Home / កសិកម្ម / សួនដំណាំជាលក្ខណៈគ្រួសារ (ភាគ ៩)

សួនដំណាំជាលក្ខណៈគ្រួសារ (ភាគ ៩)

 

ជំពូកទី ៣ ៖ បទពិសោធន៍សំខាន់ៗរបស់កសិករក្នុងការដាំបន្លែ

៣.១. ការដាំល្ហុងឱ្យបានផ្លែច្រើន

អ៊ុំប្រុស ជួន ជន ជាកសិកររស់នៅភូមិជីបាល ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។​ កាលពីឆ្នាំ២០០២ រូបគាត់ត្រូវបានអង្គការ សេដាក អញ្ជើញឱ្យទៅធ្វើទស្សនកិច្ចសិក្សានៅឯកសិដ្ឋានរបស់កសិករ ប្រាក់ ច្រេស រស់នៅភូមិតាសួន ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ​។ ក្រោយពីបានធ្វើទស្សនកិច្ចសិក្សាបានស្គាល់ បានឮ និងបានឃើញជាក់ស្តែងផ្ទាល់ភ្នែកមក គាត់បានទទួលគំនិតយ៉ាងច្រើនយកមកកែប្រែលើការងារដាំដុះរបស់គាត់ ដូចជាការដាំល្ហុង​ ដែលពីមុនមកគាត់ដាំល្ហុងមានដើមខ្ពស់ៗហើយពុំសូវមានផ្លែ។ បច្ចេកទេសដាំរបស់គាត់បង្ហាញជូនដូចខាងក្រោម៖

  • ធ្វើការបណ្តុះកូនមុនទុកក្នុងកន្ទោងរយៈពេល​ ១ខែ។
  • កាប់រណ្តៅទំហំ ៣តឹកបួនជ្រុង និងជំរៅ៣តឹក បន្ទាប់មកយកលាមកសត្វពុកផុយនិងកំទេចកំទីសំរាមចាក់ឱ្យបានកន្លះ​ រណ្តៅរួចយកបន្ទះក្បឿងមួយបន្ទះទំហំ១.៥តឹកបួនជ្រុងដាក់ក្នុងរណ្តៅ​រួចបន្ថែមជីលាមកសត្វពុកផុយនិងដីមានជីជាតិដាក់ឱ្យពេញរណ្តៅ។
  • យកកូនល្ហុងដែលបានបណ្តុះហើយដាក់ដាំក្នុងរណ្តៅឱ្យចំកណ្តាលរណ្តៅលៃយ៉ាងណាឱ្យឫសចាក់ចំបន្ទះក្បឿង។
  • ក្រោយពីដាំហើយ ធ្វើការថែទាំដោយស្រោចស្រពរហូតដល់ល្ហុងចាប់ឫស គាត់ចាប់ផ្តើមជ្រុំគល់(តាមរង្វង់ស្លឹក) រួចយកចំបើងពុកៗ ឬស្លឹកឈើងាប់គ្របពីលើគល់ល្ហុង។

តាមរយៈវិធីសាស្ត្រខាងលើនេះ គាត់សង្កេតឃើញថាល្ហុងមានដើមទាបៗ ហើយផ្លែច្រើនទៀតផង។ ដោយសារបានទទួលបទពិសោធន៍ពីកសិករ ប្រាក់ ច្រេស ដែលធ្វើឱ្យគាត់បង្កើនទិន្នផលដំណាំបាន ទាំងស្រូវ បន្លែ និងឈើហូបផ្លែគ្រប់បែបយ៉ាងជួយឱ្យជីវភាពរបស់គាត់បានល្អប្រសើរជាងមុន។

ជាទីបញ្ចប់ គាត់សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អង្គការ សេដាក និងកសិករ​ ប្រាក់​​ ច្រេស ដែលផ្តល់គំនិតល្អៗដល់គាត់ក្នុងការបង្កើនផលិតកម្មដំណាំ។ គាត់សូមជូនពរឱ្យអង្គការ សេដាក និងកសិករ​ ប្រាក់ ច្រេស ជួបប្រទះតែសេចក្តីសុខ និងសេចក្តីចំរើនគ្រប់ប្រការ។

