Home / កសិកម្ម / សត្រូវរបស់ដំណាំ និងវិធានការកំចាត់

សត្រូវរបស់ដំណាំ និងវិធានការកំចាត់

១.១ អ្វីទៅជាសត្រូវរបស់ដំណាំ? សត្រូវរបស់ដំណាំរួមមានសត្វល្អិតចង្រៃ ស្មៅ និងភ្នាក់ងារបង្កជំងឺ (ធ្វើឲ្យរុក្ខជាតិមានជំងឺ)

  • សត្វល្អិតដែលស៊ីបំផ្លាញដំណាំ និងនាំរោគដល់ដំណាំធ្វើឲ្យទិន្នផលថយចុះ
  • រុក្ខជាតិស្មៅដែលរស់ប្រណាំងប្រជែងដណ្តើមជីជាតិពីដំណាំ ហើយក៏ជាជំរកសត្វស្អិត និង​ជំងឺផងដែរ
  • ភ្នាក់ងារបង្កជំងឺមានដូចជា វីរុស បាក់តេរី ផ្សិត។ ភ្នាក់ងារបង្កជំងឺទាំងនេះ ធ្វើឲ្យរុក្ខជាតិកើតជំងឺ ដែលធ្វើឲ្យដំណាំលូតលាស់មិនល្អ ខូចខាត និងមិនបានទទួលផល។

១.២ មូលហេតុដែលធ្វើឲ្យមានការកើតនៃសត្រូវរបស់ដំណាំ

មានកត្តាជាច្រើនដែលធ្វើឲ្យមានឥទ្ធិពលទៅលើការកកើតសត្រូវរបស់ដំណាំ ដែលកសិករគួរ យល់ដឹង និងជៀសវាងទៅលើកត្តាទាំងនោះកុំឲ្យកើតមានដូចជា៖

  • ការដាំដុះនូវដំណាំមួយប្រភេទ (ឧទាហរណ៍ ពោត ប៉េងបោះ ស្ពៃ ។ល។) នៅលើដីដដែលៗវា ផ្តល់លក្ខណៈអំណោយផលដល់ការកើត ក៏ដូចការលូតលាស់នូវប្រភេទសត្វល្អិតចង្រៃពិសេស ណាមួយ។
  • ការប្រើថ្នាំពុលសម្លាប់សត្វល្អិតជាបន្ត វាសម្លាប់សត្វល្អិតមានប្រយោជន៍នៅក្នុងធម្មជាតិ និង បណ្តោយឲ្យប្រភេទសត្វល្អិតចង្រៃមួយចំនួនបង្កើនភាពធន់នឹងថ្នាំពុល ហើយបង្កើតកូនចៅ បានយ៉ាងរហ័ស។ ដូច្នេះវាអាចបង្កការរាលដាលបានយ៉ាងរហ័ស ប្រសិនបើទីតាំងភូមិសាស្រ្ត មានលក្ខណៈអំណោយផលសម្រាប់ការលូតលាស់របស់វា។
  • លក្ខណៈអាកាសធាតុផ្លាស់ប្តូរមិនសមស្រប គឺស្ងួត ឬក្តៅពេក ឬទឹកភ្លៀងជោគជាំពេកធ្វើឲ្យ មានការផ្ទុះឡើងនូវសត្វល្អិតចង្រៃ និងជំងឺច្រើន។
  • សត្វល្អិតបំផ្លាញរុក្ខជាតិ ដោយបានទុកស្នាមរបួសនៅលើសរីរាង្គរុក្ខជាតិធ្វើឲ្យមេរោគងាយ ជ្រៀតចូល។
  • ការបាត់បង់នូវសត្វមានប្រយោជន៍ដូចជា កង្កែប គីង្គក់ ពីងពាង។ល។
  • ការប្រើខុសរបៀប ជាពិសេសការប្រើជីគីមីច្រើនពេកដូចជា ជីស (ជីអ៊ុយរ៉េ) បង្កលក្ខណៈឲ្យ

