Home / កសិកម្ម / បចេ្ចកទេសដាំត្រប់របស់កសិករ ធុយ​ ថុន

បចេ្ចកទេសដាំត្រប់របស់កសិករ ធុយ​ ថុន

ដំណាំត្រប់ជាដំណាំដែលកសិករយើងនិយមដាំនៅដើមរដូវប្រាំង (ពីខែធ្នូ ដល់ ខែមេសា)។កសិករ​នៅតាមជួរមាត់ទន្លេមានការនិយមដាំ ពីព្រោះវាជាដំណាំមានការលូតលាស់ល្អលើដីល្បាប់មានជីជាតិ។ចំពោះតំបន់ដែលជា​ប្រភេទដីល្បាយខ្សាច់មិនសូវមានគេដាំដុះទេ។

ដើម្បីផ្តល់ជាគំនិតដល់កសិករ ដែលមានបំណងចង់ដាំដំណាំត្រប់​ យើងសូមលើកបទពិសោធន៍របស់កសិករ ធុយ ថុន រស់នៅភូមិក្រសាំង ឃុំជ្រាវ​ ខេត្តសៀមរាប មកបង្ហាញជូនដូចខាងក្រោម៖

          ក.ការរៀបចំដី.  ជាទំលាប់ គាត់តែងធ្វើដី ២ដង​ ដោយមានការភ្ជួរ និងរាស់ផង។ ​ការធ្វើដីនេះ គឺសំខាន់ គាត់ភ្ជួរឱ្យជ្រៅ និងរើសស្មៅឱ្យអស់។ ដោយដីជាប្រភេទដីល្បាយខ្សាច់ ហើយរាងម៉ដ្ឋបន្តិច។

ខ. ការបណ្តុះកូន.  គ្រាប់ពូជគាត់បានសំរាំងទុកដោយខ្លួនឯង។ គាត់បានយកគ្រាប់ពូជទៅបាចនៅលើថ្នាលដែលបានរៀបចំរួចជាស្រេចហើយ។ ដីលើថ្នាលមានលាយដីដំបូក និងលាមកគោដើម្បីបង្កើនជីជាតិដី និងអាចឱ្យដីរក្សាទឹកបានល្អ។ គ្រាប់ត្រប់ត្រូវបាចឱ្យស្តើងៗនៅលើរង ​និងគ្របចំបើងផងដែរដើម្បីធានាឱ្យកូនដំណាំដុះមកថ្លោស។

ក្រោយពីសាបហើយ គាត់ថែទាំកូនត្រប់ ដោយស្រោចទឹករាល់ថ្ងៃ (១ថ្ងៃ២ដង)ហើយមានការបំប៉នជីទឹក (ជាប្រភេទជីមានត្រាំទឹកនោម លាមកគោស្រស់និងរុក្ខជាតិផ្សេងៗ) ២ដង។បន្ទាប់ពីសាបបានអាយុ ៣០ថ្ងៃទើបគាត់ដកកូនយកទៅដាំ។

គ.ការដាំ.  គាត់ដាំរបៀបជារង ដោយធ្វើរងរាបស្មើ។ នៅក្នុងមួយរងគាត់ដាំ ២ជួរដោយចន្លោះ ពីគុម្ពមួយទៅគុម្ពមួយមានប្រវែង៦តឹក (៦តឹកបួនជ្រុងស្មើ)។ នៅតាមគុម្ពកូនដំណាំនិមួយៗមានជីករណ្តៅ។ នៅក្នុងរណ្តៅនិមួយៗ គឺគាត់ដាក់ជីប្រមាណមួយក្បង់ ឬកណ្តាប់ដៃ។ ប្រភេទជី ដែលប្រើមានលាមកគោ លាយ​អាចម៍ប្រចៀវ និងជីកែង.កែង.កែង (៤-៥គ្រាប់)។ ជីគីមី កែង.កែង.កែងនេះ គឺគាត់ប្រើអស់ ៤គីឡូក្រាមចំពោះដីមានទំហំ ២៥០ម៉ែត្រការ៉េក្នុងដំណាក់កាលទ្រាប់បាត។

ឃ. ការថែទាំ

ការពូនគល់ និងការប្រើជីលាមកសត្វ

បន្ថែម.​​​  ​ក្រោយពីដាំបាន ៣០ថ្ងៃ គាត់ចាប់ផ្តើមធ្វើស្មៅ និងជ្រុំដីតាមរងដើម្បីឱ្យដីធូរ​និងមានខ្យល់ចេញចូលផង។

 

 

 

 

ការស្រោចទឹក និងប្រើជីបំប៉ន. ដោយដីជាដីល្បាយខ្សាច់​ វាទាមទារឱ្យមានការស្រោចទឹកជាប្រចាំ​ ក្នុងរយៈពេលមួយថ្ងៃស្រោចម្តង។​ ប៉ុន្តែនៅពេលមានគំរបលើរង គាត់អាចធ្វើការស្រោចទឹក២ថ្ងៃម្តងក៏បាន។

ក្រោយពីពូនរងរួចមក គាត់បានបូមបង្ហូរទឹកចូលតាមចន្លោះរង ២ទៅ៣ថ្ងៃម្តង។ រយៈពេល៥ទៅ​៧ថ្ងៃម្តងរហូតដល់ពេលប្រមូលផលចុងក្រោយ។ ជាពិសេសគាត់ស្រោចទឹកច្រើន​ពេលវាចេញផ្កា ឬពេលប្រមូលផលហើយមួយសារៗ។

ង. ការប្រមូលផល

ក្រោយពីដាំបានប្រហែល ២ខែ ត្រប់អាចធ្វើការប្រមូលផលបាន​ដោយបេះក្នុងរយៈពេល៣ទៅ៥ថ្ងៃម្តង។ ចំពោះផ្ទៃដី ២៥០ម៉ែត្រការ៉េ គាត់អាចប្រមូលផលបានពី ៣​ទៅ៤ផ្លូន (១២០-១៦០ផ្លែ) អាស្រ័យតាមអាយុកាលរបស់ដំណាំ។ គាត់អាចប្រមូលផលបានក្នុងរយៈពេល ២ខែ តែវាអាស្រ័យដោយការថែទាំ​និងប្រើជី ជាពិសេសជីធម្មជាតិ៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិប្រើលើដំណាំ (កសិករឡាវ)

កសិករ ប៉ា ភីវ រស់នៅស្រុកបេក ខេត្តស៊ៀងខង ប្រទេសឡាវ គាត់មានបទពិសោធន៍ល្អក្នុងការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិទទួលបានជោគជ័យ។ ចំពោះបច្ចេកទេសផ្សំ និងរបៀបប្រើប្រាស់មានបង្ហាញដូចខាងក្រោម។