Home / កសិកម្ម / សួនដំណាំជាលក្ខណៈគ្រួសារ (ភាគ ៨)

សួនដំណាំជាលក្ខណៈគ្រួសារ (ភាគ ៨)

  • ២.១០. ​ការធ្វើជីទឹកផ្សំពីរុក្ខជាតិ

          នៅប្រទេសកូរ៉េ គេមានបទពិសោធន៍ល្អៗច្រើនទាក់ទងទៅនឹងបចេ្ចកទេសកសិកម្មធម្មជាតិ ជាពិសេស​​របៀបធ្វើជីធម្មជាតិ។ នៅពេលនេះ យើងខ្ញុំសូមលើកយកបច្ចេកទេសមួយមកបង្ហាញប្រជាកសិករខ្មែរដើម្បីធ្វើការសាកល្បង គឺមានឈ្មោះថា «មេជីទឹករុក្ខជាតិ»។ វត្ថុធាតុដើមសម្រាប់ផ្សំធ្វើមេជីនេះ គឺជាផ្នែកផ្សេងរបស់រុក្ខជាតិ មានដូចជា ត្រួយស្លឹក​រុក្ខជាតិផ្សេងៗ ពិសេសរុក្ខជាតិដែលដុះលឿន ក្តឹបផ្លែឈើ ឬបន្លែផ្សេងៗ។ ផ្នែកផ្សេងៗរបស់រុក្ខជាតិ គួរតែបេះវានៅមុនពេលថ្ងៃលិច។ បន្ទាប់ពីប្រមូលបាននូវផ្នែកផ្សេង​ៗរបស់រុក្ខជាតិ ហើយគេយកវាមកលាយបញ្ចូលគ្នាជាមួយ ស្ករត្នោត ​​ដោយបរិមាណស្ករមានចំនួនប្រមាណ​១ភាគ៣ ឬ១ភាគ២ នៃបរិមាណរុក្ខជាតិ មានន័យថា បើរុក្ខជាតិមានទម្ងន់​១គីឡូក្រាម​ ទម្ងន់ស្ករ គឺអាចពី​៣ខាំ ទៅ ៥ខាំ។ សូមបញ្ជាក់ថា​ ត្រួយរុក្ខជាតិ ឬក្តិបរុក្ខជាតិ មិនត្រូវលាងទឹកទេ មុននឹងលាយជាមួយស្ករ។ បន្ទាប់ពីលាយរួចហើយយកសារធាតុទាំងនោះទៅញាត់ចូលឱ្យពេញក្នុងក្រឡ ឬកែវ។ បន្ទាប់មក​ យកដុំថ្មមួយដែលមានទំងន់ប្រហែលត្រួយរុក្ខជាតិដើម្បីសង្កត់ទុកចោលរយៈពេល១ថ្ងៃ។​​ រយៈពេលមួយថ្ងៃមកសារធាតុបាននៅសល់ប្រហែល ២ភាគ៣នៃកែវ ឬក្រឡ។​ នៅពេលនោះគេយកក្រដាសមួយផ្ទាំងទៅចងមាត់កែវ​ ឬក្រឡឱ្យជិត។ យកកែវ ឬក្រឡនេះទៅទុកនៅកន្លែងដែលត្រជាក់ហើយងងឹត។ រយៈពេលប្រហែល៥-១០​ថ្ងៃក្រោយ​មក គេសង្កេតឃើញទឹករុក្ខជាតិបានជ្រាបចេញមក ហើយពណ៌របស់​រុក្ខជាតិប្រែពីបៃតងទៅលឿង ឬ​ត្នោត ហើយមានក្លិនផ្អែម​និងធំក្លិនដូចស្រា។ បន្ទាប់ពីយកកាកសំណល់រុក្ខជាតិចេញអស់។