ដំណាំដុះលូតលាស់ល្អពេកដែលអាចអូសទាញឲ្យសត្វល្អិតបំផ្លាញដែរ។

  • ដីខ្វះជីជាតិបង្កឲ្យដំណាំដុះលូតលាស់មិនបានល្អ ងាយស្រួលការបំផ្លាញ។
  • ដីមានភាពជាំទឹកច្រើនពេក ក៏បង្កឲ្យដំណាំលូតលាស់មិនបានល្អ ងាយស្រួលទទួលការ បំផ្លាញពីកត្តាចង្រៃ។

១.៣ វិធានការកំចាត់

ការកើនឡើងនៃសត្រូវរបស់ដំណាំ ជាបញ្ហាយ៉ាងធ្ងន់ធ្ងរក្នុងវិស័យកសិកម្ម​បច្ចុប្បន្ន​នេះ។ ថ្វីបើកសិករបានប្រើប្រាស់ថ្នាំគីមីសម្រាប់កំចាត់វាក៏ដោយ ប៉ុន្តែបញ្ហានៅតែពុំទាន់បានដោះ​ស្រាយរួច ជាងនេះទៅទៀត ស្ថានភាពកាន់តែដុនដាបឡើងៗ។ ការការពារជានិច្ចជាកាលតែងតែ​មាន​តម្លៃ​ថោកជាង និងមានប្រសិទ្ធភាពជាងការព្យាបាល។ សត្រូវរបស់ដំណាំជាទូទៅ វាសញ្ញា​មួយបង្ហាញឲ្យដឹង មានបញ្ហាផ្សេងៗដទៃទៀតកើតឡើង សត្វល្អិតភាគច្រើនមានប្រយោជន៍​ណាស់នៅក្នុងធម្មជាតិ ប្រសិនបើចំនួនសត្វល្អិតកើនឡើងហើយក្លាយជាកត្តាចង្រៃចំពោះ​ដំណាំ​នោះ វាបង្ហាញឲ្យដឹងថាមានតុល្យភាពគ្នារវាងសត្វល្អិតមានប្រយោជន៍ និងកត្តាចង្រៃ​ដែល​ត្រូវ​ការកែសំរួល។

មានវិធានការជាច្រើនព្រមទាំងមានក្លិនក្រអូប​ និងការធ្វើឲ្យដីមានជីជាតិល្អ។ សត្វល្អិតមានប្រយោជន៍ វាកើតមាននៅក្នុងធម្មជាតិស្រាប់ដូចជា ពីងពាងគ្រប់ប្រភេទ កន្ទុំរុយ ស្រឹងទឹក កន្ដូបអង់តែងវែង អណ្ដើកមាស។ល។ សត្វមានប្រយោជន៍ទាំងនេះ វាស៊ីពងដង្កូវ ដង្កូវ និង កូនសត្វល្អិតចង្រៃផ្សេងៗ។

ការស្វែងយល់ពីសុខភាពដំណាំ និងសត្រូវបំផ្លាញដំណាំ អាចជួយកសិករឲ្យជ្រើសរើសវិធានការណ៍ការពារដំណាំដ៏សមស្រប និងមានប្រសិទ្ធភាព ដោយមិនចំណាយថវិកា មិនប៉ះពាល់ដល់សុខភាព និងបរិស្ថានសង្គម។ មានវិធានការណ៍ជាច្រើនដែលកសិករគួរយល់ដឹងនិងប្រើប្រាស់ដើម្បីកំចាត់សត្រូវរបស់ដំណាំមានដូចខាងក្រោម៖

១.៣.១ វិធានការដាំដុះ

          ជាវិធានការដ៏សាមញ្ញ ដែលកសិករអាចធ្វើទៅបាន ដោយមិនប្រើប្រាស់សារធាតុពុល និងមិនចំណាយថវិកាច្រើន។ក.ការដាំដំណាំបង្វិល

