កសិករ ប្រាក់ ច្រេស រស់នៅភូមិតាសួន ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ គាត់មានបទពិសោធន៍ដាំប៉េងប៉ោះបានផ្លែច្រើន។ បទពិសោធន៍នេះបង្ហាញជូនដូចខាងក្រោម៖
ក. ការរៀបចំគ្រាប់ដាំ
មុនសាបគ្រាប់ គាត់ធ្វើការបណ្តុះគ្រាប់ជាមុនដោយយកគ្រាប់ទៅខ្ចប់ក្រណាត់ក្របួចឱ្យជាប់ ហើយដាក់ត្រាំទឹករយៈពេល ១យប់ និងផ្អាប់១យប់ ដើម្បីឱ្យគ្រាប់បឺតទឹក ទើបយកគ្រាប់ទៅបណ្តុះក្នុងថ្នាល។
ខ. ការរៀបចំដីដាំ និងការដាំ
ក្នុងការរៀបដី គាត់ភ្ជួររាស់ ឬកាប់បំបែកដីឱ្យម៉ដ្ឋ ទើបរៀបចំលើកជារង។ ក្នុងការរៀបចំដីដាំនេះវាអាស្រ័យទៅតាមរដូវ។ នៅរដូវវស្សា គាត់រៀបចំរងដែលមានទទឹង០,៥ម៉ែត្រ និងបណ្តោយទៅតាមស្ថានភាពដី។ នៅលើរងគាត់កាប់ដីជារណ្តៅចុះក្រោមពី ២ ទៅ ៣ចប បន្ទាប់មកពូនជារាងខ្នងអណ្តើកទើបយកចបជីកដាំ។ ចន្លោះពីដើមមួយទៅដើមមួយកន្លះម៉ែត្រ និងចន្លោះពីរងមួយទៅរងមួយ ៨តឹក។
រដូវប្រាំង គាត់លើករងដាំដូចនៅរដូវវស្សាដែរ ប៉ុន្តែការជីករណ្តៅដាំខុសគ្នាដោយជីកជារាងកំពែង(មានជីកចង្អូរជុំវិញ ដាំសំរាប់ឱ្យទឹកដក់នៅពេលស្រោច)។ នៅចន្លោះដើមប៉េងប៉ោះ គាត់ដាំដំណាំចម្រុះផ្សេងៗទៀតដូចជា ម្រះព្រៅ ស្លឹកខ្ទឹម ជីនាងវង និងផ្កាដែលមានពណ៌ស្រស់ៗ ដើម្បីទាក់ទាញសត្វមានប្រយោជន៍ដូចជាឃ្មុំជាដើម។ មុននឹងគាស់កូនប៉េងប៉ោះពីថ្នាលដាំ គាត់ស្រោចទឹកលើថ្នាលឱ្យជោគសិន។ការគាស់កូនដាំត្រូវធ្វើនៅពេលល្ងាចដើម្បីកុំឱ្យអន់ដើម។
គ. ការប្រើគំរបគ្របគល់ដំណាំ
បន្ទាប់ពីស្ទូងកូនហើយ គាត់ប្រើគំរបគ្របលើគល់ដំណាំទាំងនៅរដូវប្រាំងនិងរដូវវស្សា។ ចំពោះរដូវវស្សា គាត់ប្រើគំរបដើម្បី ការពារដំណក់ទឹកភ្លៀងខ្ទាតដីមកលើបណ្តូលប៉េងប៉ោះ ធ្វើឱ្យបណ្តូលរួញ។ ប៉ុន្តែត្រូវឧស្សាហ៍ប្រមូលគំរបចេញនៅពេលមានពន្លឺថ្ងៃ ដើម្បីកុំឱ្យដំណាំជាំទឹកខ្លាំង ដែលអាចបណ្តាលឱ្យមានជំងឺផ្សិត។ ចំណែករដូវប្រាំង គាត់ប្រើគំរបគ្របគល់ដំណាំ ដើម្បីរក្សាសំណើមក្នុងដី។
ឃ. ការដាក់ជី
ចំពោះការដាក់ជី គាត់បានយកប្រភេទជីដែលបានពុកផុយរលួយដូចជាជីកំប៉ុស្ត ជីលាមកសត្វពុកផុយ និងជីដែលនៅស្រទាប់ដីផ្នែកខាងលើដាក់លាយបញ្ចូលគ្នា។ នៅពេលដាំ គាត់ដាក់ជី ១បង្គីសំរាប់ ៣ រណ្តៅ ជីបំប៉នគាត់ដាក់ក្រោយពីដាំបានរយៈពេល ២០-២៥ថ្ងៃ ដោយជ្រុំគល់ដាក់ជីបន្ថែម ដើម្បីជួយដល់ ការលូតលាស់របស់ដំណាំ ដោយ១គុម្ពដាក់កន្លះបង្គី។ លុះដល់ប៉េងប៉ោះអាយុ ៥០ថ្ងៃ គាត់ជ្រុំគល់ដាក់ជី មួយសារទៀតសំរាប់ជំនួយដល់ការលូតលាស់របស់ផ្លែឱ្យថ្លោសធំល្អ និងមានរសជាតិឆ្ងាញ់។