គេយកទឹកជីទៅរក្សាទុកនៅកន្លែងត្រជាក់ហើយងងឹត។ ​​ទឹកជីនេះគឺអាចរួចរាល់យកទៅប្រើប្រាស់​បានហើយ។​ សំរាប់ការប្រើប្រាស់ គេលាយទឹកមេជីចំនួន​០.២ភាគរយ មានន័យថា​ មេជី២លីត្រ​​ ត្រូវលាយជាមួយទឹកចំនួន ១.០០០លីត្រ ឬមេជីមួយភាគលាយជាមួយទឹកចំនួន ៥០០ភាគ។​ គេអាចប្រើជីនេះដើម្បីស្រោចទៅលើដី​​ដើម្បីជំរុញសកម្មភាពសត្វល្អិតនៅក្នុងដីក៏ដូចជា​ស្រោចទៅលើស្លឹកដំណាំ។

ដើម្បីដឹងថា មេជីរុក្ខជាតិនេះមានប្រសិទ្ធភាពយ៉ាងណានោះ បងប្អូនកសិករអាចធ្វើការសាកល្បងដោយផ្ទាល់មើល កន្លងមកក៏មានកសិករខ្មែរមួយចំនួនបានសាកល្បង ដោយទទួលបាននូវលទ្ធផលគួរឱ្យពេញចិត្តដែរ។

២.១១. ​ការធ្វើជីទឹកផ្សំពីផ្លែឈើ

ខាងក្រោមនេះគឺជាការណែនាំពីការធ្វើ និងប្រើប្រាស់ទឹកជីដែលផ្សំពីផ្លែឈើដែលជាបទពិសោធន៍របស់កសិករនៅកូរ៉េ។

ការធ្វើទឹកជីពីផ្លែឈើមានលក្ខណៈសឹងតែដូចគ្នាជាមួយការធ្វើទឹកជីពីរុក្ខជាតិ។​ចំពោះរបៀបធ្វើនិងប្រើយើងខ្ញុំសូមសង្ខេបជូនដូចខាងក្រោម៖

     ក.វត្ថុធាតុដើម

  • ប្រើប្រាស់ផ្លែឈើទុំផ្អែមជាវត្ថុធាតុដើម ដូចជា ស្វាយ ចេក​​ ល្ហុង ខ្នុរ ។ល។ ផ្លែក្រូចពោធិសាត់ មិនត្រូវបានណែនាំឱ្យប្រើទេ។
  • លាយផ្លែឈើ (សាច់ផ្លែឈើ) ជាមួយស្ករត្នោត ដោយបរិមាណស្ករ និងផ្លែឈើស្មើៗគ្នា(បើផ្លែឈើ ១គីឡូក្រាម យើងគួរប្រើស្ករចំនួន​១ គីឡូក្រាមដែរ)។
  • គេអាចលាយបន្ថែមខ្លះៗនូវពពួកដំឡូង​ដូចជា ដំឡូងមី​ ដំឡូងជ្វា ដំឡូងដៃខ្លា​។ល។

     . របៀបធ្វើ

បន្ទាប់ពីលាយហើយ​ យកសារធាតុទាំងនោះ (ផ្លែឈើ ស្ករ) ទៅញាត់ឱ្យពេញក្រឡ ឬកែវ បន្ទាប់មក​ យកដុំថ្មមួយដុំដែលមានទំងន់ប្រហែលវត្ថុធាតុដើមទៅសង្កត់ទុកចោលរយៈពេល ១ថ្ងៃ។ រយៈពេលមួយថ្ងៃក្រោយមកសារធាតុនៅសល់ប្រហែល ២ភាគ៣ នៃកែវ ឬក្រឡ។ នៅពេលនោះ គេយកក្រដាសមួយផ្ទាំងទៅចងមាត់កែវក្រឡឱ្យជិត។ ​យកកែវ​ ឬក្រឡនេះ ទៅទុកនៅកន្លែងត្រជាក់ ឬងងឹត។រយៈពេលប្រហែល ៥-១០ថ្ងៃក្រោយមក​ គេសង្កេតឃើញទឹកផ្លែឈើហូរចេញមក ហើយមានក្លិនផ្អែម និងធំក្លិនដូចស្រា។ បន្ទាប់ពីយកកាកសំណល់ផ្លែឈើចេញអស់ គេយកទឹកជីនេះទៅរក្សាទុកនៅកន្លែងត្រជាក់ ហើយងងឹត។ ទឹកជីនេះគឺ រួចរាល់សំរាប់ប្រើប្រាស់បានហើយ។

គ. ការប្រើប្រាស់

លាយទឹកជី ១លីត្រជាមួយនឹងទឹក​ ១.០០០លីត្រ សម្រាប់បាញ់ទៅលើដីស្រែចំការ និងលើស្លឹករុក្ខជាតិ​។ ទឹកជីនេះក៏ប្រើសម្រាប់ស្រោចទៅលើលាមកសត្វនិងជីកំប៉ុស្ត ដើម្បីជួយជំរុញឱ្យមានការឆាប់កាច់ ឬពុកផុយបានលឿនល្អ។

២.១២. របៀបផលិត និងថែរក្សាគ្រាប់ពូជបន្លែ ដោយខ្លួនឯង

ក្នុងការដាំដុះ កសិករភាគច្រើនបានទិញគ្រាប់ពូជពីទីផ្សារមកដាំដែលមានតម្លៃថ្លៃ។ ប៉ុន្តែជួន​កា​ល គ្រាប់ពូជទាំងនោះច្រើនមិនសូវមានគុណភាពល្អ កំរិតដុះទាប និងអាចនាំមកនូវជំងឺផ្សេងៗមកជាមួយផង​។ល។ អាស្រ័យដោយការទិញគ្រាប់ពូជដែលមានគុណភាពអន់នេះហើយ ដែលធ្វើឱ្យការដាំដុះទទួលបរាជ័យ។​ ដូច្នេះដើម្បីចៀសវាងនូវបញ្ហាខាងលើ បងប្អូនកសិករត្រូវចេះដាំ​និងថែរក្សាគ្រាប់ពូជដោយខ្លួនឯង​។​ ខាងក្រោមនេះជាយោបល់ណែនាំខ្លះៗ ដើម្បីជាជំនួយដល់បងប្អូនកសិករ​ក្នុងការផលិត និងទុកដាក់គ្រាប់ពូជដោយខ្លួនឯង៖

ដំណាក់កាលទី១.  ត្រូវពិនិត្យរកមើល តើដើមឬគុម្ពមួយណា ដែលយើងជ្រើសរើសធ្វើពូជ ហើយដាក់សញ្ញាដំណាំដើម្បីចៀសវាងការច្រឡំ ឬប្រមូលផល។

រីឯការជ្រើសរើស​​ ត្រូវអនុវត្តតាមកត្តាខាងក្រោម៖

  • ជាដំបូងយើងត្រូវជ្រើសរើសដើមណា ដែលមានសុខ​ភាពល្អ (គ្មានសត្វល្អិត និងជំងឺបំផ្លាញ)
  • ក្នុងចំណោមដើមដែលមានសុខភាពល្អ យើងត្រូវជ្រើសរើសដើមណាដែលឱ្យទិន្នផលល្អ (ទំហំ ទ្រង់​ទ្រាយ និងពណ៌ល្អ)។

         ដំណាក់កាលទី២. ក្នុងចំណោមដើមដែលមានសុខ

ភាព និងឱ្យផលល្អ យើងត្រូវជ្រើសរើសផ្លែណាដែលមានរូបរាងល្អ។ យកល្អជៀសវាងកុំបេះផ្លែទី១ គឺចាំបេះផ្លែទី២ឬទី៣ពីព្រោះយើងត្រូវចាំមើលសិន​ តើដើមនោះអាចផ្តល់ផ្លែល្អបានច្រើនឬទេ​និងលូតលាស់បានល្អឬទេ។ ជួនកាលដើមខ្លះមានតែផ្លែដំបូងល្អ ប៉ុន្តែផ្លែក្រោយៗសុទ្ធតែអន់ ​ឬដើមជួបនូវការបំផ្លាញផ្សេងៗ។ ​នៅពេលផ្លែ ដែលយើងបាន​ជ្រើសរើសនោះទុំ​ល្អហើយ គឺត្រូវបេះទុក តែបេះនៅពេលដែលមេឃស្រឡះល្អ ជៀសវាងបេះនៅពេលមានភ្លៀង។

ដំណាក់កាលទី៣.  ផ្លែដែលបេះបាន គឺត្រូវប្រឡេះយកគ្រាប់ហាលថ្ងៃឱ្យស្ងួតយ៉ាងឆាប់រហ័ស។ គ្រាប់ខ្លះត្រូវលាងទឹកជាមុនសិន (ឧទាហរណ៍ដូចជា ប៉េងប៉ោះ​ ល្ហុង….។ល។) មុននឹងហាល។ ការហាលនេះ គឺដើម្បីឱ្យគ្រាប់មានគុណភាពល្អគ្មានជំងឺ។ ការហាលត្រូវហាលក្រោមពន្លឺព្រះអាទិត្យ នៅពេលព្រឹក​​​ រហូតដល់ថ្ងៃជិតត្រង់។ ការហាលចោលនៅពេលថ្ងៃត្រង់ និងថ្ងៃរសៀលមិនល្អទេ ពីព្រោះវាក្តៅពេក ហើយអាចបណ្តាលឱ្យ​ប៉ះពាល់ដល់ជីវិតរបស់គ្រាប់។ បទពិសោធន៍កន្លងមក​ គេច្រើនចំណាយពេលហាលពី ៣ ទៅ ៥​ម៉ោងនៅពេលព្រឹក។សូមបញ្ជាក់ផងដែរ ការហាលគឺធ្វើយ៉ាងណាឱ្យមានខ្យល់ចេញចូលបានល្អ។ បន្ទាប់​ពី​​ហាល គ្រាប់ស្ងួតល្មមហើយ ត្រូវសំអាតឱ្យស្អាតដោយរើសគ្រាប់ខូចចោល យកតែគ្រាប់ល្អៗតែប៉ុណ្ណោះ​។

ដំណាក់កាលទី៤.   យើងត្រូវយកគ្រាប់ពូជទុកដាក់នៅកន្លែងស្អាត ស្ងួត ងងឹត និងមានកំដៅទាប(ត្រជាក់)។ ក្នុងការទុកដាក់គ្រាប់ពូជត្រូវរក្សាទុកក្នុងដប ឬប្រដាប់ច្រកដែលគ្មានខ្យល់ចូល។ គ្រាប់ត្រូវរក្សាទុក​ដោយលាយជាមួយសារធាតុមួយចំនួន ដែលអាចជួយស្រូបសំណើម និងជួយបណ្តេញខ្មួត។សារធាតុទាំងនោះមានដូចជា ផេះស្ងួត ធ្យូងស្ងួត។

ដំណាក់កាលទី៥.  ប្រសិនបើយើងត្រូវការទុកគ្រាប់ពូជយួរ គឺយកល្អយើងឧស្សាហ៍ចាក់គ្រាប់ពូជចេញ ដើម្បីយកមកហាល ហើយឧស្សាហ៍ប្តូរផេះ ឬធ្យូងដែលដាក់លាយជាមួយគ្រាប់ពូជនោះ។ រយៈពេលហាលម្តងៗ គឺមួយព្រឹកគ្រប់គ្រាន់ហើយ។

ដំណាក់កាលទី៦.   ត្រូវបិទផ្លាកលើដប​ឬកំប៉ុង ដើម្បីងាយស្រួលក្នុងការចំណាំទុក។ អ្វីដែលគួរសរសេរលើល្លាកនោះមាន ​ឈ្មោះដំណាំ ឬឈ្មោះពូជ​ ថ្ងៃ-ខែ-ឆ្នាំ នៃការប្រមូលផល កន្លែងដែលប្រមូលផល អ្នកដែលប្រមូលផល។

ដូច្នេះ បងប្អូនកសិករគួរអនុវត្តនូវដំណាក់កាលទាំង ៦​ខាងលើនេះឱ្យបានល្អ ដើម្បីថែរក្សាទុកគ្រាប់ពូជដោយខ្លួនឯងសំរាប់ដាំនៅរដូវក្រោយទៀត។

បណ្ឌិត យ៉ង សាំងកុមារ និង ពាន សុខា

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។