៣.២. បទពិសោធន៍ក្នុងការដាំល្ពៅ

លោកពូ តែម ឌុច អាយុ ៦៣ឆ្នាំ ជាកសិកររស់នៅភូមិត្រពាំងឈូក ឃុំពោធិអង្រ្កង ស្រុកបរសេដ្ឋ​ខេត្តកំពង់ស្ពឺ។ ជាទូទៅ ក្រោយពីការធ្វើស្រែវស្សារួច គាត់តែងមានទំលាប់ដាំដំណាំផ្សេងៗដូចជា ឪឡឹក សណ្តែក ល្ពៅ។ល។ តែចំពោះល្ពៅវិញ​​​ គាត់ដាំបានល្អជាងដំណាំផ្សេងៗ។

ដូច្នេះ យើងសូមលើកយកនូវបទពិសោធន៍ដាំល្ពៅរបស់គាត់មកចែកជូនកសិករទុកជាគំនិតសាកល្បងតាមដូចខាងក្រោម៖

ក.​ ការរៀបចំដី

        ក្រោយពីប្រមូលផលស្រូវរួច ​គាត់ទុកដីឱ្យស្រស់ទឹកបន្តិច​ ទើបច្រូតគល់ជញ្រ្ជាំងប្រមូលដាក់ហាលថ្ងៃរយៈពេល ៣ទៅ៤ថ្ងៃឱ្យស្ងួតរួចដុតជះបាចលើស្រែ។ ​បន្ទាប់មកភ្ជួរលុប ហើយរាស់បំបែកដីហាលចោលរយៈពេល ៧ ទៅ ១០ថ្ងៃ ដូចលើកទី១ដែរ។ ចំពោះការភ្ជួររាស់លើកទី៣ គឺភ្ជួរលើកជារងដែលមានចន្លោះពីរងមួយទៅមួយប្រវែង ២ម៉ែត្រ។ ដីដាំល្ពៅនេះមានទំហំប្រហែល ៧អារ។

ខ.ការរៀបចំរណ្តៅសំរាប់ដាំ

ក្រោយពីភ្ជួររួចហើយ គាត់បានកាប់រណ្តៅទំហំ ២តឹកបួនជ្រុង និងជំរៅ ២តឹក ចន្លោះពីរណ្តៅមួយទៅរណ្ដៅមួយទៀតចំងាយ ៥តឹក។

គ. របៀបដាំ

តាមបទពិសោធន៍កន្លងមក គាត់បានយក គ្រាប់ដែលពុះចេញពីផ្លែសំរាប់ទុកពូជយកទៅដាំភ្លាមៗ គាត់ជ្រើសរើសគ្រាប់ដែលថ្លោសល្អមិនស្វិត យកទៅដាំដើម្បីឱ្យឆាប់ដុះពន្លក

ក្រោយពីកាប់រណ្តៅហើយ គាត់បានដាក់ជីធម្មជាតិ (កំប៉ុស្ត-លាមកសត្វ) នៅបាតរណ្តៅច្របល់លាយជាមួយដីឱ្យសព្វ ស្រោចទឹកក្នុងរណ្តៅឱ្យជោគ រួចកាយដីលុបឱ្យស្មើទើបយកគ្រាប់ទៅដាំ។ ក្នុង១   រណ្តៅ គាត់ដាំ៣គ្រាប់ដោយតំរៀបគ្រាប់ជាជួរ។ ក្រោយពីដាំហើយ គាត់មិនស្រោចទឹកទៀតទេព្រោះបានស្រោចនៅពេលរៀបចំរណ្តៅដាក់ជីរួចហើយ។

ឃ.របៀបប្រើជី

ក្នុងមួយខួបជីវិតនៃការដាំដុះល្ពៅ គាត់ប្រើជីចំនួន ២ដងគឺ៖

លើកទី១.  ប្រើជីលាមកគោក្រៀម ឬកំប៉ុស្តទ្រាប់បាតដាក់ក្នុងរណ្តៅក្នុងកំរិតពី ០.៥ ទៅ ១គីឡូក្រាម។

លើកទី២.  ប្រើជីបំប៉ន (ជីធម្មជាតិសុទ្ធ) បរិមាណដែលប្រើ គឺលើសពីជីទ្រាប់បាត ២ទៅ៣ដង ការដាក់ជីលើកទី២ចំងាយឃ្លាតពីគុម្ពល្ពៅ ២តឹក ដោយយកជីទៅរោយត្រង់ចង្អូរដែលភ្ជួរសងខាងគុម្ពល្ពៅនោះ រួចភ្ជួរដីបកចូលលុបលើចង្អូរនោះវិញ។

ង.ការថែទាំ

ការជួសកូន.  ក្រោយដាំបានរយៈពេល ១០ថ្ងៃ គាត់ចាប់ផ្តើមដករំលោះកូនចេញខ្លះ ដោយជ្រើសរើសតែកូនល្ពៅណាដែលមានសុខភាពល្អ ទៅជួសក្នុងរណ្តៅដែលមិនដុះ។ ការជួសដោយកូនល្អជាងការជួសដោយគ្រាប់​ ពីព្រោះធ្វើឱ្យល្ពៅដុះបានស្មើគ្នាល្អ។

          ការស្រោចទឹក.  នៅពេលសង្កេតឃើញថាដីស្ងួតខ្លាំង គាត់ស្រោចទឹកដាក់តាមគុម្ពល្ពៅឱ្យជោគឬក៏បូមទឹកដាក់តាមចង្អូរចន្លោះរង ដើម្បីឱ្យវាជា្របទៅតាមគុម្ព។ក្រោយពីស្រោចទឹកលើកទី១បានរយៈពេល ១៥ថ្ងៃទៅ២០ថ្ងៃក្រោយមក បើដីស្ងួតខ្លាំងយើងអាចធ្វើការស្រោចម្តងទៀត។ ប៉ុន្តែបើមានភ្លៀងមិនចាំបាច់ធ្វើការស្រោចស្រពទេ។

ការកាត់ទង​​ និងផ្លែ.   ដើម្បីឱ្យល្ពៅមានផ្លែច្រើន ពេលល្ពៅចេញផ្កា បេះផ្កាឈ្មោលទៅគោះដាក់លើផ្កាញី ដើម្បីជួយក្នុងការបង្កកំណើត។          នៅក្នុងដំណាក់ការលូតលាស់ បើយើងសង្កេតឃើញទងណាមួយមានផ្លែកាន់ប៉ិនកដៃ ឬកំភួនដៃត្រូវកាត់ត្រួយចេញដើម្បីឱ្យផ្លែវាធំល្អ ហើយបើទងណាមានផ្លែ២ យើងត្រូវបេះផ្លែមួយចេញ ​គឺបេះផ្លែណាដែលលូតលាស់តូចជាងគេ ដើម្បីឱ្យផ្លែដែលយើងចង់រក្សាទុកលូតលាស់បានល្អ។

ការកំចាត់សត្វល្អិត.  សត្វល្អិតតែងតែបំផ្លាញដំណាំ ក្នុងដំណាក់កាលលូតលាស់ខុសៗគ្នា។ យ៉ាងណា  មិញ ចំពោះល្ពៅរបស់លោកពូ មានសត្វអណ្តើកមាសបំផ្លាញក្នុងដំណាក់កាលល្ពៅដុះបានស្លឹក២ ទៅ ៣។ លុះដល់ដំណាក់កាលល្ពៅបោះទងមានដង្កូវបំផ្លាញ។ ប៉ុន្តែវាមានតិចតួចប៉ុណ្ណោះ ពីព្រោះនៅក្នុងភូមិគាត់មានសត្វសារិកាកែវច្រើនមកស៊ីដង្កូវ។ ម្យ៉ាងទៀត គាត់ជ្រើសរើសពេលវេលាដាំបានសមស្របចន្លោះខែមករា និងខែកុម្ភៈ ដែលពុំសូវជួបប្រទះនឹងសត្វល្អិតបំផ្លាញច្រើន។