ង. ការស្រោចទឹក
រដូវប្រាំងត្រូវស្រោចទឹកមួយថ្ងៃ២ដង ព្រឹក និងល្ងាច។ ចំពោះរដូវវស្សាយើងស្រោចម្តងៗនៅពេលគ្មានភ្លៀង (រាំង)។ ជាពិសេសនៅពេលប៉េងប៉ោះចេញផ្កាត្រូវផ្តល់ទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យមានផ្លែច្រើន និងធំល្អ។
ច.ការដោតជ្រលង់
គាត់ប្រើឫស្សី ដើមអង្គារដីតូចៗ ធ្វើជាជ្រលង់ដោត នៅពេលដែលប៉េងប៉ោះមានអាយុ ២០ថ្ងៃ ក្រោយពីដាំដើម្បីទប់ដើមកុំឱ្យដួលនៅពេលប៉េងប៉ោះផ្លែ គឺជៀសវាងការខាតបង់ទិន្នផល។ យើងបន្តធ្វើការថែទាំរហូតដល់ប៉េងប៉ោះអាយុ ៣-៤ខែ ពេលនោះប៉េងប៉ោះនឹងមានផ្លែរហូត ប៉ុន្តែទំហំផ្លែតូចជាងមុន។
ឆ. ការថែរក្សាទុកពូជ
ពូជដែលគាត់ដាំនេះមានប្រភពទិញមកពីផ្សារ ដោយគាត់ទិញផ្លែប៉េងប៉ោះដែលទុំនិងធំល្អមករក្សាទុកដាំបន្តរហូត។ នៅពេលទុកពូជ គាត់ជ្រើសរើសយកប្រភេទផ្លែដែលទុំនៅសារទី២ ដោយរក្សាទុកឱ្យទុំ នៅនឹងដើមចាំបេះវាយកមកទុក។ ការទុកដាក់នៅពេលបេះមក គាត់ច្របាច់យកតែគ្រាប់លាងទឹកឱ្យស្អាត ហាលថ្ងៃឱ្យស្ងួត (ថ្ងៃស្រទន់) ទើបខ្ចប់ក្រណាត់ចងព្យួរថែរក្សាទុក។
ជ.ការប្រមូលផល
ការប្រមូលផល គាត់ចាប់ផ្តើមតាំងពីប៉េងប៉ោះអាយុ១ខែឡើងទៅ។គាត់ប្រមូលផលបាន៥សារក្នុងមួយសារៗបានពី ៣០ទៅ៣៥គីឡូក្រាម នៅលើផ្ទៃដី ៥០ម៉ែត្រការ៉េ។ ផលដែលបានមក ក្រៅពីទុកហូបចុកក្នុងគ្រួសារគាត់លក់នៅទីផ្សារ។
សរុបមក បទពិសោធន៍ល្អៗក្នុងការដាំប៉េងប៉ោះមាន៖
- មុនសាប បណ្តុះគ្រាប់ ដោយយកក្រណាត់ក្របួចចងឱ្យជាប់ ដាក់ត្រាំទឹក១យប់ ផ្អាប់១យប់
- ភ្ជួរដីឱ្យបានផុស និងជ្រៅល្អ
- រដូវវស្សា ជីករណ្តៅដាំជាកំពែងជុំវិញ ដើម្បីឱ្យទឹកដក់នៅពេលស្រោច
- មុនគាស់កូនប៉េងប៉ោះពីថ្នាលសាប ត្រូវស្រោចទឹកលើថ្នាលឱ្យជោគសិន
- ការគាស់កូនដាំ ត្រូវធ្វើនៅពេលល្ងាច ដើម្បីកុំឱ្យអន់ដើម
- ដាំដំណាំចំរុះ ដែលមានក្លិននៅចន្លោះដើមប៉េងប៉ោះ ដូចជា ម្រះព្រៅ ស្លឹកខ្ទឹម ជីនាងវង ផ្កា ដើម្បីទាក់ទាញសត្វល្អិតដូចជា ឃ្មុំ និងបណ្តេញសត្វចង្រៃផង
- ប្រើគំរបគ្របគល់ដំណាំទាំងរដូវប្រាំង និងរដូវវស្សា
- ប្រើជីធម្មជាតិ ដូចជា កំប៉ុស្ត លាមកសត្វពុកផុយ និងជីដែលនៅស្រទាប់ដីផ្នែកខាងលើ ដាក់នៅពេលដាំ និងដាក់បំប៉ន
- នៅរដូវប្រាំងផ្តល់ទឹកឱ្យបានគ្រប់គ្រាន់ ជាពិសេស នៅពេលប៉េងប៉ោះចេញផ្កា
- ប្រើជ្រលង់ដោតនៅពេលប៉េងប៉ោះមានអាយុ ២០ថ្ងៃក្រោយពីដាំ
- ធ្វើការថែទាំដាក់ជីរហូតដល់ប៉េងប៉ោះមានអាយុ ៣-៤ខែ ដើម្បីឱ្យផ្លែមានបន្តរហូត៕