បងស្រី សុខ គិន ជាកសិកររស់នៅក្នុងភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តសា្វយរៀង។ បន្ទាប់ពីបានចូលរួមបណ្តុះបណ្តាលពីអង្គការសេដាកស្តីពីការធ្វើទឹកត្រីដែលមានរសជាតិឆា្ងញ់ និងទុកបានរយៈពេលយូរមក គាត់មានការចាប់អារម្មណ៍ ហើយក៏ចាប់ផ្តើមសាកល្បងតាម។ មូលហេតុ ដែលធ្វើឱ្យគាត់សាកល្បងតាមនេះ ដោយគាត់គិតថាការធ្វើបែបនេះដើម្បីកាត់បន្ថយការចំណាយលុយទិញទឹកត្រីពីក្រៅនិងពិសេសដើម្បីសុខភាពក្នុងគ្រួសាររបស់គាត់ ហើយម៉្យាងទៀតគឺធ្វើឱ្យគាត់មិនបោះចោលក្បាលត្រី និងបងប្អូនញាតិជិតខាងរបស់គាត់អាចរៀនសូត្រពីគាត់បាន។ បទពិសោធន៍ធ្វើទឹកត្រីរបស់គាត់បង្ហាញជូនដូចខាងក្រោម។
១. ធាតុផ្សំ
ដើម្បីបានទឹកត្រីឈ្ងុយឆ្ងាញ់យើងមានធាតុផ្សំដូចខាងក្រោម៖
- ក្បាលត្រីប្រហែល ៥ គីឡូក្រាម
- ស្ករត្នោតចំនួន ០,៥ គីឡូក្រាម
- អំបិលប្រហែល ១ គីឡូក្រាម។
២. របៀបធ្វើ
មុនដំបូង បងស្រីយកក្បាលតី្រលាងទុកឱ្យស្រស់ទឹកយកទៅតំរៀបនៅក្នុងពាងតូចមួយ បន្ទាប់មកយក អំបិលទៅរោយពីលើក្បាលត្រី ហើយចាក់ទឹកផ្សើមបន្តិចគ្របទុកឱ្យជិត។ នៅពេលដែលគាត់បានក្បាលត្រីបន្ថែមទៀត គាត់យកទៅតំរៀបពីលើបន្តទៀតរហូតដល់ពាក់កណ្តាលពាងតូចរបស់គាត់ ទើបឈប់សន្សំក្បាលត្រី។ បន្ទាប់មកគាត់យកទឹកទៅចាក់ឱ្យជិតពេញពាង ហើយគ្របទុករយៈពេល ១០ថ្ងៃ ដើម្បីឱ្យក្បាលតី្រ អំបិល ទឹកកាច់ ចូលគ្នា។ ក្រោយពីទុកបានរយៈពេល ១០ថ្ងៃ ទើបចាប់ផ្តើមយកស្ករទៅកំឡោចឱ្យឡើងជើងអង្ក្រង ទើបយកពងមាន់មួយគ្រាប់គោះដាក់ចូលក្នុងស្ករ (ដាក់ពងមាន់ដើម្បីកាត់ជាតិកករ និងមានរសជាតិឆ្ងាញ់) ហើយកូរបន្តរហូត ដល់ស្ករ និងពងមាន់រលាយចូលគ្នាឡើងពណ៌ក្រហម ទើបចាក់ទឹកត្រីក្នុងពាងដែលច្រោះហើយយកតែទឹកមិនយក កាកត្រីទេ (ចំពោះកាកសល់ក្នុងពាង គឺបង់អំបិលចូល និងចាក់ទឹកបន្ថែមចំនួន១០លីត្រអាចធ្វើទឹកត្រីបានទៀត)។ បន្ទាប់ពីចាក់ចូលនៅក្នុងឆ្នាំងហើយ កូរទឹកត្រីនោះឱ្យរលាយស្ករនៅបាតឆ្នាំង ហើយដាំរំងាស់ដល់សល់ទឹក ៥លីត្រ (គឺរំងាស់ទឹកពីរយកទឹកមួយ)។ បន្ទាប់ពីរំងាស់បានហើយ បងស្រីលើកទុកឱ្យត្រជាក់ ហើយយកវែកដួសដាក់ដប ទុកជាការស្រេចដោយមិនចាំបាច់ត្រងទេ។
ចំពោះទឹកត្រីដែលបានធ្វើ គឺមានក្លិនឈ្ងុយរសជាតិឆ្ងាញ់ ហើយថ្លាល្អ។ ក្រោយការសាកល្បងពិសោធន៍ធ្វើទឹកត្រីរួចមក គាត់មានចំណាប់អារម្មណ៍ថា ការធ្វើទឹកត្រីដោយខ្លួនឯង គឺចំណេញច្រើនដូចជាថវិកា ក្បាលត្រីមិនបោះចោលដូចមុន មិនចាំបាច់ប្រើថ្នាំដែលអាចប៉ះពាល់សុខភាពហើយបងប្អូនស្ត្រីមេផ្ទះផ្សេងទៀតបានចេះ និងធ្វើតាមបានដោយងាយស្រួល៕
ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក