ដំណាំស្រូវ តែងជួបប្រទះការបំផ្លាញដោយស្រឹងជញ្ជក់ទឹកដោះ ជាពិសេស នៅវគ្គស្រូវដាក់ទឹកដោះ។ដូច្នេះយើងគួរដឹងអំពីវដ្តជីវិត រោគសញ្ញា ការបំផ្លាញ និងវិធានការណ៍ការពារមួយចំនួនដើម្បីទប់ទល់ទៅលើវា។
១.វដ្តជីវិត ស្រឹងពេញវ័យតែងតែមានពណ៌ត្នោត ដងខ្លួនរបស់វារាងទ្រវែង ហើយមានជើងវែង និងអង់តែនក៏វែងដែរ។ ពងរបស់វារៀបគ្នាជាជួរស្ថិតនៅលើស្លឹក និងកួររបស់ស្រូវ។ សត្វស្រឹងមានក្លិនពិបាកទ្រាំណាស់ ព្រោះក្លិនរបស់វាឆ្អេះឆ្អាបខ្លាំង។ មេស្រឹង១ក្បាលពងបានពី១០-២០ ក្នុងមួយលើកៗ។ ជាទូទៅ កូនស្រឹងទើបញាស់មានពណ៌បៃតងខ្ចី និងមេចំណាស់របស់វា មានរាងទ្រវែងពណ៌បៃតងចាស់នៅផ្នែកខាងក្រោម និងផ្នែកខាងលើមានពណ៌បៃតងត្នោត។
២.រោគសញ្ញាបំផ្លាញ ជាទូទៅសត្វស្រឹងជញ្ជក់ទឹកដោះ វាចាប់ផ្តើមបំផ្លាញនៅពេលព្រឹកព្រលឹម និងពេលថ្ងៃរសៀលជាពិសេសនៅ ពេលមេឃត្រជាក់។ ការបំផ្លាញវាធ្វើឲ្យគ្រាប់ស្រូវស្កក ហើយនៅលើគ្រាប់ស្រូវ យើងអាចសង្កេតឃើញស្នាមបំផ្លាញរបស់វាដូចគេយកម្ជុលមកចាក់ ហើយតាមស្នាមនោះមានពណ៌អុចខ្មៅ។
៣.លក្ខណៈបំផ្លាញ កូនទើបញាស់វា បឺតជញ្ជក់រុក្ខរសដើមស្រូវនិងស្លឹកស្រូវ។ មេចំណាស់របស់វា ស៊ីបំផ្លាញដោយចុចជញ្ជក់គ្រាប់ស្រូវនៅដំណាក់កាលដាក់ទឹកដោះ ត្រង់ថ្នេរប្រសព្វរវាងសំបកខ្នង និងសំបកពោះ ធ្វើឲ្យគ្រាប់ស្រូវមិនអាចដាក់គ្រាប់ពេញ ។ បើសិនសិនណាវាបំផ្លាញនៅដំណាក់កាលដាក់ម្សៅ គឺវាមិនអាចធ្វើឲ្យប៉ះពាល់ដល់ទិន្នផលស្រូវទេ តែវាអាចធ្វើឲ្យគ្រាប់អង្ករខូចគុណភាព។
៤.វិធានការណ៍ការពារ និងទប់ស្កាត់ចាំបាច់មួយចំនួន
- ប្រើស្បៃមុងអូស ដោយដើរតាមទទឹងស្រែយឺតៗ ហើយឲ្យស្បៃមុងប៉ះជាមួយចុងស្រូវ ដើម្បីបង្អើល បង្អើលឲ្យស្រឹងហើរចូលទៅក្នុងមុង។ បន្ទាប់មក យើងអាចប្រមូលសត្វស្រឹង ដែលនៅក្នុងមុងទៅ បុកលាយជាមួយនឹងទឹកសាប៊ូ រួចហើយបាញ់ទៅលើស្រែវិញ
- យកសំបកកង់ឡានគ្រប់ប្រភេទ ដុតបង្ហុយជុំវិញស្រែដោយឈរនៅខាងលើទិសខ្យល់បក់ ដើម្បីបណ្តេញសត្វស្រឹងឲ្យហើរចេញ
- យកសាប៊ូក្រអូបលាយជាមួយទឹកបាញ់ទៅលើស្រូវ
- យកម្ទេសហិល ១ កំប៉ុងទឹកដោះគោ បុកលាយជាមួយទឹក ១៧លីត្រ បាញ់ទៅលើស្រូវ
- យករបស់ដែលមានក្លិនស្អុយ ឆ្អេះ ឆ្អាប ទៅចងព្យួរក្នុងស្រែ ដើម្បីទាក់ទាញវាអោយទៅស៊ីរបស់ទាំងនោះដូចជា មាន់ងាប់ ក្បាលត្រី។ល។
ប្រភព លឹម សុគន្ធដារុណ (អង្គការសេដាក) សត្វល្អិតបំផ្លាញដំណាំស្រូវសំខាន់ៗ ២០០៨