ច.ការប្រមូលផល

        ដំណាំល្ពៅផ្តល់ផលបានទាំងផ្លែ​ទាំងស្លឹក ផ្លែល្ពៅអាចប្រមូលផលបាននៅពេលមានអាយុ៥០ថ្ងៃ។ ចំណែកទងត្រួយនិងផ្កាអាចបេះបានរៀងរាល់ថ្ងៃ។ ក្នុងមួយខួបជីវិតរបស់វា យើងអាចបេះទងផ្កាលក់បាន១០ទៅ១៥ដង។

ចំពោះផ្លែ គាត់អាចលក់បាន ៥០០រៀលក្នុង១ផ្លែ រីឯស្លឹក ត្រួយ និងផ្កាបាន ៨០០រៀលក្នុង១ដុំ។ ជាទូទៅក្នុង១គុម្ពផ្លែល្អដែលអាចទទួលបានមានពី ៥ ទៅ ៦ផ្លែ។

សរុបមកបច្ចេកទេសដាំល្ពៅឱ្យបានផ្លែច្រើនរបស់គាត់មាន៖

  • ជ្រើសរើសពេលវេលាដាំឱ្យបានសមស្រប (ខែមករា-កុម្ភៈ) ដើម្បីកាត់បន្ថយការបំផ្លាញរបស់សត្វល្អិត។
  • ភ្ជួរដីហាលចោលរយៈពេល ៧ ទៅ ១០ថ្ងៃឱ្យបានចំនួន ២លើក។
  • កាប់រណ្តៅជ្រៅល្មមទំហំ ២តឹក​៤ជ្រុង ជំរៅ២តឹក ដាក់ជីធម្មជាតិទ្រាប់បាត។
  • រក្សាទុកពូជគ្រាប់ល្ពៅទាំងផ្លែ ដោយពុះយកគ្រាប់នោះទៅដាំភ្លាម។
  • ដាំក្នុង១រណ្តៅ ៣គ្រាប់ដោយកប់គ្រាប់ត្រង់ជួរ។
  • នៅពេលកូនល្ពៅដុះ ដើរដករំលោះកូនចេញខ្លះ ដោយទុកតែកូនដែលល្អ ហើយជួសកូនទៅរណ្តៅណា

ដែលមិនដុះ។

  • ស្រោចទឹកដាក់តាមគុម្ពរណ្តៅ ឬចង្អូររង ២ថ្ងៃម្តង នៅពេលចាប់ផ្តើមដាំ ពេលល្ពៅដុះធំ (បោះដៃ ស្រោច

ទឹក ១០ ទៅ១៥ថ្ងៃម្តង) បើមានភ្លៀងមិនចាំបាច់ស្រោចទឹក។

  • កាត់ត្រួយនៅពេលល្ពៅចេញផ្លែ និងកាត់ផ្លែចេញខ្លះ​ទុកតែផ្លែ១ ក្នុង១ទង ដើម្បីឱ្យផ្នែកដែលដុះមកលូត

លាស់ល្អ។​

  • ដាក់ជីបំប៉នបន្ថែម កប់ជីនៅតាមចង្អូរដែលឃ្លាតឆ្ងាយប្រហែល ២តឹកពីគុម្ពល្ពៅ។

៣.៣. ​​ បទពិសោធន៍ដាំដំណាំត្រាវ

លោកពូ ឡឹក ថុល មានអាយុ ៤៧ឆ្នាំ រស់នៅក្នុងភូមិព្រែកតាប្រាក់ ឃុំតាលុន ស្រុកស្អាង​ ខេត្ត      កណ្តាល​ គាត់មានមុខរបរដាំដំណាំ និងធ្វើស្រែចំការច្រើនឆ្នាំមកហើយ។​ ក្នុងការដាំដំណាំ គាត់មានបទពិសោធន៍យ៉ាងល្អទៅលើការដាំដុះដំណាំត្រាវ។ ជារៀងរាល់ឆ្នាំ គាត់តែងតែទទួលប្រាក់ចំណូលយ៉ាងច្រើនពីការដាំត្រាវជាងដំណាំផ្សេងៗទៀតដែលគាត់បានដាំ។ ហេតុនេះ ដើម្បីជាគំនិតសំរាប់ចែកជូនបងប្អូនកសិករ យើងសូមលើកយកបទពិសោធន៍របស់លោកពូបង្ហាញជូនដូចខាងក្រោម៖