        ដំណាំដែលជាប្រភេទដូចគ្នាមិនគួរដាំនៅលើក្បាលដីជាប់គ្នាទេ​ ហើយក៏មិនត្រូវដាំនៅកន្លែង

ដូចគ្នា​ សម្រាប់រដូវ២បន្តបន្ទាប់ដែរ។ ដំណាំឬសខ្លី​និងដំណាំឬសវែង ដែលចូលចិត្តពន្លឺព្រះអាទិត្យ​និងដំណាំដែលចូលចិត្តម្លប់ ដំណាំខ្ពស់និងដំណាំទាប ជានិច្ចកាលត្រូវបានដាំជាមួយគ្នាទៅតាមសេចក្តីត្រូវការទឹកសារធាតុចិញ្ចឹម និងចន្លោះដីទំនេរ​ ហើយដំណាំទាំងនេះអាចជួយធ្វើឲ្យសត្វល្អិតចង្រៃមិនហ៊ានចូលមកជិតឬច្រឡំកន្លែង។

ខ.​​ ដាំដំណាំបណ្តេញ (ដំណាំគ្រឿងទេស និងមានក្លិនក្រអូប )

          ដំណាំដែលមានក្លិនក្រអូបឈូលនៅលើស្លឹក​ ដើម ផ្កា ឫស មើម។ល។ ជាដំណាំដែលគេយកទៅ​ធ្វើថ្នាំ​ និងធ្វើឲ្យសត្វល្អិត​មិនហ៊ានចូលជិត។ ការដាំជីអង្កាម ជីនាងវង​​​ ស្លឹកគ្រៃ​ ផ្កាស្បៃរឿង រំដេង ខ្ញី ខ្ទឹមបារាំង។ល។​នៅចន្លោះដំណាំមានសារៈសំខាន់ក្នុងការការពារមិនឲ្យសត្វល្អិតចង្រៃចូលមកជិត។

គ. ការដាំដំណាំអន្ទាក់

          មធ្យោបាយនេះ មានន័យថា គេដាំដំណាំមួយមុខផ្សេងទៀតនៅក្នុងចំការ​​ ដើម្បីទាក់ទាញសត្វល្អិតចង្រៃឲ្យចេញឆ្ងាយពីមុខដំណាំ ដែលគេចង់ដាំបានផលសម្រាប់បរិភោគ​ ឬក៏លក់ដូរនៅទីផ្សារ ឧទាហរណ៍ គេដាំដំណាំស្ពៃខៀវជាងស្ពៃក្តោប។

ឃ. ការជ្រើសរើសគ្រាប់ពូជ

          ជំងឺជាធម្មតាកើតឡើងដោយសារគ្រាប់ពូជមិនល្អ។ ការជ្រើសរើសគ្រាប់ពូជដាំបានល្អ​ យើងអាចកាត់បន្ថយជំងឺក្នុងវិសាលភាពមួយយ៉ាងធំ។ ជំងឺខ្លះកើតឡើងដោយសារដីមានជំងឹស្រាប់​ ឬដីខ្សត់​ជីជាតិ។ ដីដែលមានខ្យល់ចេញចូលល្អ ពោលគឺ ដីធូរ និងការដាក់ជីកំប៉ុស្ត​​ ជីបៃតង ( ជីស្រស់​ )អាចធ្វើឲ្យដីមានជីជាតិឡើងវិញ។ ការជ្រើសរើសគ្រាប់ពូជដែលធន់នឹងជំងឺគឺជាកត្តាមួយសំខាន់បំផុតដើម្បីជៀសវាងការកើតជំងឺ។

ង.​ការសម្អាតគ្រាប់ពូជមុនពេលដាំ

ការសំអាតគ្រាប់ដោយលាយជាមួយទឹកនោមគោ​ លាមករាវ។ល។​​ ឬក៏សំដិលហាលថ្ងៃរយៈពេល​២ឬ៣ម៉ោងមុនពេល​​យកទៅដាំអាចធ្វើឲ្យគ្រាប់មានកំលាំងក្នុងការដុះលូតលាស់។​កូនដំណាំដុះលូតលាស់ល្អ​ពុំសូវមានការបំផ្លាញពីសត្វល្អិត។

