Home / កសិកម្ម / បទពិសោធន៍ដាំឆៃថាវ

បទពិសោធន៍ដាំឆៃថាវ

លោកពូ ថុង គឹមឡេង ជាកសិកររស់នៅភូមិស្វាយតានី ក្នុងឃុំព្រែកគយ ស្រុកស្អាង​ ខេត្តកណ្តាល។ គាត់មានបទពិសោធន៍ដាំដុះបន្លែជាច្រើនឆ្នាំមកហើយ ជាពិសេសដំណាំឆៃ​ថាវ។ ​ក្នុងការដាំដុះនេះ លោកពូមិនបានប្រើប្រាស់ថ្នាំពុលគីមីច្រើនដូចកសិករជិតខាងគាត់ទេ ចំណែកទិន្នផលទទួលបានខ្ពស់ដូចគេដែរ។ បទពិសោធន៍របស់គាត់បង្ហាញជូនដូចខាងក្រោម៖

ក.របៀបសាប និងថែទាំ

        នៅលើរង គាត់សាបគ្រាប់នៅក្នុងចង្អូរតូចៗរួចគ្របចំបើងពីលើរង ហើយស្រោចទឹកជារៀងរាល់ថ្ងៃ (១ថ្ងៃស្រោច២ដង)។ ក្រោយពីសាបបាន ១០ថ្ងៃ គាត់ធ្វើការដករំលោះកូនចេញខ្លះ ដោយទុក៥ដើមក្នុងមួយចង្អូរ គឺ​ទុកតែដើមណាដែលរឹងមាំល្អប៉ុណ្ណោះនិងចន្លោះពីដើមមួយទៅដើមមួយ ១តឹកកន្លះ។

ការស្រោចទឹកត្រូវធ្វើជាប្រចាំ១ថ្ងៃ​២ដង រហួតដល់ឆៃថាវចុះមើម និងមើមធំ។ រយៈពេលចាប់ពី​សាប​ដល់ប្រមូលផលគឺ​១ខែកន្លះ។

 

ខ. ​ការការពារទប់ទល់នឹងការបំផ្លាញរបស់សត្វល្អិត

ដំណាំឆៃថាវ ច្រើនតែជួបប្រទះសត្វល្អិតបំផ្លាញ (ស៊ីស្លឹក) ដូចជា សត្វទុយគា (សត្វត្រចៀកគូ) ដង្កូវយោលទោង។ល។ នៅពេលជួបប្រទះការបំផ្លាញពីសំណាក់សត្វទាំងនេះ គាត់បានប្រើថ្នាំផ្សំពីរុក្ខជាតិ ដូចជា​ ម្ទេសទុំ​​ ផ្លែប៉ិគក់ សំបកដើមទៀប។

វិធីផ្សំ  :    ម្ទេសទុំ              :    ១ គីឡូក្រាម

ផ្លែប៉ិគក់             :    ១ គីឡូក្រាម

សំបកដើមទៀប :    ១ គីឡូក្រាម

ធាតុផ្សំទាំងនេះបុកចូលគ្នាត្រាំក្នុងទឹក ២៥លីត្រ រក្សាទុកក្នុងរយៈពេល ១អាទិត្យ ទើបយកទៅបាញ់លើដំណាំ។ ការបាញ់ គាត់ប្រើធុងស្នប់ដែលមានចណុះ ១៥លីត្រ (ទឹក) លាយជាមួយទឹកថ្នាំ ២កូនកែវស្រាបាញ់នៅពេលល្ងាច (ព្រលប់)។ ក្រោយពីបាញ់ហើយ ១០នាទី គាត់ស្រោចទឹកលាងថែមទៀត។ការបាញ់ថ្នាំប្រព្រឹត្តទៅ ៣ទៅ៤ថ្ងៃម្តង រហូតដល់ប្រមូលផល។

គ. ចំណាប់អារម្មណ៍របស់កសិករ

ក្រោយពីការដាំដុះបន្លែអស់រយៈពេលច្រើនឆ្នាំមកហើយលោកពូមានចំណាប់អារម្មណ៍ដូចតទៅ៖

  • ក្នុងការដាំបន្លែ​ បើសិនជាយើងចង់បានទិន្នផលខ្ពស់ គឺត្រូវយកចិត្តទុកដាក់លើការថែទាំឱ្យ

បានទៀងទាត់ដូចជា បោចស្មៅ ថែមជី ស្រោចទឹក បាញ់ថ្នាំផ្សំពីរុក្ខជាតិ ដើម្បីការពារសត្វល្អិត។ល។ បើគ្រប់គ្រងបញ្ហានេះមិនបានទេ យើងមិនអាចទទួលផលបានទេ។

  • ការដាំត្រូវផ្លាស់មុខបន្លែ កុំដាំបន្លែដដែលៗ ពី​ព្រោះវានាំឱ្យកើតសត្វល្អិតកាន់តែច្រើនប្រើជី

ច្រើន ​និងមិនសូវបានទទួលផលទៀតផង។

  • ចំណែកកូនឆៃថាវត្រូវរក្សាទុកកូនដែលរឹងមាំ ថ្លោសល្អ
  • ចំពោះដំណាំឆៃថាវ ​បើយើងទុកយូរហួសពេក(៣ទៅ៥ថ្ងៃ) មិនដកនាំឱ្យឆៃថាវក្លាយទៅជា

ស្ពោត ដែលធ្វើឱ្យអន់គុណភាព។

  • ត្រូវដាំដំណាំដែលធ្វើឱ្យយើងអាចកែច្នៃទុកលក់ទៀតបាន និងមានរយៈពេលលូតលាស់ខ្លី

ដូចជា ត្រសក់ ឆៃថាវ ស្ពៃជ្រក់។ល។ ព្រោះការប្រកបរបរដាំបន្លែលក់ វាមិនទៀងទាត់ វាអាចខាតនិងចំណេញទោះបីជាយើងក្តាប់បានតាមរដូវនៃតំរូវការទីផ្សារយ៉ាងណាក៏ដោយ។ដូច្នេះបើតំលៃនៅទីផ្សារថោកពេក យើងត្រូវកែច្នៃវាធ្វើជាផលិតផលមួយផ្សេងទៀត ដូចជា ធ្វើឆៃប៉ូវ​ ជ្រក់ត្រសក់ ជ្រក់ស្ពៃ អាចលក់បានតំលៃថ្លៃជាងក៏មាន៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិប្រើលើដំណាំ (កសិករឡាវ)

កសិករ ប៉ា ភីវ រស់នៅស្រុកបេក ខេត្តស៊ៀងខង ប្រទេសឡាវ គាត់មានបទពិសោធន៍ល្អក្នុងការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិទទួលបានជោគជ័យ។ ចំពោះបច្ចេកទេសផ្សំ និងរបៀបប្រើប្រាស់មានបង្ហាញដូចខាងក្រោម។