោកពូមានប្រសាសន៍ថា ដើម្បីឲ្យមាន់មានការលូតលាស់ល្អ គាត់បានដាក់អំពូលម៉ែត្រដើម្បីទាក់ទាញសត្វចង្រិតធ្វើជាចំណីបន្ថែមសម្រាប់មាន់ ដែលនេះជាគំនិតផ្ទាល់របស់លោកអ៊ុំ។ តែគាត់បញ្ជាក់ថា ការចិញ្ចឹមដាក់ទ្រុងត្រឹមត្រូវ និងផ្តល់ចំណីជាប្រចាំ ធ្វើឲ្យមាន់មានការលូតលាស់លឿនជាងការចិញ្ចឹមប្រលែងធម្មតា។ ទៅថ្ងៃមុខ លោកពូនឹងពង្រីកបន្ថែមនូវមុខរបរចិញ្ចឹមមាន់នេះ។ ម៉្យាងទៀតក្រៅពីលក់ដើម្បីបានប្រាក់ចំណូល គាត់ក៏អាចផ្គត់ផ្គង់នៅក្នុងគ្រួសារបានផងដែរ លោកអ៊ុំបានចែករំលែកចំណេះដឹងនេះទៅអ្នកជិតខាងបានម្នាក់ផងដែរ។

សរុបមកបទពិសោធន៍សំខាន់ៗក្នុងការចិញ្ចឹមមាន់មាន៖

  • ធ្វើរបងព័ន្ធជុំវិញទីធ្លា និងសង់ទ្រុងសម្រាប់មាន់ដេក
  • ជ្រើសរើសពូជមាន់មេ និងបាឲ្យបានល្អមកចិញ្ចឹម
  • ផ្តល់ចំណីចម្រុះ និងទឹកឲ្យបានទៀងទាត់
  • ថែទាំកូនមាន់ដោយបំបែកចេញពីមេ និងដាក់ឲ្យត្រូវកំដៅថ្ងៃនៅពេលព្រឹកព្រលឹម
  • ទម្លាក់ព្រូនមាន់ដោយប្រើស្លាខ្ចី
  • បន្តក់វ៉ាក់សាំងកូនមាន់ និងមាន់ជំទង់៕

សយ សុភត្រា

សហគមន៍សម្បូរសប្បាយ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។