        ច.  ការភ្ជួររាស់ដី

ការភ្ជួររាស់ដីមានសារៈសំខាន់ណាស់ក្នុងការកំចាត់ជំងឺសត្វល្អិត ណេម៉ាតូត ​និង​ជាពិសេសកំចាត់ស្មៅចង្រៃដែលជាជំរកសត្វល្អិត និងជំងឺ។ មានសត្វល្អិតខ្លះ​រស់នៅក្នុងដីនៅដំណាក់កាលដង្កូវ​ ឬជាដុកឌឿ ហើយក៏មានភ្នាក់ងារជាច្រើនដែលរស់នៅជាជីវិតក្រាំងក្នុងដី។ ប្រភេទភ្នាក់ងារចង្រៃមួយចំនួនបានបន្សល់ទុកនូវការលូតលាស់របស់វានៅក្នុងដី អាចត្រូវបានកំចាត់យ៉ាងងាយស្រួលបំផុតនៅពេលដែលគេភ្ជួរដី។

ឆ.​ការប្រើជីធ្វើឲ្យដី និងដំណាំមានសុខភាពល្អ

          ជីមានឥទ្ធិពលទៅលើការបំផ្លាញរបស់សត្វល្អិត និងជំងឹ។​ រុក្ខជាតិដែលមានកំលាំងលូតលាស់ខ្លាំង អាចធន់ឬទប់ទល់នូវការបំផ្លាញរបស់សត្វល្អិត​និងជំងឹបាន។​​ ផ្ទុយទៅវិញ​ដំណាំដែលលូតលាស់មិនល្អ​ តែងតែទទួលរងការរាតត្បាតពីសត្វល្អិត​ និងជំងឺ។ ជីដែលល្អសម្រាប់ឲ្យដី​ និងដំណាំមានសុខភាពល្អ​ គឺជាប្រភេទជីធម្មជាតិមានដូចជា ជីកំប៉ុស្ត ជីបៃតងស្រស់ ជីលាមកសត្វពុកផុយ។ល។​ ការប្រើប្រាស់ជីសរីរាង្គជាវិធីមួយអាចជួយកាត់បន្ថយកត្តាចង្រៃដូចជា៖

  • បង្កើនចំនួនអតិសុខុមកាយ និងសកម្មភាពនៅក្នុងដីនោះ​ អាចបន្ថយចំនួនភ្នាក់ងារបង្ករោគ និងជំងឹផ្សិត
  • ធ្វើឲ្យមានស្ថេរភាពទំរង់ដី ដែលធ្វើឲ្យប្រសើរឡើងដោយមានខ្យល់ចេញចូល និងការជ្រាបទឹកបានល្អ
  • ផ្តល់សារធាតុ​ជំនួយដល់ដំណាំអាចការពារខ្លួនបាន។