ក. របៀបបណ្តុះកូន

        មុនពេលដាំផ្ទាល់នៅចំការ គាត់បានបណ្តុះកូនឱ្យដុះជាមុនសិន។ ដើម្បីបណ្តុះកូន គាត់បានរៀបចំថ្នាលដែលមានសុទ្ធតែដីខ្សាច់​ដើម្បីងាយស្រួលក្នុងការដកកូនកុំឱ្យដាច់ឫស ហើយការបណ្តុះកូននេះ មានរយៈពេលពី​២០ថ្ងៃទៅមួយខែ។

ក្នុងការបណ្តុះកូន គេប្រើមើមដោយជ្រើសរើសមើមណា ដែលមានពន្លកល្អ។ ចំណែកបច្ចេក​ទេសបណ្តុះមានពីររបៀបគឺ៖ យើងអាចកប់មើមដោយដាក់ក្បាល​វាមើមចុះមកក្រោម និង ​ដាក់មើមកប់ដាំធម្មតា។

ខ. ការរៀបចំដី

          ផ្ទៃដីដាំដំណាំត្រាវរបស់ពូមាន ២កន្លែង គឺមួយកន្លែងទំហំ​​ ២.៤០០ម៉ែត្រការ៉េ និងមួយកន្លែទៀតទំហំ ២.៨០០ម៉ែត្រការ៉េ។

លោកពូមានវិធីសាស្រ្តរៀបចំដីខុសពីគេ ដោយគាត់ភ្ជួរដីឱ្យបានរួចមុនពេលទឹកឡើង គឺភ្ជួរចំនួន ៥ដងហើយជ្រៅថែមទៀត លុះដល់ទឹកស្រក គាត់កាប់បំផុសដីជារណ្តៅដាំតែម្តង។ ចំណែកឯកសិករដទៃទៀត ភ្ជួរដីក្រោយពេលទឹកស្រកភ្ជួរហើយទើបកាប់រណ្តៅដាំ។

គ. វិធីដាំ

        នៅពេលកូនត្រាវមានអាយុ ២០ទៅ៣០ថ្ងៃ និងកំពស់ ១តឹកកន្លះ ពូចាប់ផ្តើមដកកូនទាំងនោះយកមកដាក់ដាំក្នុងរណ្តៅ។ បន្ទាប់មកយកកំប្លោកមកគ្របដាក់ក្បែរគល់ត្រាវ ដើម្បីជាគំរបដី និងជាជីធម្មជាតិផងនៅពេលដែលកំប្លោករលួយ។

ឃ. ការថែទាំ

          ដើម្បីឱ្យបានទិន្នផលខ្ពស់ លោកពូមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការថែទាំដូចជា៖

  • ធ្វើការដកស្មៅ (ក្នុងមួយវដ្តលូតលាស់របស់ត្រាវ គាត់ដកស្មៅតែពីរដងប៉ុណ្ណោះដោយសារគាត់បានប្រើគំរបកំប្លោកគ្របនៅលើគល់ត្រាវ)។
  • ចំពោះការដាក់ជី គាត់ដាក់នៅពេលកាប់រណ្តៅដាំ និងដាក់ជីបំប៉ននៅចន្លោះចង្អូររងក្បែរៗ រណ្តៅ ជីដែលគាត់ប្រើមានលាមកសត្វ កំប៉ុស្ត និងគំរបកំប្លោកដែលរលួយ។
  • ស្រោចទឹកដោយប្រើម៉ាស៊ីនបូមទឹកបាញ់ដាក់សើមៗដី ជៀសវាងដក់ទឹកដែលនាំឱ្យរលួយដល់គល់ត្រាវ។
  • ធ្វើការកំចាត់សត្វល្អិតដែលមកបំផ្លាញដំណាំត្រាវ ដូចជាដើរចាប់ដង្កូវស៊ីស្លឹក កាត់ដើមដែលត្រូវបំផ្លាញដោយសត្វល្អិតចោលឱ្យឆ្ងាយពីចំការ ​ឬដុតចោល។
  • ធ្វើការតាមដានចំពោះជំងឺក្រាទឹក បើមានកើតលើដើមណា គាត់ឆាប់ដកចោលភ្លាមជៀសវាងឆ្លងទៅដើមដទៃទៀត។