ជ.ការដាំដុះទាន់ពេលវេលា និងការដាំតាមចន្លោះគុម្ពត្រឹមត្រូវ

ការកំណត់ពេលវេលាដាំដុះញឹកញាប់​ អាចជៀសវាងការបំផ្លាញដោយសត្វល្អិតចង្រៃ។​ ការ

ជ្រើសរើសពូជដាំឲ្យចំពេលចំរដូវកាលមានសារៈសំខាន់ណាស់​ ដែលអាចកែប្រែមិនឲ្យស្របពេលគ្នា រវាងដំណាក់កាលលូតលាស់របស់ដំណាំដែលឆាប់ទទួលការរាតត្បាត​ និងដំណាក់កាលបំផ្លាញរបស់សត្វចង្រៃ​​ ឬកត្តាចង្រៃ។ តាមធម្មតា វាមានកំឡុងពេលកំណត់មួយដែលសត្វល្អិតភាគច្រើនពងជាអតិបរមាប្រសិនបើមានជំរកត្រឹមត្រូវ  គឺនៅចំពេលដែលដំណាក់កាលដំណាំឆាប់ទទួលការរាតត្បាតមានលក្ខណៈអំណោយផលចំពោះសត្វល្អិតទាំងនោះ។ ម្យ៉ាងទៀត យើងគួរទុកចន្លោះគុម្ពដំណាំមួយទៅមួយ​ឲ្យបានសមស្រប ដើម្បីបន្ថយការរាលដាលរបស់ជំងឺ​ ដោយសារមានខ្យល់ចេញចូលបានល្អ និងមានពន្លឺគ្រប់គ្រាន់ធ្វើឲ្យស្លឹកដំណាំងាយស្ងួត​ដែលអាចជៀសផុតពីការលាក់បំពួនការលូតលាស់របស់ភ្នាក់ងារបង្កជំងឺ និងរោគឆ្លង។

. ការគ្រប់គ្រងទឹក

        គោលបំណងសំខាន់នៃការគ្រប់គ្រងទឹក​ គឺលៃយ៉ាងណាកុំឲ្យដីស្ងួតពេក​​ និងកុំឲ្យមានទឹកដក់ជាប់​ ឬជាំពេក។​ បរិមាណទឹកដែលយើងត្រូវប្រើប្រាស់ស្រោចលើដំណាំ អាស្រ័យលើប្រភេទដំណាំ    រដូវកាល​ និងលក្ខណៈធម្មជាតិរបស់ដី។​ ការគ្រប់គ្រងទឹកបានល្អ ជួយកាត់បន្ថយការបំផ្លាញពីសត្វល្អិត​ និងជំងឺបានយ៉ាងប្រសើរ។

. ការធ្វើអនាម័យមិនឲ្យឆាប់រាលដាល

          នៅពេលសង្កេតឃើញមានការបំផ្លាញពីសត្វល្អិត​ និងជំងឺនៅលើដំណាំ​ ត្រូវកាត់​ឬបេះយកផ្នែកដែលបំផ្លាញចេញ (​ស្លឹក​ ផ្លែ​ មែក ​។ល។) ពីចំការ​ដើម្បីការពារ​រាលដាលនៃជំងឺ និងយកកាកសំណល់ដំណាំមានជំងឺចេញបន្ទាប់ពីប្រមូលផលហើយ។​ ការរក្សាទុកស្មៅចង្រៃច្រើននៅក្នុងចំការ​ ឬនៅក្នុងស្រែដែលជាជំរករបស់សត្វល្អិតចង្រៃនិងជំងឹ ធ្វើឲ្យសត្វល្អិតបង្កបង្កើតកូនចៅច្រើននៅក្នុងជំរករបស់វា​ ដែលធ្វើឲ្យមានការរាតត្បាតដល់ដំណាំ។

.ការជ្រើសរើសពូជធន់និងមានសុខភាពល្អ

ការជ្រើសរើសពូជដំណាំដែលធន់​និងស៊ាំ និងលក្ខខណ្ឌបរិស្ថាន​ ដូចជា កំដៅ​ ជីជាតិដី​​ កត្តាចង្រៃ និងជំងឺ ជាកត្តាមួយសំខាន់បំផុត អាចឲ្យដំណាំដុះលូតលាស់​ និងមានសុខភាពល្អ អាចទប់ទល់ពីការបំផ្លាញរបស់សត្វល្អិត និងជំងឺ។ ជាទូទៅជំងឺកើត​ឡើងដោយសារគ្រាប់ពូជមិនល្អ។ ការជ្រើសរើសគ្រាប់ពូជនិងកូនដំណាំឲ្យបានប្រុងប្រយ័ត្ន អាចកាត់បន្ថយជំងឺក្នុងវិសាលភាពមួយដ៏ធំ។ ​ដើម្បីធា​នា​ថាយើងបានពូជល្អមកដាំបន្ត​ គឺយើងត្រូវជ្រើសរើសនិង​ទុកដាក់ពូជដោយខ្លួនឯង​ឬសហការជា​មួយ​កសិករក្នុងភូមិ។