ង.​ ការប្រមូលផល

ដំណាំត្រាវឱ្យផលក្នុងរយៈពេលប្រហែល៦ខែបន្ទាប់ពីដាំ។ ចំណែកឯការប្រមូលផលនេះ គឺគាត់

ធ្វើការជីកគល់យកមើមទាំងតូចទាំងធំ ដោយឱ្យជាប់ដីបន្តិចបន្តួចផងនៅជាប់នឹងមើម។ ចំណែកឯធាងនិងស្លឹកគាត់កាត់ចោល។ លោកពូប្រមូលផលត្រាវរបស់គាត់សរុបចំការទាំងពីរបានទិន្នផល ៧តោន។

ច. ការថែរក្សាផលត្រាវ

          ប្រសិនបើនៅពេលដល់រដូវប្រមូលផលចំពេលដែលតំលៃនៅលើទីផ្សារធ្លាក់ចុះទាប​ គាត់មិនទាន់លក់ភ្លាមទេ។ គាត់រក្សាមើមត្រាវទុករហូតតំលៃលើទីផ្សារឡើងបន្តិចវិញ។ ចំណែកឯរបៀបរក្សាទុកមានដូចខាងក្រោម៖

  • ដំបូងធ្វើរោងសំរាប់ដាក់ត្រាវ ដោយមានដំបូលប្រក់ពីធាងដូង ប្រក់រង្វើលឱ្យមានចេញជាម្លប់ខ្លះៗ
  • រៀបមើមត្រាវដាក់កុំឱ្យគរលើគ្នាច្រើនពេក បន្ទាប់មកបាចដីល្បាប់លុបមើមត្រាវតិចៗ
  • ធ្វើការស្រោចទឹកតិចៗនៅពេលដីល្បាប់ដែលកប់លើត្រាវនោះស្ងួត។ ការធ្វើបែបនេះ អាចរក្សាទុកបានរយៈ​ពេល១ខែ។

សរុបមក បទពិសោធន៍ដាំត្រាវរបស់លោកពូមាន៖

  • ភ្ជួរដីឱ្យជ្រៅទុកមុនពេលទឹកឡើងដើម្បីឱ្យដីធូរ នៅពេលទឹកស្រកកាប់បំផុសដីជារណ្តៅដាំ
  • បណ្តុះកូនមុនពេលយកទៅដាំនៅចំការ ដោយជ្រើសរើសមើមត្រាវដែលមានពន្លកដុះល្អ
  • រៀបចំថ្នាលបណ្តុះមើមដោយប្រើដីខ្សាច់ ដើម្បីងាយស្រួលដកយកកូនទៅដាំ (ដកធូរមិនដាច់ឫសចំណាយពេលតិចក្នុងការដកកូន)
  • ដកកូនយកទៅដាំនៅចំការនៅពេលត្រាវអាយុ ២០ ទៅ ៣០ថ្ងៃក្រោយបណ្តុះ
  • ប្រើគំរបកំប្លោកស្ងួតគ្របដី និងគល់ត្រាវ
  • ថែទាំដោយបោចស្មៅ ជ្រួយដីដាក់ជីបំប៉ននៅក្បែររណ្តៅ
  • ធ្វើការស្រោចទឹកឱ្យសើមដីជានិច្ច​ តែកុំឱ្យជាំទឹកនាំឱ្យរលួយគល់
  • ធ្វើការកំចាត់សត្វល្អិត និងជំងឺដោយចុះចាប់ដង្កូវនឹងដៃ ហើយដើរដកចោលនូវដើមណាដែលបំផ្លាញដោយជំងឺ និងសត្វល្អិត
  • ប្រមូលផលដោយជីកយកមើមឱ្យជាប់ដីខ្លះ
  • រក្សាទុកត្រាវក្នុងរោងប្រក់ដំបូលមានខ្យល់ចេញចូល
  • យកដីល្បាប់គ្របលើគល់ត្រាវ ហើយបាញ់ទឹកផ្សើមឱ្យសើមជាប់កុំឱ្យស្ងួត។

បណ្ឌិត យ៉ង សាំងកុុមារ និង ពាន សុខា

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។