..វិធានការណ៍មេកានិច

.អន្ទាក់អង្កប់ និងរបាំង

ប្រដាប់ការពារនេះ អាចធ្វើឲ្យចំនួនសត្វល្អិតចង្រៃថយចុះ។ ជាទូទៅបរិមាណដ៏ច្រើននៃកត្តាចង្រៃដូចជា កណ្តុរ សត្វស្លាប ស្រមោច ខ្យង ដង្កូវកាត់ស្លឹក។ល។ ភ្នាក់ងារចង្រៃមួយចំនួនដែលបានបន្សល់ទុកនូវការលូតលាស់របស់វានៅក្នុងដី អាចត្រូវបានកំចាត់យ៉ាងងាយស្រួលបំផុតនៅពេលដែល​

គេភ្ជួរដី។

 

.ការរុំការពារផ្លែ

          ដើម្បីការពារផ្លែឈើទុំមួយចំនួនពីការបំផ្លាញរបស់សត្វល្អិត​ ឬពីការពងដាក់របស់មេអំបៅ ឬ

រុយគេប្រើស្បោង ក្រណាត់ ក្រដាសរុំការពារពីខាងក្រៅ។

.ការប្រើអន្ទាក់ភ្លើង

          ការប្រើអន្ទាក់ភ្លើងនៅពេលសត្វចង្រៃកើតឡើងខ្លាំង​  គឺអាចកាត់បន្ថយបរិមាណសត្វល្អិតបានយ៉ាងច្រើន (ឧទាហរណ៍​​ សត្វមមាច មេអំបៅ និងដង្កូវស៊ីរូងដើមស្រូវ)។

. ការកំចាត់ដោយដៃ

ការកំចាត់សត្វល្អិតចង្រៃទៅតាមដំណាក់កាលលូតលាស់របស់វាដោយដៃគឺជាវិធីសាស្រ្តអនុវត្តយ៉ាងសំខាន់ និងមានប្រសិទ្ធភាព ពីព្រោះវាមិនប៉ះពាល់ដល់សុខភាព​​​ និងបរិស្ថាន។

..​ ​​ វិធានការណ៍ជីវសាស្រ្ត

វិធានការនេះ​​ សំដៅលើសត្វល្អិតមានប្រយោជន៍ដែលមាននៅក្នុងធម្មជាតិ។  សត្វល្អិតមានប្រយោជន៍ទាំងនេះវាជួយស៊ីសត្វចង្រៃបំផ្លាញដំណាំនៅក្នុងចំការរបស់យើង។ ឧទាហរណ៍ អណ្តើក​មាស កណ្តូបអង់តែនវែង​ ស្រឹងគោក​ ពីងពាង។ល។

សត្វល្អិតមានប្រយោជន៍ទាំងនោះមានប្រសិទ្ធភាពឋិតថេរ​ មិនធ្វើឲ្យពុលដល់សត្វ រុក្ខជាតិ  និងមនុស្ស​ ហើយក៏មិនមានឥទ្ធិពលអាក្រក់ទៅលើបរិស្ថាន។ ដូច្នេះ យើងត្រូវផ្តល់ជំរករស់នៅ និងបន្តពូជដល់សត្វល្អិតទាំងនោះ ដោយដាំដំណាំឲ្យបានច្រើនមុខនៅក្នុងចំការ និងជៀសវាងការប្រើសារធាតុគីមី (ថ្នាំពុលការពារដំណាំ)។

សត្វមានប្រយោជន៍ដែលជាមិត្តរបស់ដំណាំស្រូវ

សហគមន៍សម្បូរសប្បាយ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។